ភ្នំពេញ ៖ តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបានធ្លាក់ចុះ ជាពិសេសនៅក្នុងសប្តាហ៍ទី៤ នៃខែកញ្ញា ដោយសារភាពតានតឹងនៅតំបន់ឈូងសមុទ្របានធូរស្រាលក្រោយកិច្ចចរចារវាងអុីរ៉ង់ ជាមួយនឹងសហរដ្ឋអាមេរិក ក៏ប៉ុន្តែ នៅឯកម្ពុជាវិញ នៅមិនទាន់អាចរក្សាកំណត់ត្រាវិជ្ជមានរបស់ខ្លួនបានឡើយដោយសារខ្លួនពឹងផ្អែកទាំងស្រុកលើការនាំចូលប្រេងចម្រាញ់រួចពីទីផ្សារសិង្ហបុរី ដែលអ្នកផ្គត់ផ្គង់នៅទីនោះ មិនទាន់អាចទិញប្រេងឆៅទៅតាមតម្លៃដែលបានប្រកាសចុះបានភ្លាមៗ។ ដូច្នេះហើយ អ្នកប្រើប្រាស់នៅកម្ពុជាត្រូវប្រឈមនឹងការឡើងថ្លៃយ៉ាងគំហុកនៅតាមស្ថានីយប្រេងឥន្ធនៈ ស្របតាមតារាងកំណត់តម្លៃថ្មីរបស់ក្រសួងពាណិជ្ជកម្ម។
យោងតាមតារាងកំណត់តម្លៃថ្មីរបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា តម្លៃប្រេងសាំងធម្មតាបានកើនឡើង ៤៥០ រៀល ដល់ ៥,២៥០ រៀលក្នុងមួយលីត្រ។ ទន្ទឹមនឹងនេះ តម្លៃប្រេងម៉ាស៊ូតបានកើនឡើង ៦៥០ រៀល ដល់ ៦,១០០ រៀលក្នុងមួយលីត្រ ចាប់អនុវត្តពីថ្ងៃទី ២១ ខែកញ្ញា ដល់ថ្ងៃទី ១ ខែតុលា ឆ្នាំ២០២៦។
តាមសារព័ត៌មាន The Strait Times តម្លៃប្រេងបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលពីរសប្តាហ៍ជាប់គ្នា(សប្ដាហ៍ទី៣ និងទី៤ ខែកញ្ញា) ដោយសារក្តីសង្ឃឹមនៃការកើនឡើងនូវការផ្គត់ផ្គង់ប្រេងពីតំបន់ឈូងសមុទ្រ ខណៈដែលអុីរ៉ង់បានបញ្ជាក់ថា ខ្លួនអាចបើកច្រកសមុទ្រ Hormuz ឡើងវិញក្នុងរយៈពេល ៧ ថ្ងៃ ហើយចំណែកឯប្រទេសអារ៉ាប៊ីសាអូឌីត ត្រៀមនឹងបន្តការនាំចេញប្រេងឡើងវិញពីកំពង់ផែ Yanbu នៅសមុទ្រក្រហម។
នៅក្នុងសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ២,១១ ដុល្លារអាមេរិក ឬ ២,១ ភាគរយ មកនៅត្រឹម ៩៨,២៣ ដុល្លារអាមេរិកក្នុងមួយបារ៉ែល (ត្រឹមម៉ោង ៧:៥១ យប់ ម៉ោងនៅសិង្ហបុរី)។ ចំណែកប្រេង WTI បានធ្លាក់ចុះ ២,៤៨ ដុល្លារអាមេរិក ឬ ២,៥៩ ភាគរយ មកនៅត្រឹម ៩៣,៣០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល។ នេះបើយោងតាមសារព័ត៌មាន The Strait Times។

ថ្លែងប្រាប់ AMS នាព្រឹកថ្ងៃទី ២៥ ខែកញ្ញា នេះ ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា តម្លៃប្រេងឆៅដែលបានធ្លាក់ក្រោម ១០០ដុល្លារនេះក្នុងមួយបារ៉ែល គឺទើបតែឃើញនៅសប្តាហ៍នេះប៉ុណ្ណោះ ហើយបើនិយាយពីថ្ងៃនេះតម្លៃប្រេងដែលចម្រាញ់រួចរក្សានៅជាង ១០០ដុល្លារ នៅឡើយទេក្នុងមួយបារ៉ែល។
ឯកឧត្តមបានពន្យល់ថា ចំពោះប្រេងនៅកម្ពុជា គឺទិញប្រេងដែលចម្រាញ់រួច ដូចនេះ វាប្រាកដជាមិនអាចធ្លាក់ថ្លៃទាន់ប្រេងឆៅបានទេ ព្រោះប្រេងដែលគេយកមកចម្រាញ់នៅសិង្ហបុរី ក៏គេទិញ ២ សប្តាហ៍មុនមកចូលរោងចក្រ ទើបគេចម្រាញ់ ហើយផ្អែកលើប្រេងចម្រាញ់រួចរបស់កម្ពុជាឥឡូវនេះ គឺមានន័យថាតម្លៃ លក់រាយ និងលក់ដុំ អាចចុះ ឬឡើង គឺអាស្រ័យទៅលើទីផ្សារសិង្ហបុរី។
អ្នកនាំពាក្យរូបនេះបានបន្តថា ៖
«ឥឡូវនេះ យើងក៏មិនដូចពីមុនដែរ គឺយើងមិនបានធ្វើកិច្ចសន្យាទិញក្នុងរយៈពេលវែងទេ ដោយឥលូវយើងទិញម្តងជាមធ្យមបានត្រឹម ២០ថ្ងៃតែប៉ុណ្ណោះ ។ ប៉ុន្តែ ពីមុន យើងអាចទិញប្រេងទុកបានរហូតទៅដល់ជាង ៣០ ថ្ងៃ។ អញ្ចឹង បើកាលណាវាថោក វាថោកបាន ៣០ ថ្ងៃឯណោះ។ បើវាថ្លៃ វាថ្លៃ ៣០ ថ្ងៃដែរអញ្ចឹង។ ចំពោះប្រេងម៉ាស៊ូត ជួនកាលទៅក៏ ១៩ ថ្ងៃ, ជួនកាលទៅ ១៧ថ្ងៃ »។
ឯកឧត្តម ប៉ែន សុវិជាតិ បានមានប្រសាសន៍ថា ជាមួយនឹងការប្រែប្រួលតម្លៃនេះ ក្រសួងពាណិជ្ជកម្មបានបន្ថយ ឬក៏តម្លើងនៃរយៈពេលប្រកាសជូនដំណឹង រហូតទៅដល់ ១០ ថ្ងៃវិញ ដើម្បីកុំឲ្យតម្លៃប្រេងចុះឡើងខ្លាំងពេក ពីព្រោះវាប៉ះពាល់ដល់អ្នកប្រើប្រាស់។ ទោះបីជាប្រទេសអារ៉ាប៊ីសាអ៊ូឌីត ប្រកាសបញ្ចេញប្រេងក៏ដោយ ប៉ុន្តែ ការបញ្ចេញនោះ គឺអាចនឹងជះឥទ្ធិពលទៅខែក្រោយៗឯណោះ។
ឯកឧត្តមបានបន្ថែមថា ៖
«ការប្រកាសតម្លៃថ្មីៗនេះ គឺចាប់ពី ២១កញ្ញា ដល់ថ្ងៃទី១ ខែតុលា ហើយតាមការសន្និដ្ឋាន ក្រោយថ្ងៃទី១ តម្លៃប្រេងកម្ពុជាអាចនឹងធ្លាក់មកវិញ បើប្រភពផ្គត់ផ្គង់អាចទិញប្រេងឆៅមកចម្រាញ់បានថោក ក្នុងរយៈពេល ២-៣ សប្តាហ៍ ជាប់ៗគ្នា។ ជាមួយនឹងសកម្មភាពនេះ គឺមានន័យថានៅពេលដែលអ្នកផ្គត់ផ្គង់ទិញយកមកចម្រាញ់រួច គេនឹងលក់នៅក្នុងតម្លៃទាបដែរ»។
គួរបញ្ជាក់ផងដែរថា កម្ពុជានៅមិនទាន់មានរោងចក្រចម្រាញ់ប្រេងនៅឡើយទេ ដូចនេះត្រូវទាមទារការនាំចូលប្រេងចម្រាញ់រួចពីទីផ្សារសិង្ហបុរី វៀតណាម និងម៉ាឡេស៊ី។
សូមរំលឹកដែរថា កាលពីពេលកន្លងទៅ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម កែវ រតនៈបានលើកឡើងថា កម្ពុជាកំពុងស្វែងរកផែនការដើម្បីអភិវឌ្ឍរោងចក្រចម្រាញ់ប្រេងដំបូងគេរបស់ប្រទេស ដែលបង្កើតបានជាផ្នែកមួយនៃឯករាជ្យភាពថាមពល ហើយក្នុងបរិបទឆ្ពោះទៅរកឯករាជ្យភាពនេះ ត្រូវមានសមាសធាតុសំខាន់ៗចំនួន៣ នៃគោលនយោបាយជាតិ រួមមាន ប្រសិទ្ធភាពថាមពល ការចាក់បញ្ចូលថាមពលបៃតងបន្ថែមទៀតទៅក្នុងបណ្តាញជាតិ និងការសាងសង់រោងចក្រចម្រាញ់ប្រេង។

លោកបណ្ឌិត ជ័យ តិច ដែលជាអ្នកវិភាគសង្គម និងសេដ្ឋកិច្ចបានលើកឡើងថា ជាតថភាពជាក់ស្ដែងនៅក្នុងពិភពលោក គឺប្រេងមានការឡើងថ្លៃកាលពីសប្ដាហ៍មុនៗ ដូច្នេះហើយកម្ពុជាមិនអាចកំណត់តម្លៃនៃការធ្លាក់ចុះបានភ្លាមៗនោះទេ បើទោះបីជាទីផ្សារអន្តរជាតិបានប្រកាសអំពីការធ្លាក់ចុះក៏ដោយ។
លោកបានបន្តថា ៖
« តម្លៃប្រេងឥន្ធនៈនៅកម្ពុជាមានភាពយឺតយ៉ាវបន្តិចធៀបនឹងទីផ្សារពិភពលោក ដើម្បីទូទាត់ទៅនឹងការឡើងថ្លៃយ៉ាងគំហុកកាលពីសប្តាហ៍មុន។ ទោះជាយ៉ាងណាក៏ដោយ ដោយសារភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាបានធូរស្រាល បន្ទាប់ពីមានការចរចារវាងសហរដ្ឋអាមេរិក និងអុីរ៉ង់ នៅទីក្រុងញូវយ៉ក ក្នុងអំឡុងពេលនៃកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ និងដោយសារបំពង់បង្ហូរប្រេងរបស់ប្រទេសអារ៉ាប៊ីសាអូឌីតបានដំណើរការឡើងវិញក្រោយការជួសជុល តម្លៃប្រេងនៅលើទីផ្សារពិភពលោកបានធ្លាក់ចុះបន្តិចនៅសប្តាហ៍នេះ »។
លោកបណ្ឌិត បានកត់សម្គាល់ថា សេចក្ដីប្រកាសនៃការឡើងតម្លៃប្រេងនេះ គឺជាសម្ពាធថ្មីមួយទៀតលើវិស័យដឹកជញ្ជូន កសិកម្ម និងផលិតកម្មរបស់កម្ពុជា ដោយសារតម្លៃប្រេងម៉ាស៊ូតបានកើនឡើងវិញ ដូច្នេះគ្រប់ភាគីទាំងអស់ត្រូវតាមដានការប្រែប្រួលនៃទីផ្សារពិភពលោក ស្ថានភាពភូមិសាស្ត្រនយោបាយ និងជម្លោះនានា ដើម្បីអាចត្រៀមខ្លួនបានយ៉ាងមានប្រសិទ្ធភាព។
ដូច្នេះ កសិករ អ្នកដឹកជញ្ជូន និងអ្នកធ្វើការនៅក្នុងវិស័យផលិតកម្មអាចទិញប្រេងឥន្ធនៈបាននៅពេលដែលតម្លៃធ្លាក់ចុះ។ ឧទាហរណ៍ ដោយសារតម្លៃបានកើនឡើងនៅសប្តាហ៍នេះ ប្រជាពលរដ្ឋអាចរង់ចាំទិញនៅសប្តាហ៍ក្រោយ នៅពេលដែលតារាងតម្លៃថ្មីត្រូវបានប្រកាសចេញ ព្រោះតម្លៃនឹងថយចុះ។ តាមរយៈវិធីនេះ មនុស្សគ្រប់គ្នាអាចទទួលបាន និងទិញប្រេងឥន្ធនៈក្នុងតម្លៃទាបជាងមុនបាន។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត ជ័យ តិច។
លោកក៏បានបន្ថែមថា រដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាច្រើនដើម្បីដោះស្រាយបញ្ហាការឡើងថ្លៃប្រេងឥន្ធនៈ និងជួយកាត់បន្ថយផលប៉ះពាល់ពីការឡើងថ្លៃស្បៀងអាហារ ក៏ដូចជាដោះស្រាយផលលំបាករបស់ប្រជាពលរដ្ឋក្រីក្រ អ្នកធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគ្រាសធុនតូច និងមធ្យម (SMEs) ជាដើម។
យោងតាមលោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ប្រសិនបើពិនិត្យមើលលើតម្លៃលក់រាយ ទោះបីជារដ្ឋាភិបាលបានកាត់បន្ថយពន្ធគយ ពន្ធនាំចូល ឬកម្រៃផ្សេងៗក៏ដោយ ក៏តម្លៃប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជានៅតែមានកម្រិតខ្ពស់ដដែល ជាពិសេស តម្លៃហ្គាស ដែលស្ទើរតែជិតស្មើតម្លៃប្រេងឥន្ធនៈ។
លោកបន្តទៀតថា ជាទូទៅ អ្នកធ្វើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ភាគច្រើនអាស្រ័យទៅលើប្រេងឥន្ធនៈ និងឧស្ម័នហ្គាស ខណៈដែលបច្ចុប្បន្ននេះ តម្លៃហ្គាសបានឡើងជិតដល់ ៤,០០០ រៀល ដែលវាកំពុងតែបន្ថែមបន្ទុក ស្របពេលដែលប្រាក់ចំណូលរបស់ពួកគេបានធ្លាក់ចុះ ហើយត្រូវចំណាយលើអាហារូបត្ថម្ភសព្វបែបយ៉ាង។
ជារួមបញ្ហាឡើងថ្លៃថាមពលនេះ គឺជារឿងធ្ងន់ធ្ងរដែលរដ្ឋាភិបាលត្រូវតែអន្តរាគមន៍បន្ថែមជាបន្ទាន់ ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់នៃការឡើងថ្លៃនៃមុខទំនិញ ក៏ដូចជា ប្រេងឥន្ធនៈ និង ឧស្ម័នហ្គាស នេះផងដែរ។នេះបើតាមលោក វ៉ន ពៅ។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីពេលផ្ទុះសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា បានធ្វើឱ្យកម្ពុជាត្រូវខាតបង់ចំណូលប្រមាណ ៥០លានដុល្លារអាម៉េរិកក្នុងមួយខែ ដើម្បីទប់ស្កាត់តម្លៃប្រេងឥន្ធនៈនិងឧស្ម័នមិនឱ្យឡើងថ្លៃខ្ពស់នៅលើទីផ្សារ ដូច្នេះ បើគិតចាប់ពីពាក់កណ្ដាលខែមីនា រហូតដល់ដំណាច់ខែសីហា ឆ្នាំ២០២៦នេះ កម្ពុជាបាត់បង់ចំណូលមិនក្រោម ៣០០លានដុល្លារអាម៉េរិកនោះទេ ។នេះបើយោងតាមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។





វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content