បាត់ដំបង៖ កសិករមួយគ្រួសារនៅខេត្តបាត់ដំបង អាចប្រមូលផលតាសក់បានជាមធ្យមប្រមាណ ៥០០គីឡូក្រាមក្នុងមួយថ្ងៃ ពីផ្ទៃដីត្រឹម ៥០ អា ឬកន្លះហិកតា ដោយទទួលបានចំណូលប្រមាណ ៤០ ម៉ឺនរៀលក្នុងមួយថ្ងៃ ឬស្មើនឹងប្រមាណ ១២ លានរៀលក្នុងមួយខែ តាមរយៈការដាំដុះដោយអនុវត្តបច្ចេកទេសកសិកម្មត្រឹមត្រូវ។
លោក សារឿន និងអ្នកស្រី សុភ័ណ ជាកសិកររស់នៅភូមិស្តីក្រោម ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានប្រកបរបរដាំតាសក់លើផ្ទៃដីទំហំ ៥០អា អស់រយៈពេលជាង ៣ ឆ្នាំមកហើយ។ ការដាំដុះនេះបានក្លាយជាប្រភពចំណូលមួយសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ដោយអាចផ្គត់ផ្គង់តាសក់ទៅកាន់ទីផ្សារក្នុងខេត្ត។
អ្នកស្រី សុភ័ណ បានឱ្យដឹងថា ផ្ទៃដីទំហំ ៥០អា អាចប្រមូលផលតាសក់បានជាមធ្យមប្រមាណ ៥០០ គីឡូក្រាមក្នុងមួយថ្ងៃ។ ចំពោះតម្លៃលក់បោះដុំ គឺជាមធ្យមប្រមាណ ៨០០ រៀលក្នុងមួយគីឡូក្រាម ដែលអាចរកចំណូលបានប្រមាណ ៤០ ម៉ឺនរៀលក្នុងមួយថ្ងៃ។ ប្រសិនបើគិតជាមធ្យមក្នុងរយៈពេលមួយខែ ចំណូលអាចមានប្រមាណ ១២លានរៀល។
យ៉ាងណាក៏ដោយ តម្លៃតាសក់នៅលើទីផ្សារខេត្តបាត់ដំបងមានការប្រែប្រួលទៅតាមរដូវកាល ដោយអាចមានតម្លៃចន្លោះពី ៨០០ រៀល ដល់ ១ ២០០ រៀលក្នុងមួយគីឡូក្រាម ហើយអាចឡើងខ្ពស់ជាងនេះនៅពេលដែលទីផ្សារខ្វះខាតបន្លែ។
តាសក់ជាដំណាំរយៈពេលខ្លីដែលអាចប្រមូលផលបានក្នុងរយៈពេលត្រឹម ៣០ ទៅ ៣៥ ថ្ងៃក្រោយដាំ។ បន្ទាប់ពីប្រមូលផលលើកដំបូង កសិករអាចបេះផ្លែជាបន្តបន្ទាប់រាល់ថ្ងៃ ឬរំលងមួយថ្ងៃម្តង រយៈពេលប្រមាណ ២ ០ទៅ២ ៥ថ្ងៃទៀត ទើបអស់ផ្លែ។
ចំពោះបច្ចេកទេសដាំដុះ អ្នកស្រី សុភ័ណ បានបញ្ជាក់ថា កសិករត្រូវចាប់ផ្តើមពីការរៀបចំដី លើករង និងជ្រើសរើសពូជឱ្យបានត្រឹមត្រូវ។ នៅពេលដំណាំមានអាយុប្រមាណ ១២ ទៅ ១៥ ថ្ងៃ ត្រូវរៀបចំបោះបង្គោល និងចងសំណាញ់ធ្វើជាទ្រើង ដើម្បីឱ្យដើមតាសក់ឡើង ព្រមទាំងប្រើប្រាស់ប្រព័ន្ធទុយោដំណក់ទឹកសម្រាប់ស្រោចស្រព។
ក្រៅពីនេះ កសិករត្រូវប្រើជីកំប៉ុស្ត ឬជីលាមកសត្វពុកផុយសម្រាប់ទ្រាប់បាតរង និងបំប៉នជីគីមីតាមដំណាក់កាលលូតលាស់របស់ដំណាំ។ ការបំប៉នជីត្រូវធ្វើនៅដំណាក់កាលដំណាំមានអាយុ ១២ ទៅ ១៥ ថ្ងៃ និងដំណាក់កាលចេញផ្កា នៅអាយុប្រមាណ ២០ ទៅ ២៥ ថ្ងៃ។ ចាប់ពីថ្ងៃទី ៣០ ទៅ ៣៥ ផ្លែតាសក់ចាប់ផ្តើមធំពេញលេញ និងអាចប្រមូលផលយកទៅលក់បាន។
បើតាមអ្នកស្រី សុភ័ណ ការដាំតាសក់លើផ្ទៃដីទំហំ ៥០ អា ត្រូវចំណាយដើមទុនសរុបប្រមាណ ៤ លាន ៥ សែនរៀល ដោយរាប់បញ្ចូលទាំងការភ្ជួរដី គ្រាប់ពូជ កៅស៊ូគ្របរង ទុយោទឹក សំណាញ់ទ្រើង ជី ថ្នាំ និងកម្លាំងពលកម្ម។
អ្នកស្រីបានលើកឡើងថា ការដាំដុះនេះមិនទទួលបានប្រាក់ចំណេញច្រើនភ្លាមៗនោះទេ ប៉ុន្តែអាចជួយសម្រាលបន្ទុកចំណាយក្នុងគ្រួសារ។ មូលហេតុគឺដោយសារសម្ភារៈមួយចំនួន ដូចជា ទុយោទឹក បង្គោល និងសំណាញ់ទ្រើង អាចយកទៅប្រើប្រាស់ឡើងវិញបានពី ២ ទៅ ៣ វដ្តដំណាំ ដែលជួយកាត់បន្ថយចំណាយនៅវដ្តបន្ទាប់ និងបង្កើនប្រាក់ចំណេញ។
អ្នកស្រីក៏បានបញ្ជាក់ថា គ្រួសាររបស់អ្នកស្រីធ្លាប់ជួបការខាតបង់ក្នុងដំណាក់កាលដំបូង ដោយសារខ្វះបទពិសោធន៍ និងបច្ចេកទេសដាំដុះ។ ក្រោយមក ពួកគាត់បានកែសម្រួលវិធីសាស្ត្រ និងអនុវត្តតាមការណែនាំបច្ចេកទេសពីអ្នកជំនាញ ទើបអាចធ្វើឱ្យការដាំដុះមានលទ្ធផលល្អប្រសើរជាងមុន។
សម្រាប់តំបន់ផលិតកម្មកសិកម្មក្នុងខេត្តបាត់ដំបង ស្រុកបាណន់ ស្រុកថ្មគោល និងស្រុកឯកភ្នំ សុទ្ធតែជាតំបន់ដែលមានសក្តានុពលដាំដុះបន្លែ ដោយសារមានប្រភពទឹក និងដីមានជីជាតិ ដែលអាចគាំទ្រដល់ការផលិត និងផ្គត់ផ្គង់បន្លែទៅកាន់ទីផ្សារក្នុងស្រុក។
ទន្ទឹមនឹងនេះ អ្នកស្រី សុភ័ណ ក៏បានលើកឡើងពីសារៈសំខាន់នៃការគាំទ្រផលិតផលកសិកម្មក្នុងស្រុក ដោយបញ្ជាក់ថា ការគាំទ្របន្លែដែលផលិតដោយកសិករក្នុងស្រុក មិនត្រឹមតែជួយលើកទឹកចិត្តដល់អ្នកដាំដុះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឱ្យកសិករពង្រឹងការផលិត និងដាំដុះបន្លែមានសុវត្ថិភាព ដែលអាចប្រកួតប្រជែងលើទីផ្សារបានគ្រប់រដូវកាល ទាំងរដូវប្រាំង និងរដូវវស្សាផងដែរ៕







វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content