ភ្នំពេញ៖ សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) បានក្លាយជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងក្នុងការជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។ វិស័យនេះមិនត្រឹមតែរួមចំណែកយ៉ាងសកម្មដល់ដំណើរឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតការងារ ជំរុញនវានុវត្តន៍ និងលើកកម្ពស់ភាពធន់នៃសេដ្ឋកិច្ចជាតិផងដែរ។
ឯកឧត្តម គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ដើម្បីគាំទ្រវិស័យនេះ រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងដាក់ចេញនូវគោលនយោបាយ ព្រមទាំងយុទ្ធសាស្ត្រសំខាន់ៗមួយចំនួន ដើម្បីលើកកម្ពស់សមត្ថភាព និងភាពធន់របស់ MSMEs ឱ្យក្លាយជាចន្ទល់គ្រឹះដ៏រឹងមាំនៃសេដ្ឋកិច្ចជាតិ ព្រមទាំងពន្លឿនការធ្វើបរិវត្តកម្មសេដ្ឋកិច្ចក្រៅប្រព័ន្ធមកក្នុងប្រព័ន្ធដែលនឹងនាំមកនូវវិបុលភាព និងវឌ្ឍនភាពសង្គម។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញផ្តល់ហិរញ្ញប្បទាន ដើម្បីលើកកម្ពស់កាលានុវត្តភាព និងភាពប្រកួតប្រជែងរបស់សហគ្រាសទាំងនោះ។

ឯកឧត្តម គង់ ម៉ារី បានលើកឡើងថា៖ រាជរដ្ឋាភិបាលបានគាំទ្រវិស័យនេះតាមរយៈស្ថាប័នចំនួន ៨ គឺ៖
១. ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)៖ បានផ្តល់ឥណទានសរុបប្រមាណ ៥៣១ លានដុល្លារអាមេរិក ជូនដល់ MSMEs ក្រុមហ៊ុន សហគមន៍កសិកម្ម កសិឧស្សាហកម្ម ដោយក្នុងនោះឥណទានគាំទ្រវិស័យស្រូវអង្ករមានទំហំច្រើនជាងគេ ប្រមាណ ៣៥% នៃទំហំឥណទានសរុប។
២. ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank): បានបញ្ចេញឥណទានសរុបប្រមាណ ៦៤៧ លានដុល្លារអាមេរិក ដល់សហគ្រាសចំនួន ៣.៩៨២ សហគ្រាស និងបានបញ្ចេញឥណទានផ្ទាល់ (Direct Lending) ទំហំប្រមាណ ២៤២ លានដុល្លារអាមេរិក ដល់សហគ្រាសចំនួន ៨៨០។
៣. សាជីវកម្មធានាឥណទានកម្ពុជា (CGCC): បានផ្តល់ការធានាឥណទានជូនគណនីសរុបចំនួន ៩.៨៩១គណនី ជាមួយទំហំឥណទានសរុបប្រមាណជាង ៥៨៨ លានដុល្លារអាមេរិក ដែលក្នុងនោះគណនីប្រមាណ ៩២% ជា MSMEs។
៤. មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (FDI): មុនឆ្នាំ ២០២៤ បានប្រើប្រាស់កញ្ចប់ថវិកាប្រមាណ ៧ លានដុល្លារអាមេរិកជាកញ្ចប់ជំនួយ និងបានចាប់ផ្តើមរៀបចំកម្មវិធីវិនិយោគជាភាគហ៊ុនសម្រាប់ធុរកិច្ចថ្មី និង MSMEsដែលមានសក្តានុពលពង្រីកអាជីវកម្មក្នុងឆ្នាំ២០២៦ប្រមាណជាង២០០ពាន់ដុល្លារអាម៉េរិក។
៥. ទីផ្សារមូលបត្រ៖ បានផ្តល់នូវលក្ខខណ្ឌអំណោយផលដល់ MSMEs ក្នុងការប្រមូលទុនពីទីផ្សារ តាមរយៈទីផ្សារកំណើនដោយតម្រូវឱ្យមានដើមទុនអប្បបរមាត្រឹមតែ ៥០ម៉ឺន ដុល្លារអាម៉េរិក និងប្រាក់ចំណេញត្រឹមតែ ១ ឆ្នាំ ដែលបច្ចុប្បន្នមានក្រុមហ៊ុនចំនួន ៣ បានចុះបញ្ជីជួញដូរក្នុងទីផ្សារនេះជាមួយទឹកប្រាក់ជាង១៣.៦ លានដុល្លារអាម៉េរិក។
៦. សហគ្រិនខ្មែរ(K E)៖ បានប្រើកញ្ចប់ថវិកាប្រមាណ ១៧ លានដុល្លារអាមេរិក និងបានកៀរគរថវិកាបដិភាគពីស្ថាប័នដៃគូប្រមាណ ៣៣ លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងគាំទ្រសរុបជិត៦០០គម្រោង សំដៅផ្តល់ថវិកាឥតសំណង និងប្រាក់រង្វាន់លើកទឹកចិត្តដល់ម្ចាស់អាជីវកម្ម និងសហគ្រាស។

៧. មូលនិធិអភិវឌ្ឍន៍ជំនាញ(SDF)៖ បានផ្តល់ថវិកាបដិភាគជូនសហគ្រាស សមាគម និងគ្រឹះស្ថាន បណ្តុះបណ្តាលចំនួនជាង ២៥លានដុល្លារ ស្មើនឹងប្រមាណ ៥៥% នៃថ្លៃបណ្តុះបណ្តាលសរុប ក្នុងនោះសហគ្រាសចំនួន ៦០៥បានទទួលថវិកាបដិភាគពីSDF។
៨. មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ៖ ក្រៅពីជំនួយបច្ចេកទេស បានផ្តល់ជំនួយថវិកាដល់ MSMEs ចំនួន ៦២ សម្រាប់ការចាប់យកឌីជីថលក្នុងទំហំទឹកប្រាក់ប្រមាណ ១សែន៣ម៉ឺន ដុល្លារអាមេរិក និងផ្តល់ថវិកាដល់ធុរកិច្ចថ្មីចំនួន ១១៧ តាមរយៈកម្មវិធីពន្លឿនអាជីវកម្មផ្សេងៗ។
សូមជម្រាបថា ៖ រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយស្ថាប័នហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍ បានរៀបចំ «វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦» នាថ្ងៃទី៣០ ដល់៣១ ខែកក្កដា ឆ្នាំ២០២៦នៅសណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ ក្រោមប្រធានបទផ្លូវការ៖ «សមាហរណកម្មការគាំទ្រផ្នែកហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានភាពធន់នៃសេដ្ឋកិច្ច»។
វេទិកា NBF Forum នេះ បានរៀបចំឡើងជាលើកដំបូង ដោយមានគោលបំណងសំខាន់ចំនួន ៣ គឺ បង្កើនការយល់ដឹងអំពីយន្តការគាំទ្ររបស់រាជរដ្ឋាភិបាលសម្រាប់ MSMEs ប្រមូលមតិយោបល់ពីភាគីពាក់ព័ន្ធ ដើម្បីកែលម្អកម្មវិធីហិរញ្ញប្បទាន និងពង្រឹងកិច្ចសហការ និងការសម្របសម្រួលរវាងស្ថាប័ននានាក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចរបស់កម្ពុជា៕





វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content