(បាត់ដំបង/ប៉ៃលិន)៖ ក្នុងគោលបំណងបន្តជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារជាង ៤ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្សព្វផ្សាយជូនដល់មូលដ្ឋានបងប្អូនជាង ១ពាន់នាក់ នៅបរិវេណអនុវិទ្យាល័យសម្តេចឪ សម្តេចម៉ែភ្នំសំពៅ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ក្រោមអធិបតីឯកឧត្តម លី សុធា រដ្ឋលេខាធិការនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ឡៅ ហ៊ីម រដ្ឋលេខាធិការ នៅបរិវេណសាលាក្រុងប៉ៃលិន ខេត្តប៉ៃលិន នាព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦។

ថ្លែងក្នុងវេទិកាក្រោមប្រធានបទ “ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ” មន្រ្តីជាន់ខ្ពស់ទាំងពីររូប បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់លើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបង្កើនសេដ្ឋកិច្ចជាតិរបស់រាជរដ្ឋាភិបាល តាមរយៈការផ្តល់ឱកាសការងារ ដែលមានក្រសួងការងារជាសេនាធិការ។ ជាក់ស្តែង បច្ចុប្បន្ន មានឱកាសការងារ “ក្នុងស្រុក” ជាង ៩ម៉ឺនកន្លែងនៅទូទាំងប្រទេសនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ដែលបងប្អូនអាចចុះឈ្មោះ សម្ភាស និងទទួលបានការងារភ្លាមៗ ដើម្បីបង្កើតប្រាក់ចំណូលប្រកបដោយ “ភាពថ្លៃថ្នូរ ជាជាតិសាសន៍តែមួយ” នៅក្នុងស្រុក។ ក្រៅពីប្រាក់ឈ្នួលសមរម្យ និងអត្ថប្រយោជន៍ផ្សេងៗជាច្រើន ការនាំយកការងារដល់មូលដ្ឋាននេះក៏ផ្តល់ជូននូវអត្ថប្រយោជន៍ពី ប.ស.ស. ដូចជា៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកសោធន និងរស់នៅជួបជុំគ្រួសារ។ ផ្ទុយទៅវិញ ការងារចំណាកស្រុកដោយខុសច្បាប់ ប្រឈមនឹងហានិភ័យសុវត្ថិភាព កេងប្រវ័ញ្ចកម្លាំងពលកម្ម ខ្វះការគាំពារសុខភាព ការរើសអើង និងនៅឆ្ងាយពីគ្រួសារ។

ក្រៅពីនេះ បងប្អូន ក៏អាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃនៅក្នុងវគ្គបណ្ដុះបណ្ដាលជំនាញជាច្រើនតាមរយៈកម្មវិធី TVET ១,៥លាន នៅវិទ្យាស្ថានពហុបច្ចេកទេសប្រចាំខេត្តនីមួយៗ។ ក្រោយពេលរៀនចប់ បងប្អូនអាចរកការងារធ្វើកាន់តែប្រសើរ ឬបើកមុខរបរដោយខ្លួនឯងបានផងដែរ។ ទន្ទឹមនេះ អតីតពលករដែលមានជំនាញផ្នែកសំណង់ ក្រសួងក៏បានរៀបចំការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ជំនាញជាផ្លូវការ ដែលអាចជួយឱ្យបងប្អូនទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ផងដែរ។
ជាមួយនឹងការងារក្នុងស្រុក ក្រសួងក៏ផ្តល់ឱកាសការងារនៅក្រៅប្រទេសប្រកបដោយសុវត្ថិភាព និងប្រាក់ខែខ្ពស់ផងដែរ។ បងប្អូនប្រជាពលរដ្ឋត្រូវបានលើកទឹកចិត្តឱ្យជួយបន្តផ្សព្វផ្សាយពីឱកាសការងារ អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ហើយបើមានបំណងសាកសួរព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទ Hotline លេខ ១២៩៧ សម្រាប់ព័ត៌មានពីឱកាសការងារ ឬរៀនជំនាញវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ផ្នែក ប.ស.ស.។

សូមបញ្ជាក់ថា ឱកាសការងារទាំងជាង ៤ពាន់កន្លែងនេះ ត្រូវបានផ្តល់ដោយក្រុមហ៊ុន ថាកូ អាហ្រ្គី, រោងចក្រ វ៉ាន់លី ថាយអឺរ (ខេមបូឌា) ឯ.ក, ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ និងក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មទៅធ្វើការនៅក្រៅប្រទេស មានក្រុមហ៊ុន មង្គល អេចអ (MONGKOL HR) ជាដើម៕





វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content