ភ្នំពេញ ៖ គិតចាប់ពីខែមករា ដល់ដំណាច់ខែសីហា ឆ្នាំ២០២៦ តំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបចំនួនពីរ រួមមានតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ និងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបកណ្ដាល បានសម្រេចការនាំចេញទំនិញសរុបចំនួន ១ ៩០៧លានដុល្លារអាម៉េរិក បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ កន្លងទៅ មានកំណើន ៤៥ភាគរយ ។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានឱ្យដឹងថា ទន្ទឹមនឹងកំណើននៃការចេញពីតំបន់សេដ្ឋកិច្ចពិសេសទាំងពីរមានកំណើនប្រមាណ៤៥ភាគរយនេះ ជាការកត់សម្គាល់ និងយោងទៅលើរបាយការណ៍បានបង្ហាញពីការនាំចូលទំនិញមកកាន់តំបន់សេដ្ឋកិច្ចពិសេសទាំងពីរនេះ មានទំហំទឹកប្រាក់ប្រមាណ ២ ១៦០លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥ មានកំណើនប្រមាណ ៦១ភាគរយ ។

របាយការណ៍បានបង្ហាញផងដែរថា គិតត្រឹមខែសីហា ឆ្នាំ ២០២៦នេះ ក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងពីររបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប មានបុគ្គលិកកម្មករកំពុងបម្រើការងារសរុបចំនួន ៦៣ ៣៤៤នាក់ កើនឡើងប្រមាណ១៧ភាគរយ ។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អេសអ៊ីហ្សិត បានមានប្រសាសន៍ថា ជារឿយៗកំណើននៃតួលេខចំនួនបុគ្គលិក កម្មករ ការនាំចូល និងការនាំចេញ ក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងពីរបានបង្ហាញពីភាពធន់នៃវិនិយោគិននិងភាពរឹងមាំនៃវិស័យឧស្សាហកម្មរបស់កម្ពុជា។
អ្នកឧញ៉ាបន្តថា កិច្ចខិតខំប្រឹងប្រែងទាំងឡាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងបរិយាកាសវិនិយោគ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជំរុញឧស្សាហូបនីយកម្ម និងប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ បានរួមចំណែកដល់ការបង្កើតបរិយាកាសដែលមានសុវត្ថិភាព និងអំណោយផលកាន់តែប្រសើរសម្រាប់ធុរកិច្ច និងការវិនិយោគ។
អ្នកឧកញ៉ាបន្ថែមថា ៖
«កំណើននៃតួលេខដែលបានកត់ត្រាកន្លងមកនេះ ក្នុងតំបន់សេដ្ឋកិច្ចទាំង២របស់រ៉ូយ៉ាល់គ្រុបក្នុងអំឡុងពេល៨ខែដំបូងនៃឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការរីកដុះដាលនៃសកម្មភាពឧស្សាហកម្មនៅក្នុងតំបន់ទាំង២ និងការចូលរួមចំណែកជាបន្តបន្ទាប់ដល់ការបង្កើតការងារ វិស័យផលិតកម្ម និងពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា»។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាភិវឌ្ឍន៍កម្ពុជាបានបង្ហាញថា គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២៦ តំបន់សេដ្ឋកិច្ចពិសេសទូទាំងប្រទេសកម្ពុជាកំពុងដំណើរការមានចំនួន ៣៩តំបន់ ដោយស្រូបទាញគម្រោងវិនិយោគសរុបចំនួន ១ ១២២គម្រោង ជាមួយទុនវិនិយោគសរុបបានប្រមាណ ១៤,៥៩ពាន់លានដុល្លារអាម៉េរិក ។ ដោយឡែក ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦នេះ ការនាំចេញទំនិញដែលផលិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទូទាំងប្រទេសដែលកំពុងដំណើរការមានទឹកប្រាក់ប្រមាណ ៦,២២ពាន់លានដុល្លារអាម៉េរិក ។

លោក អឿន ធារ៉ា ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ Cam Realty បានឱ្យដឹងថា ការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស បានផ្ដល់អត្ថប្រយោជន៍សំខាន់ៗច្រើនដល់វិនិយោគិន រាជរដ្ឋាភិបាល និងវិស័យអចលនទ្រព្យនៅកម្ពុជា ។
លោកបន្តថា ការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស អ្នកវិនិយោគ អាចកាត់ថ្លៃដើមបានមួយចំនួន សន្សំសំចៃពេលវេលា និងទទួលបាននូវការលើកទឹកចិត្តមួយចំនួនពីរាជរដ្ឋាភិបាលផងដែរ ។ ដោយឡែកសម្រាប់រាជរដ្ឋាភិបាលវិញ នឹងអាចទាក់ទាញបាននូវលំហូរវិនិយោគផ្ទាល់ពីបរទេសចូលប្រទេសកាន់តែច្រើន ដោយបង្កើតឱកាសការងារដល់ពលរដ្ឋក្នុងប្រទេសបានច្រើន ជាមួយប្រាក់បៀវត្សរ៍សមរម្យ ។ អ្វីដែលពិសេស សកម្មភាពវិនិយោគក្នុងតំបន់សេដ្ឋកិច្ចបានធ្វើឱ្យចរន្តនៃការទិញលក់ដីធ្លីសម្រាប់សាងសង់រោងចក្រ ឬបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីៗជាបន្តបន្ទាប់ស្របទៅតាមកំណើននៃការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស ។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកាន់តែច្រើនកាន់តែល្អ ពីព្រោះថារាជរដ្ឋាភិបាលបានយកតំបន់សេដ្ឋកិច្ចពិសេសគឺជាឃ្នាស់គាស់សេដ្ឋកិច្ច តាំងពីកម្ពុជាចាប់ផ្ដើមបង្កើតតំបន់សេដ្ឋកិច្ចពិសេសដំបូងម្ល៉េះ ។ មិនត្រឹមតែប៉ុណ្ណោះទេ យុទ្ធសាស្ត្ររបស់សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នៅតែបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជននៅតាមបណ្ដោយព្រំដែនជំរុញបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅតាមតំបន់ព្រំដែនកម្ពុជា ។

អ្នកឧកញ៉ាបន្តថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅតាមព្រំដែន នឹងអាចទាក់ទាញការវិនិយោគកាន់តែច្រើន និងជំរុញការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ជាក់ស្ដែងក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទទួលបានគម្រោងវិនិយោគចុះបញ្ជីជាង ១ពាន់គម្រោង ដោយមួយចំនួនធំបោះទីតាំងនៅតាមតំបន់សេដ្ឋកិច្ចពិសេស៕





វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content