សម្រាប់មនុស្សមួយចំនួន តែងគិតថា ការវិនិយោគលើផ្សារហ៊ុនអាចត្រូវការដើមទុនធំ និងចំណេះដឹងជ្រៅជ្រះ ប៉ុន្តែអ្នកជំនាញក្នុងវិស័យមូលបត្រកម្ពុជាយល់ថា អ្នកចាប់ផ្តើមថ្មីមិនចាំបាច់មានប្រាក់ច្រើនទេ ដោយអាចចាប់ផ្តើមពីទឹកប្រាក់ត្រឹម ១០ ទៅ ១០០ ដុល្លារ ដើម្បីស្វែងយល់ពីទីផ្សារ និងបង្កើតទម្លាប់សន្សំ-វិនិយោគជាប្រចាំ។
ក្នុងការជួញដូរភាគហ៊ុននៅផ្សារមូលបត្រកម្ពុជា អ្នកវិនិយោគអាចទិញភាគហ៊ុនចាប់ពីមួយភាគហ៊ុនឡើងទៅ ខណៈភាគហ៊ុនមួយចំនួនមានតម្លៃប្រមាណ ១,០០០ ទៅ ២,០០០ រៀល។ នេះមានន័យថា អ្នកដែលមានប្រាក់ត្រឹម ១០,០០០ ឬ ២០,០០០ រៀល ក៏អាចចាប់ផ្តើមទិញភាគហ៊ុនបាន។
លោក ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជា បានប្រាប់បណ្តាញសារព័ត៌មាន AMS ថា សម្រាប់អ្នកដែលមិនទាន់មានចំណេះដឹងជ្រៅជ្រះ ប៉ុន្តែចង់សាកល្បង និងស្វែងយល់ពីវិស័យនេះ អាចចាប់ផ្តើមជាមួយទឹកប្រាក់ប្រមាណ ១០០ ដុល្លារ។
លោកបានលើកឡើងថា ទឹកប្រាក់នេះមិនច្រើនទេ ហើយប្រសិនបើការវិនិយោគមិនទទួលបានលទ្ធផលល្អ អ្នកវិនិយោគក៏មិនខាតច្រើនដែរ ដោយអាចខាតប្រមាណ ១ ដុល្លារ ២ ដុល្លារ ឬ ៥ ដុល្លារ ប្រសិនបើតម្លៃភាគហ៊ុនធ្លាក់ចុះ។
យ៉ាងណាក៏ដោយ ការចាប់ផ្តើមនេះគឺសម្រាប់អ្នកដែលចង់ស្វែងយល់ និងបង្កើនចំណេះដឹងអំពីវិស័យមូលបត្រ ជាពិសេសអ្នកដែលមានគោលដៅវិនិយោគរយៈពេលវែង។
លោក ទើយ ហុង អ្នកជំនាញ និងជាគ្រូបង្គោលប្រឹក្សាលើការវិនិយោគភាគហ៊ុនជិត ១០ ឆ្នាំ ក៏លើកទឹកចិត្តឱ្យអ្នកមានទុនតិចចាប់ផ្តើមពីចំនួនតូច។ លោកបាននិយាយថា តាមបទពិសោធន៍របស់លោក វិស័យមូលបត្រកម្ពុជាកំពុងឆ្ពោះទៅមុខ ហើយការចាប់ផ្តើមពី ១០០ ដុល្លារ សម្រាប់អ្នកដែលមិនទាន់យល់ច្បាស់ពីវិស័យនេះ គឺជារឿងដែលអាចធ្វើបាន។
ជាក់ស្តែង លោក ទើយ ហុង បានចាប់ផ្តើមវិនិយោគដំបូងជាមួយទឹកប្រាក់ ១០០ ដុល្លារ ក្នុងឆ្នាំ២០១៧។ លោកបានប្រើយុទ្ធសាស្ត្រ «Buy and Hold» ឬទិញហើយកាន់ទុក ដោយមិនធ្វើសកម្មភាពទិញ-លក់ញឹកញាប់។ លោកបានកាន់ភាគហ៊ុនរយៈពេល ៤ ឆ្នាំ រហូតដល់ឆ្នាំ២០២១ ហើយបានលើកឡើងថា ការវិនិយោគរបស់លោកចំណេញជាង ២០០ ភាគរយ។
សម្រាប់អ្នកដែលយល់ថា ១០០ ដុល្លារច្រើនពេក លោក ទើយ ហុង ណែនាំថា ពួកគេអាចចាប់ផ្តើមពីត្រឹម ១០ ទៅ ២០ ដុល្លារក៏បាន។
សម្រាប់លោក ការចាប់ផ្តើមពីទុនតូចមិនមែនមានន័យថា អ្នកវិនិយោគនឹងទទួលបានប្រាក់ចំណេញភ្លាមៗនោះទេ ប៉ុន្តែវាអាចជួយបង្កើតទម្លាប់សន្សំ និងវិនិយោគជាប្រចាំ។ នៅពេលមានប្រាក់ចំណូល បុគ្គលអាចកំណត់ចំនួនមួយមកវិនិយោគលើភាគហ៊ុនរៀងរាល់ខែ ដែលអាចជួយបង្កើតវិន័យក្នុងការគ្រប់គ្រងលុយ និងរៀបចំផែនការហិរញ្ញវត្ថុរបស់ខ្លួន។
លោក ទើយ ហុង បានពន្យល់ថា នៅពេលអ្នកវិនិយោគមានផែនការច្បាស់លាស់ជាមួយប្រាក់របស់ខ្លួន ហើយជ្រើសរើសភាគហ៊ុនបានត្រឹមត្រូវ ប្រាក់របស់ពួកគេអាចកើនឡើង ហើយពួកគេក៏អាចទទួលបានភាគលាភនៅពេលក្រុមហ៊ុនចែករំលែកប្រាក់ចំណេញទៅម្ចាស់ភាគហ៊ុន។
លោកបានលើកឡើងថា ទម្លាប់ចាប់ផ្តើមពីដើមទុនតូចអាចជួយឱ្យអ្នកវិនិយោគកសាងទ្រព្យសម្បត្តិ និងបង្កើតប្រភពចំណូលអកម្មមួយផ្នែកសម្រាប់ផ្គត់ផ្គង់ការរស់នៅ និងការចំណាយផ្សេងៗនៅពេលអនាគត។
លោក ហុង សុហួរ ក៏បានលើកឡើងថា ការវិនិយោគចាប់ពី ១០០ ដុល្លារឡើងទៅ អាចជួយឱ្យអ្នកវិនិយោគមានកម្លាំងចិត្តតាមដាន និងសិក្សាបន្ថែមអំពីវិស័យនេះ។ លោករំពឹងថា នៅពេលផ្សារហ៊ុនកាន់តែធំ និងសកម្មភាពជួញដូរកាន់តែច្រើន ឱកាសទទួលបានផលចំណេញក៏អាចកើនឡើងផងដែរ។
លោកបានសង្កត់ធ្ងន់ថា ការវិនិយោគមិនគួរធ្វើឡើងដោយប្រថុយប្រថានខ្លាំងពេកទេ ហើយការវិនិយោគរយៈពេលវែងអាចជាជម្រើសមួយសម្រាប់អ្នកដែលចង់បង្កើតប្រភពចំណូលបន្ថែម។ ផលប្រយោជន៍មួយដែលអ្នកវិនិយោគអាចទទួលបាន គឺភាគលាភ នៅពេលក្រុមហ៊ុនចុះបញ្ជីទទួលបានប្រាក់ចំណេញ និងសម្រេចចែកភាគលាភទៅម្ចាស់ភាគហ៊ុន។
ផ្សារហ៊ុន ធនាគារ ឬមាស?
ការសម្រេចចិត្តថាតើគួរដាក់ប្រាក់ក្នុងធនាគារ ទិញមាស ឬវិនិយោគក្នុងភាគហ៊ុន គឺជាជម្រើសដែលមានលក្ខណៈខុសគ្នា។
លោក ទើយ ហុង យល់ថា ការដាក់ប្រាក់ក្នុងធនាគារគឺជារឿងល្អសម្រាប់ការការពារប្រាក់ និងការសន្សំសម្រាប់គោលដៅនាពេលអនាគត ដូចជា ប្រាក់បម្រុងពេលមានអាសន្ន ឬប្រាក់ដែលត្រៀមទុកសម្រាប់គោលដៅផ្សេងៗ។
ប៉ុន្តែលោកបានលើកឡើងថា ចំណុចអវិជ្ជមានមួយនៃការដាក់ប្រាក់ក្នុងធនាគារ គឺប្រសិនបើអតិផរណាខ្ពស់ជាងអត្រាការប្រាក់ដែលទទួលបាន នោះតម្លៃពិតនៃប្រាក់សន្សំអាចថយចុះ។ លោកបានលើកឧទាហរណ៍ថា ប្រសិនបើអតិផរណាមាន ៥ ភាគរយក្នុងមួយឆ្នាំ ខណៈប្រាក់បញ្ញើទទួលបានការប្រាក់ ៣ ភាគរយ នោះតម្លៃពិតនៃប្រាក់អាចខាតប្រមាណ ២ ភាគរយក្នុងមួយឆ្នាំ។
ចំពោះមាស លោក ទើយ ហុង ចាត់ទុកថា មាសជា «Store of Value» ឬទ្រព្យដែលរក្សាតម្លៃ ដែលមានតួនាទីប្រហាក់ប្រហែលនឹងការធានារ៉ាប់រង ជាពិសេសនៅពេលមានវិបត្តិសេដ្ឋកិច្ច ឬសង្គ្រាមធ្ងន់ធ្ងរ។
លោកបានណែនាំថា ប្រសិនបើមនុស្សម្នាក់មានប្រាក់ ១០,០០០ ដុល្លារ ការយកប្រមាណ ១០ ទៅ ១៥ ភាគរយទៅទិញមាស គឺគ្រប់គ្រាន់ហើយ ដោយសារមាសមិនមែនជាទ្រព្យដែលផ្តល់ចំណូលជាប្រចាំទេ។ អ្នកកាន់មាសមិនទទួលបានការប្រាក់ដូចប្រាក់បញ្ញើ ឬភាគលាភដូចការកាន់ភាគហ៊ុនឡើយ។
ជាមួយគ្នានេះ លោកបានបញ្ជាក់ថា ភាគហ៊ុនមានហានិភ័យខ្ពស់ជាងការដាក់ប្រាក់ក្នុងធនាគារ និងការទិញមាស ប៉ុន្តែវាមានសក្តានុពលខ្ពស់ជាងផងដែរ ប្រសិនបើអ្នកវិនិយោគអាចជ្រើសរើសក្រុមហ៊ុនដែលមានការរីកចម្រើន និងមានប្រាក់ចំណេញ និងប្រាក់ចំណូលកើនឡើងជាបន្តបន្ទាប់។
ដូច្នេះ សម្រាប់អ្នកដែលចង់ចាប់ផ្តើមពីទុនតូច ចំណុចសំខាន់មិនមែនស្ថិតនៅលើចំនួនប្រាក់ដំបូងតែប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅលើការបង្កើតទម្លាប់សន្សំ និងវិនិយោគជាប្រចាំ ការរៀនសូត្រពីទីផ្សារ និងការមានគោលដៅរយៈពេលវែង៕





វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content