ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ផ្នែកឯកជនក្នុងវិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវាកម្ម ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យវិស័យទាំងអស់នេះទទួលបាននូវភាពល្អប្រសើរ ដែលជាការខិតខំរបស់រាជរដ្ឋាភិបាលទៅលើវិស័យឯកជន។
កិច្ចប្រជុំនេះត្រូវបានដឹកនាំ និងសម្របសម្រួលដោយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមានការចូលរួមពីតំណាងវិស័យឯកជន សមាគម និងសហព័ន្ធធុរកិច្ច ដៃគូអភិវឌ្ឍន៍ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងមន្ទីររាជធានី-ខេត្ត សរុបប្រមាណ ២៣០នាក់។
ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងពីការផ្លាស់ប្តូរក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ ដែលបណ្តាលមកពីបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ដោយផ្តោតលើឱកាសសម្រាប់អ្នកផលិតក្នុងស្រុក។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖
«បញ្ហាប្រឈមនេះជាឱកាសសម្រាប់ផលិតករក្នុងស្រុករបស់យើងដែរ។ យើងបានឃើញកំណើននៃតម្រូវការផលិតផលពីក្រុមហ៊ុនផ្គត់ផ្គង់ក្នុងស្រុក ហើយក្រុមហ៊ុនក្នុងស្រុកជាច្រើនបានបង្ហាញសមត្ថភាពប្រកួតប្រជែងកាន់តែខ្ពស់នៅក្នុងទីផ្សារ។»
ក្នុងឱកាសនោះ ឯកឧត្តម ហែម វណ្ណឌី ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការជំរុញបរិយាកាសគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលដើរតួនាទីសំខាន់ក្នុងការលើកម្ពស់កំណើនសេដ្ឋកិច្ច និងបង្កើតការងារ។
គួររំលឹកថា៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា៖ សេដ្ឋកិច្ចកម្ពុជាកើនឡើងក្នុងអត្រា ៥,៨% ក្នុងឆ្នាំ២០២៤ និង ៦,០% ក្នុងឆ្នាំ ២០២៥ ដោយសារកំណើនក្នុងវិស័យកម្មន្តសាល និងការស្ទុះឡើងវិញជាបន្តទៀតនៃវិស័យទេសចរណ៍៕











វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content