ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងសន្និបាតប្រចាំឆ្នាំរបស់សម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជា កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ បានលើកឡើងថា សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា មាន ៩៨% នៃអង្គភាពសេដ្ឋកិច្ចទាំងអស់ និងផ្តល់ការងារប្រមាណ ៧០%នៃកំលាំងពលកម្ម ហើយរួមចំណែក ៥៨%នៃផលិតផលក្នុងស្រុកសរុប(GDP)។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា សហគ្រាសធុនតូច និងមធ្យម ដើរតួនាទីដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារ។
ឯកឧត្តមបញ្ជាក់ថា ៖
«សហគ្រាសបានដើរតួនាទីជាឆ្អឹងខ្នងដ៏សំខាន់មួយនៃសេដ្ឋកិច្ចជាតិ និងជីវភាពគ្រួសារ ហើយកំពុងប្រើប្រាស់សក្តានុពល ធនធាន ពលកម្មនិងវត្ថុធាតុដើមក្នុងស្រុកជាចម្បងព្រមទាំងការទទួលយកការផ្ទេរបច្ចេកវិទ្យាថ្មីៗផងដែរក្នុងដំណើរការអភិវឌ្ឍនិងកំណើនសេដ្ឋកិច្ច-សង្គម»។
ថ្លែងទៅកាន់អង្គមហាសន្និបាត ឯកឧត្តមរដ្ឋមន្ត្រីបានបន្តលើកឡើងថា៖ សេដ្ឋកិច្ចកម្ពុជាបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៦% នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០២៤ គាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗក្នុងនោះ វិស័យឧស្សាហកម្មបន្តកើនឡើងក្នុងរង្វង់៨,៥%។
ឯកឧត្តមបានបន្ថែមថា៖
«ខ្ញុំសូមជំរុញលើកទឹកចិត្តឱ្យបន្តពង្រឹង និងពង្រីកសកម្មភាពប្រកបដោយគំនិតផ្តួចផ្តើមច្នៃប្រឌិតថ្មីៗ ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យម ក្នុងការអភិវឌ្ឍអាជីវកម្មឱ្យកាន់តែរីកចម្រើន មាននិរន្តរភាព ស្ថេរភាព ប្រកបដោយបរិយាបន្ន សម្រាប់ជាឧត្តមប្រយោជន៍របស់សម្ព័ន្ធផង និងរបស់សមាជិកនីមួយៗផង ហើយជាពិសេស គឺបានចូលរួមពង្រឹង និងពង្រីកប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពជារួមនៅកម្ពុជាយើងផង»។
ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានគូសបញ្ជាក់ថា ឆ្នាំ២០២៥ FASMEC នឹងរៀបចំការងារពង្រឹងលើផ្នែកឌីជីថលដល់សហគ្រាសធុនតូច និងមធ្យម ទូទាំងរាជធានីខេត្ត ដែលស្របនឹងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ជាពិសេសតាមបណ្តារាជធានី-ខេត្ត។លើសពីនេះ FASMEC នឹងបន្តរៀបចំសិក្ខាសាលានិងវគ្គបណ្តុះបណ្តាលជូនដល់សហគ្រាសធុនតូច និងមធ្យម បន្ថែមទៀតទូទាំង២៥រាជធានី/ខេត្ត ។ FASMEC ក៏នឹងរៀបចំផែនការធ្វើទីផ្សារ រៀបចំពិព័រណ៍នានា ជំរុញការគាំទ្រផលិតផលក្នុងស្រុកកាន់តែទូលំទូលាយ និងទទួលបាឱកាសវិនិយោគក្នុងនិងក្រៅប្រទេស៕