ភ្នំពេញ ៖ គិតត្រឹមរយៈពេល ៤ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ១,៤ ពាន់លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តរជាតិ ដែលចំនួននេះប្រហាក់ប្រហែលទៅនឹងការនាំចេញរយៈពេលពេញមួយឆ្នាំ២០២៥ ។
យោងតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជាចេញផ្សាយថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានបង្ហាញអំពីតួលេខនៃការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តរជាតិរយៈពេល ៤ខែដំបូង ដើមឆ្នាំ ២០២៦ មានចំនួនសរុប ៨៣១ ១៧៩ តោន ដែលអាចបង្កើតចំណូលបានប្រមាណជា ១,៤ពាន់លានដុល្លារ កើនឡើង ២៤.១៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានមានប្រសាសន៍ថា ទោះជាមានការព្រួយបារម្ភពីការធ្លាក់ចុះនៃទិន្នផលគ្រាប់ស្វាយចន្ទីនៅដំណាក់កាលដំបូងសម្រាប់ដើមឆ្នាំ២០២៦ បង្កឡើងដោយការប្រែប្រួលអាកាសធាតុក៏ដោយ ប៉ុន្តែការប្រមូលផលជាក់ស្តែងបានកើនឡើងគួរជាទីមោទនៈ។
លោកបញ្ជាក់ថា ៖
«តាមការពិនិត្យជាក់ស្តែងយើងបានឃើញខេត្តមួយចំនួនពិតជារងផលប៉ះពាល់អំពីការប្រែប្រួលអាកាសធាតុនេះ ប៉ុន្តែសម្រាប់ខេត្តដែលមានសក្តានុពលស្វាយចន្ទី ដូចជា ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី មានការកើនឡើងខ្ពស់ជាងបណ្តាឆ្នាំមុនៗទៅវិញ និងមានតម្លៃខ្ពស់ជាងឆ្នាំមុនដល់ទៅជាង ២០%»។
កំណើននេះ កើនឡើងចំពេលកម្ពុជាជួបបញ្ហាប្រឈមទៅនឹងអាកាសធាតុរួមមាន អាកាសធាតុត្រជាក់អូសបន្លាយ ភ្លៀងកក់ខែ និងកម្ដៅខ្លាំងលើសពី ៤០អង្សាសេ ដែលបង្កឱ្យមានក្ដីព្រួយបារម្ភក្នុងចំណោមអ្នកជំនាញឧស្សាហកម្ម និងកសិករជាម្ចាស់ស្វាយចន្ទីពីការធ្លាក់ចុះទិន្នផល និងគុណភាពថែមទៀត។ យ៉ាងណាក៏ដោយ បើទោះបីជាមានការចាប់ផ្ដើមដ៏ល្អក្នុងឆ្នាំនេះក៏ដោយ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានដាស់តឿនឱ្យកសិករមានការប្រុងប្រយ័ត្នចំពោះបញ្ហាអាកាសធាតុដែលកំពុងមានការប្រែប្រួល។

លោកបានកត់សម្គាល់ថា ៖
«ទោះបីជាសកម្មភាពក្នុងត្រីមាសទី១ មានការកើនឡើងក៏ដោយ ប៉ុន្តែវាជាពេលវេលាដែលពិបាកប៉ាន់ស្មានក្នុងការកំណត់ ថាតើនិន្នាការកើនឡើងនេះនឹងបន្តពេញមួយឆ្នាំ ឬយ៉ាងណា? ដោយសារភាពមិនច្បាស់លាស់នៃអាកាសធាតុ»។
សូមជម្រាបថា លទ្ធផលនៃទិន្នផលដែលទទួលបានខាងលើនេះ កើតចេញពីកិច្ចខិតខំ និងការគាំទ្រពីរាជរដ្ឋាភិបាល តាមរយៈ ក្រសួងកសិកម្ម រុក្ឋាប្រមាញ់ និងនេសាទ ដែលបានដាក់ពង្រាយមន្ត្រីជំនាញកសិកម្មឃុំចុះជួយកសិករដោយផ្ទាល់ ខណៈដែលមន្ត្រីទាំងនោះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកសិករវាយតម្លៃហានិភ័យ និងបន្ស៊ាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ក្រោមកិច្ចគាំទ្រដោយផ្ទាល់ពីសំណាក់ម្ចាស់ចំការដាំដុះ។ ទន្ទឹមនឹងនេះ សមាគមស្វាយចន្ទីកម្ពុជាក៏បានពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការចុះជួយកសិករនាអំឡុងរដូវប្រមូលផលដើមឆ្នាំ២០២៦ តាមរយៈការរៀបវគ្គបណ្តុះបណ្តាល ស្តីពីការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ដើម្បីផ្តើមជាគំនិតសម្រាប់ជាឧបករណ៍បំពាក់បំប៉នកសិករនូវចំណេះ ជំនាញ ពិសេសចេះសម្របខ្លួនទៅនឹងស្ថានភាពអាកាសធាតុ ដែលកាន់តែលំបាកជាងឆ្នាំមុនៗ បង្កើតឱ្យមានភាពស៊ាំ។
គួររំលឹកថា កាលពីឆ្នាំ២០២៥ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅចំនួន ១ ០០០ ៧៥៧តោន កើនឡើង ២៧% បើធៀបនឹងឆ្នាំ២០២៤ ដែលអាចប្រមូលចំណូលបានប្រមាណ ១,៥ពាន់ លានដុល្លារ៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content