ភ្នំពេញ ៖ បើទោះបីជាចំណងមិត្តភាពរវាងកម្ពុជា និងបណ្ដាប្រទេសនៅអាស៊ីកណ្ដាលហាក់នៅមានកម្រិតនៅឡើយ ប៉ុន្តែនៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានាពេលថ្មីៗនេះ បានបើកផ្លូវយ៉ាងសំខាន់ក្នុងការរឹតចំណងទាក់ទងរវាងតំបន់ទាំងពីរ ទាំងចំណងការទូតវិស័យរដ្ឋ និងវិស័យឯកជន។
ក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋអាស៊ែបៃហ្សង់, សាធារណរដ្ឋតួកគីយ៉េ, សាធារណរដ្ឋកាហ្សាក់ស្ថាន និងការចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជួបប្រជុំជាច្រើនជាមួយមេដឹកនាំនៃប្រទេសតួកគីយ៉េ, អ៊ូសបេគីស្ថាន, កៀហ្ស៊ីស៊ីស្ថាន, អាស៊ែបៃហ្សង់, កាហ្សាក់ស្ថាន, និងរុស្ស៊ី និងថ្នាក់ដឹកនាំប្រទេសដទៃទៀត។
ជំនួបទាំងនេះធ្វើឡើងក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យចេញជាលទ្ធផលជាក់ស្ដែង លើវិស័យនយោបាយ សេដ្ឋកិច្ច-វិនិយោគ បច្ចេកវិទ្យា និង AI សន្តិសុខ-បង្ក្រាបបទល្មើសបច្ចេកវិទ្យា ហិរញ្ញវត្ថុ ច្បាប់ ព្រមទាំងកិច្ចទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។
តាមការស្រាវជ្រាវរបស់លោកបណ្ឌិត ជ័យ តិច ដែលជាអ្នកវិភាគសេដ្ឋកិច្ច និងសង្គម ជាការពិតណាស់ កម្ពុជាបានចាប់យកឱកាសពង្រីកទំនាក់ទំនងជិតស្និទ្ធជាមួយបណ្ដាប្រទេសនៅអាស៊ីកណ្ដាល ដែលស្ថិតក្នុងតំបន់អឺរ៉ាស៊ី ជាប៉ូលសេដ្ឋកិច្ច និងយោធាថ្មីដ៏មានសក្តានុពល។ ការងាកទៅរកកិច្ចសហប្រតិបត្តិការជាមួយប្រទេសនៅតំបន់មួយនេះ នឹងផ្តល់ផលប្រយោជន៍ដល់កម្ពុជា ទាំងវិស័យពាណិជ្ជកម្ម និងវិស័យយោធា និងបច្ចេកទេស។

លោកបានមានប្រសាសន៍ថា ប្រទេសភាគច្រើននៅទីនោះមិនមានច្រកសមុទ្រ (Landlocked) ដោយពួកគេមានតម្រូវការនាំចូលខ្ពស់លើកសិផល ស្រូវ ផលិតផលត្រូពិច ទំនិញកែច្នៃ សម្លៀកបំពាក់ និងស្បែកជើង ដែលជាមុខទំនិញសក្តានុពលរបស់កម្ពុជា។ ជាមួយគ្នានេះ ខណៈពេលដែលតំបន់អឺរ៉ាស៊ី ដែលសំដៅដល់អាស៊ីកណ្ដាលនេះដែរ គឺពិតមានសក្តានុពលលើផ្នែកសព្វាវុធ ជំនាញទាញយករ៉ែ ធនធានធម្មជាតិ និងថាមពលកកើតឡើងវិញ។
លោកបណ្ឌិត ជ័យ តិច ក៏បានមើលឃើញដែរថា៖ «ទាក់ទងទៅនឹងវិស័យអប់រំនៅទីនោះក៏មានកម្រិតខ្ពស់ រួមទាំងជំនាញក្នុងការជីកយកធនធានរ៉ែ រួមទាំងរ៉ែប្រេង និងរ៉ែឧស្ម័នផងដែរ ហើយអ្វីដែលសំខាន់មួយទៀតនោះ គឺទាក់ទងទៅលើវិស័យទេសចរណ៍ និងឌីជីថល»។
នៅក្នុងបរិយាកាសនៃការស្វះស្វែងកសាង និងពង្រីកទំហំពាណិជ្ជកម្មអន្តរជាតិ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់ AMS កាលពីថ្ងៃទី១៩ ខែតុលា ថា ទំនាក់ទំនងពាណិជ្ជកម្មជាមួយបណ្ដាប្រទេសនៅតំបន់អាស៊ីកណ្ដាល គឺជាទិសដៅយុទ្ធសាស្ត្រថ្មីមួយរបស់កម្ពុជា ខណៈបច្ចុប្បន្នទំហំដោះដូរទំនិញរវាងតំបន់ទាំងពីរនៅមិនទាន់មានចំនួនច្រើនគួរឱ្យកត់សម្គាល់នៅឡើយ។

អ្នកនាំពាក្យរូបនេះក៏មិនបានបង្ហាញពីតួលេខនៃទំហំពាណិជ្ជកម្មជាមួយប្រទេសនៅតំបន់នោះឡើយ។ ទោះជាយ៉ាងណា ឯកឧត្តមបានគូសបញ្ជាក់ថា ៖ «ការសម្លឹងឃើញទីផ្សារនៅអាស៊ីកណ្ដាល រួមទាំងទីផ្សារនៅមជ្ឈិមបូព៌ា និងអាហ្វ្រិក នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការតភ្ជាប់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ក៏ដូចជាជំរុញការធ្វើពិពិធកម្មទីផ្សារដែលក្រសួងពាណិជ្ជកម្មកំពុងអនុវត្តយ៉ាងសកម្ម»។
ផ្អែកលើបទពិសោធន៍ដែលធ្លាប់បានទៅទស្សនកិច្ចនៅតំបន់អាស៊ីកណ្ដាល អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ថា ប្រទេសមួយចំនួននៅទីនោះក៏មានការផលិតទិន្នផលកសិកម្មដូចកម្ពុជាដែរ ប៉ុន្តែប្រភេទមុខទំនិញមានភាពខុសគ្នា។ កត្តានេះបានបង្កើតជាឱកាសសម្រាប់កម្ពុជា ក្នុងការជ្រៀតចូលទីផ្សារដើម្បីផ្គត់ផ្គង់ទំនិញដែលតំបន់នោះខ្វះខាត។
យ៉ាងណាក្ដី ទោះបីជាកសិផលកម្ពុជាខ្លះមានតម្លៃសមរម្យ ប៉ុន្តែក្រោមការលើកទឹកចិត្ត និងតម្រង់ទិសពីក្រសួងពាណិជ្ជកម្ម ផលិតករក្នុងស្រុក បាន និងកំពុងខិតខំកែច្នៃដើម្បីបង្កើនតម្លៃបន្ថែម។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ៖ «យើងមិនអាចបន្តលក់តែទំនិញកសិផលធាតុដើមដែលមិនទាន់កែច្នៃនោះទេ។ យើងត្រូវតែលក់ទំនិញកសិផលកែច្នៃ ទំនិញឧស្សាហកម្ម កសិ-ឧស្សាហកម្ម ឬទំនិញដែលប្រើប្រាស់ពលកម្មជំនាញខ្ពស់ ដើម្បីធ្វើយ៉ាងណាឱ្យទំនិញរបស់យើងមានតម្លៃបន្ថែមខ្ពស់សម្រាប់បង្កើនទំហំពាណិជ្ជកម្មនាំចេញទៅកាន់ទីផ្សារគោលដៅនានា»។
ក្នុងន័យនេះ កម្ពុជាត្រូវធានាថា នៅពេលបើកទីផ្សារនៅតំបន់អាស៊ីកណ្តាលបានហើយ ត្រូវប្រាកដថា មានទំនិញប្រកបដោយគុណភាព និងស្តង់ដារសម្រាប់លក់ ព្រោះបើគ្មានទំនិញគ្រប់គ្រាន់ទេ ការបើកទីផ្សារធំក៏គ្មានន័យដែរ។
ជាមួយគ្នានេះដែរ ពាក់ព័ន្ធនឹងយុទ្ធសាស្ត្រពង្រីកទីផ្សារ អ្នកនាំពាក្យរូបនេះបានពន្យល់ថា ៖ «ពិពិធកម្មទីផ្សារ ត្រូវបានធ្វើឡើងមិនត្រឹមតែតាមរបៀបធ្វើពាណិជ្ជកម្មទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានធ្វើឡើងតាមរយៈពាណិជ្ជកម្មពហុភាគី ជាក្រុម ដូចដែលយើងធ្លាប់បានធ្វើជាមួយអាស៊ាន ហើយយើងនឹងបន្តឈានទៅធ្វើជាមួយតំបន់អឺរ៉ាស៊ីផងដែរ»។

សូមជម្រាបដែរថា នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនាពេលថ្មីៗនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចនូវសមិទ្ធផលសំខាន់ៗមួយចំនួន ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ចំនួន ៦ ជាមួយប្រទេសកាហ្សាក់ស្ថាន ដែលក្នុងនោះក៏មានអនុស្សរណៈមួយស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មផងដែរ។
ឯកឧត្តម ប៉ែន សុវិជាតិ បានបញ្ជាក់ថា អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះ នឹងបើកផ្លូវយ៉ាងទូលំទូលាយសម្រាប់ការសិក្សាស្រាវជ្រាវទីផ្សារ និងបង្កើនកិច្ចសហការផ្សេងៗ ដើម្បីជួយជំរុញទាំងវិស័យពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។
ជាការសន្និដ្ឋាន ការបង្កើតទំនាក់ទំនងពាណិជ្ជកម្មជាមួយបណ្ដាប្រទេសនៅអាស៊ីកណ្ដាល គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែស្វះស្វែងរកដៃគូអភិវឌ្ឍន៍ ដោយមិនត្រឹមតែលើវិស័យពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែស្ទើរតែគ្រប់វិស័យ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ។
បើទោះបីជាមានការលើកឡើងពីគោលដៅអភិវឌ្ឍន៍ និងកិច្ចសហការរវាងកម្ពុជា និងប្រទេសនៅអាសុីកណ្ដាលក្ដី លោកបណ្ឌិត ជ័យ តិច បានគូសបញ្ជាក់ថា អ្វីដែលជាបញ្ហាសម្រាប់ប្រទេសកម្ពុជា គឺទាក់ទងនឹងភូមិសាស្ត្រនយោបាយ។ លោកបានបន្តថា តំបន់ទាំងពីរនេះមិនមានដែនសមុទ្រជាប់គ្នា មិនមានដែនគោកជាប់គ្នា។ ដូចនេះ មធ្យោបាយនៃការដឹកជញ្ជូន គឺជាបញ្ហាប្រឈមសម្រាប់ការទាក់ទង ក៏ដូចជាការវិនិយោគ ដោះដូរទំនិញជាដើម។ លើសពីនេះទៀត កម្ពុជាទើបតែចាប់ផ្តើមថ្មោងថ្មីជាមួយតំបន់អាស៊ីកណ្តាល ដូច្ នេះការរៀបចំឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម ការវិនិយោគ ការពារការវិនិយោគ ការធ្វើពាណិជ្ជកម្ម ការយកពន្ធត្រួតស៊ីគ្នា ជាដើមនេះ គឺជាចំណុចសំខាន់ដែលគួរតែធ្វើ៕





វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content