រាជធានីភ្នំពេញ — ថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៥ — សហគ្រិនខ្មែរ (Khmer Enterprise) បានចាប់ផ្ដើមជាផ្លូវការនូវកម្មវិធី Unipreneurcamp កម្រងទី ៣ ដែលជាផ្នែកមួយនៃកម្មវិធី សហគ្រិនមហាវិទ្យាល័យ រដូវកាលទី ៣។ កម្មវិធី UnipreneurCamp កម្រងទី ៣នេះ បានប្រព្រឹត្តទៅយ៉ាងជោគជ័យ ដោយចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ០៣ ខែសីហា នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងមាននិស្សិតសរុបចំនួន ៣០០ នាក់ ពីគ្រឹះស្ថានឧត្តមសិក្សា ចំនួន ១០ បានចូលរួមក្នុងការប្រែក្លាយគំនិតថ្មីៗរបស់ពួកគេឲ្យក្លាយជាគំរូអាជីវកម្ម។
គួររំលឹកផងដែរថា កម្មវិធីសហគ្រិនមហាវិទ្យាល័យ គឺ ជាគម្រោងផ្តួចផ្តើមគំនិតសហគ្រិនភាពទូទាំងប្រទេសបង្កើតឡើងក្នុងគោលបំណងគាំទ្រដល់និស្សិត និងគ្រូបណ្ដុះបណ្ដាលរហូតដល់ជាង ៣,០០០ នាក់ ពីសាកលវិទ្យាល័យ ៥០ មកពីទូទាំងប្រទេស។ កម្មវិធីនេះមាន ៤ ផ្នែកសំខាន់ៗ រួមមាន UnipreneurCamp, UnipreneurSprint, Unipreneur National Challenge និង UnipreneurEducator។ ហើយកម្មវិធីនេះ ដំណើរការជាតំណភ្ជាប់មួយ ដើម្បីបំពាក់ជូនយុវជនកម្ពុជា នូវជំនាញជាក់ស្តែង បទពិសោធន៍ចាប់ផ្ដើមធុរៈកិច្ចថ្មី និងបណ្តាញគាំទ្រការចាប់ផ្តើមអាជីវកម្មដែលរួមចំណែកយ៉ាងខ្លាំងដល់ការអភិវឌ្ឍជាតិ។
ឯកឧត្តម បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ក្នុងកម្មវិធីសម្ពោធគម្រោងសហគ្រិនមហាវិទ្យាល័យរដូវកាលទី៣ ថា “UnipreneurCamp មិនមែនត្រឹមតែជាវគ្គបណ្តុះបណ្តាលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងផ្តួចផ្តើមសម្រាប់បើកផ្លូវដល់និស្សិតសាកលវិទ្យាល័យដែលចង់ក្លាយជាអ្នកដឹកនាំអាជីវកម្ម ជំនាន់ក្រោយផងដែរ។ នៅរដូវកាលទី ៣ សហគ្រិនខ្មែរកំពុងពង្រីកសក្តានុពលនៃគម្រោងនេះ ទៅកាន់យុវជនដែលមានទេពកោសល្យ នៅគ្រប់ទីកន្លែងទាំងអស់ទូទាំងប្រទេស។”

នៅកម្មវិធី UnipreneurCamp កម្រងទី ៣នេះ និស្សិតត្រូវចូលរួមក្នុងវគ្គបណ្តុះបណ្តាលរយៈពេល ៣ ថ្ងៃ ផ្តោតសំខាន់លើមូលដ្ឋានគ្រឹះនៃសហគ្រិនភាព ដូចជា៖ ការដោះស្រាយបញ្ហា ការបង្កើតផលិតផល ការធ្វើបទបង្ហាញ និងការបង្កើតក្រុម។ ជាមួយនឹង ការណែនាំពីគ្រូបង្វឹក ក្រុមនិស្សិតនីមួយៗ បានបង្កើតដំណោះស្រាយធុរៈកិច្ចថ្មីមួយ ដែលអាចដោះស្រាយបញ្ហាដែលពិភពលោកកំពុងប្រឈមជាក់ស្តែង។ កម្មវិធីនេះ ត្រូវបញ្ចប់ជាមួយនិងការប្រកួតប្រជែងតាមរយៈការធ្វើបទបង្ហាញរបស់ក្រុមនិស្សិត ដែលត្រូវបានវាយតម្លៃពីគណៈកម្មការដែលមានជំនាញមកពីវិស័យផ្សេងៗ។ ក្រុមឆ្នើមនឹងទទួលបានរង្វាន់ជាសាច់ប្រាក់ឧបត្ថម្ភដោយសហគ្រិនខ្មែរ។
សូមបញ្ជាក់ផងដែរថា កម្មវិធីនេះ មិនបានបញ្ចប់ត្រឹមវគ្គបណ្តុះបណ្តាលក្នុងកម្មវិធី UnipreneurCamp នោះទេ។
ពោលគឺ ក្រុមឆ្នើមពី កម្រងនីមួយៗ នឹងបន្តទៅវគ្គ UnipreneurSprint ដែលជាកម្មវិធីបណ្តុះបណ្តាលតាមអនឡាញរយៈពេល ៤ សប្តាហ៍ បន្ទាប់មកបន្តទៅក្នុងកម្មវិធី Unipreneur National Challenge ដែលមានក្រុមឆ្នើមពី ៥០ សាកលវិទ្យាល័យ នឹងធ្វើការប្រកួតដណ្ដើមយកចំណាត់ថ្នាក់ណាមួយក្នុងចំណោមចំណាត់ថ្នាក់ជាតិទាំង៨ក្រុម។
ការអញ្ជើញចូលរួម៖ សាកលវិទ្យាល័យនានា ត្រូវបានលើកទឹកចិត្តឱ្យចូលរួមក្នុង កម្រង បន្ទាប់៖
សហគ្រិនខ្មែរ សូមគោរពអញ្ជើញសាកលវិទ្យាល័យនានានៅទូទាំងប្រទេស ជ្រើសរើសនិស្សិតឱ្យចូលរួម ឬទទួលជាម្ចាស់ផ្ទះនៃ Cluster ផ្សេងទៀត នៃកម្មវិធី UnipreneurCamp រដូវកាលទី៣។ Cluster បន្ទាប់ នឹងប្រព្រឹត្តទៅ ដូចខាងក្រោម៖
● Cluster ទី៤: ប្រព្រឹត្តទៅនៅ សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ចាប់ពីថ្ងៃទី ០៩-១១ ខែសីហា ឆ្នាំ ២០២៥។
● Cluster ទី៥: ប្រព្រឹត្តទៅនៅ សាកលវិទ្យាល័យជាតិមានជ័យ ចាប់ពីថ្ងៃទី ១២-១៤ ខែកញ្ញា ឆ្នាំ២០២៥។
ការចូលរួមនឹងផ្តល់ឱកាសដល់និស្សិត ទទួលបានបទពិសោធន៍ធុរៈកិច្ចថ្មីជាក់ស្តែង ការណែនាំពីគ្រូបង្វឹក និងឱកាសចូលរួមក្នុងដំណើរការសហគ្រិនភាពទូទាំងប្រទេស។ សាកលវិទ្យាល័យដែលមានការប្តេជ្ញាខ្ពស់ចំពោះនវានុវត្តន៍ និងការអភិវឌ្ឍយុវជន ត្រូវបានលើកទឹកចិត្តឱ្យចូលរួមជាដៃគូសហការជាមួយសហគ្រិនខ្មែរ នៅក្នុងគំនិតផ្តួចផ្តើមនវានុវត្តន៍ថ្មីនេះ។
ដើម្បីចូលរួម ឬស្វែងយល់បន្ថែម សូមធ្វើការទំនាក់ទំនងមកកាន់
លោក ពក បញ្ញាពេជ្រ : មន្ត្រីជំនាញជាន់ខ្ពស់កម្មវិធីសហគ្រិនភាព និងនវានុវត្តន៍
អ៉ីម៉ែល: pagnapich.pork@khmerenterprise.info
ទូរស័ព្ទលេខ: ០២៣ ៩០០ ៨៥៥
គេហទំព័រ: https://khmerenterprise.info
អំពីសហគ្រិនខ្មែរ:
សហគ្រិនខ្មែរ (KE) ត្រូវបានបង្កើតឡើង ជាបរធនបាលកិច្ចរាជរដ្ឋាភិបាល ដើម្បីអនុវត្តកម្មវិធីគាំទ្រ និងធ្វើការដោយផ្ទាល់ជាមួយស្ថាប័នដៃគូ និងអត្ថគាហកៈ។ សហគ្រិនខ្មែរមានចក្ខុវិស័យ ក្លាយជាថ្នាលជាតិសម្រាប់ការលើកកម្ពស់គ្រប់សកម្មភាពរបស់រិស័យសហគ្រិនភាព។ តាមរយៈការផ្តល់មូលនិធិ ការណែនាំ និងភាពជាដៃគូយុទ្ធសាស្ត្រ សហគ្រិនខ្មែរ បានផ្តល់សិទ្ធិអំណាចដល់ដល់ធុរៈកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម ឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព៕












វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content