ភ្នំពេញ ៖ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកទីផ្សារ និងការបំពេញតម្លៃបន្ថែមទៅលើរាល់ផលិតផលកសិកម្ម ក្រសួងចំនួន ៣ និងស្ថាប័នពាក់ព័ន្ធបានចាប់ដៃសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធ្វើយ៉ាងណាបង្កើនការផលិត ពង្រឹងគុណភាព មានរសជាតិឆ្ងាញ់ ព្រមទាំងការវេចខ្ចប់ដែលមានលក្ខណៈស្តង់ដារ អាចបំពេញតម្លៃបន្ថែម ជាពិសេស ជំរុញការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារសហភាពអឺរ៉ុប។
នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ឆ្នាំ២០២៦ ក្រោមមូលបទ «ពីកម្ពុជាទៅកាន់ពិភពលោក៖ ការធ្វើពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប» ត្រូវបានប្រកាសបើកដោយមានលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាអធិបតី ព្រមទាំងវត្តមាន ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, លោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា លោក Bryan Fornari ប្រធានផ្នែកសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ព្រមទាំងតំណាងក្រសួង ស្ថាប័ន អង្គទូត ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនជាតិ និងអន្តរជាតិជាច្រើននាក់ទៀត។

លោកជំទាវ ចម និម្មល បានមានប្រសាសន៍ថា វេទិកាដែលរៀបចំឡើងជាលើកទី២នេះ ជាឱកាសដ៏សំខាន់ក្នុងការប្រមូលផ្តុំអ្នកផលិត អ្នកកែច្នៃ អ្នកនាំចេញ និងវិនិយោគិន ដើម្បីចែករំលែកចំណេះដឹង ជំរុញការវិនិយោគលើការកែច្នៃបង្កើតតម្លៃបន្ថែម និងពង្រីកទីផ្សារសម្រាប់ស្វាយចន្ទី និងម្រេចកម្ពុជា ជាពិសេសទីផ្សារសហភាពអឺរ៉ុប។
លោកជំទាវរដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើកិច្ចសហការរវាងក្រសួងទាំងបី ក្នុងស្មារតីជាតួអង្គតែមួយ គោលដៅរួម គឺដើម្បីតភ្ជាប់ខ្សែច្រវាក់តម្លៃ ចាប់ពីការដាំដុះ ការកែច្នៃ និងការពង្រឹងគុណភាព រហូតដល់ការស្វែងរកទីផ្សារ និងការនាំចេញដោយចីរភាព ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាពីប្រទេសផ្គត់ផ្គង់វត្ថុធាតុដើមកសិកម្ម ទៅជាប្រទេសផលិត និងនាំចេញផលិតផលកសិ-ឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់។ ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្មបានបន្តជំរុញការធ្វើពិពិធកម្មទីផ្សារ ការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ការកសាងម៉ាកសញ្ញា និងការដឹកនាំសហគ្រាសកម្ពុជាចូលរួមពិព័រណ៍អន្តរជាតិធំៗ ដូចជា SIAL Paris និង Anuga ព្រមទាំងការរៀបចំជំនួបពាណិជ្ជកម្ម ដើម្បីតភ្ជាប់ផលិតផលកម្ពុជាទៅកាន់អ្នកបញ្ជាទិញ និងបណ្តាញចែកចាយទាំងលក់រាយនិងបោះដុំ អន្តរជាតិ។
ពាក់ព័ន្ធទៅនឹងលក្ខណៈពិសេសនៃផលិតផលកម្ពុជាត្រូវបានលោកជំទាវបញ្ចាក់ថា គ្រាប់ស្វាយចន្ទីកម្ពុជាមានទំហំធំ និងរសជាតិខ្ទិះឆ្ងាញ់ជាប់មាត់ ខណៈម្រេចកំពតត្រូវបានចុងភៅលំដាប់កំពូលៗជ្រើសរើសជាគ្រឿងទេសសម្រាប់ចម្អិនម្ហូបនៅតាមភោជនីយដ្ឋានដ៏ប្រណីតជុំវិញពិភពលោក។ ជាមួយគ្នានេះ តាមរយៈកិច្ចខិតខំប្រឹងប្រែងជំរុញ និងសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម ផលិតផលកសិ-កែច្នៃរបស់កម្ពុជា រួមទាំងគ្រាប់ស្វាយចន្ទី និងម្រេច បច្ចុប្បន្នកំពុងមានវត្តមានដាក់លក់នៅតាមផ្សារអន្តរជាតិសរុបជាង ២៣ ០០០ទីតាំង ក្នុងនោះមានបណ្តាញផ្សារធំៗ ដូចជា Costco, E.Leclerc, Carrefour និង Tesco ជាដើម។ វឌ្ឍនភាពនេះ ឆ្លុះបញ្ចាំងពីការពង្រីកវត្តមានផលិតផលកម្ពុជានៅលើទីផ្សារអន្តរជាតិ និងជាកម្លាំងជំរុញឱ្យបន្តពង្រឹងគុណភាព បង្កើនតម្លៃបន្ថែម និងស្វែងរកឱកាសទីផ្សារថ្មីៗបន្ថែមទៀត។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានបើក និងពង្រីកការនាំចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុប សម្រាប់កសិផលមានសក្តានុពលរបស់កម្ពុជា ដូចជាគ្រាប់ស្វាយចន្ទី និងម្រេច ដើម្បីបង្កើតតម្លៃបន្ថែម និងផ្ដល់ផលចំណេញសេដ្ឋកិច្ចជូនគ្រួសារកសិករជាអ្នកផលិត។
ជាការកត់សម្គាល់ តបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងកសិកម្ម បានបន្តជ្រោមជ្រែងប្រជាកសិករតាមរយៈកម្មវិធីហិរញ្ញប្បទានដើម្បីលើកស្ទួយផលិតកម្ម ការចងក្រងសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ ដើម្បីរួមចំណែកកាត់បន្ថយថ្លៃដើមផលិតកម្ម តភ្ជាប់ខ្សែច្រវាក់តម្លៃ លើកកម្ពស់ការអនុវត្តកសិកម្មល្អ(GAP) និងពង្រឹងគុណភាព សុវត្ថិភាព និងភាពធន់នៃផលិតកម្មកសិកម្ម។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ដែរថា ការសម្រេចបាននូវការនាំកសិផលកម្ពុជាទៅកាន់ទីផ្សារសហភាពអឺរ៉ុប ដែលជាទីផ្សារតម្រូវការស្តង់ដារគុណភាព និងសុវត្ថិភាពខ្ពស់បំផុតក្នុងពិភពលោក គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីគុណភាព ភាពធន់ និងសមត្ថភាពឆ្លើយតបរបស់កសិករ អ្នកកែច្នៃ និងអ្នកនាំចេញកម្ពុជា។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្វាគមន៍យ៉ាងកក់ក្តៅដល់ដៃគូអភិវឌ្ឍន៍ វិនិយោគិន និងធុរជនទាំងអស់ ក្នុងការបន្តគាំទ្រ និងវិនិយោគលើការពង្រឹងខ្សែច្រវាក់តម្លៃផលិតផលកសិកម្មកម្ពុជា ដើម្បីប្រែក្លាយសក្តានុពលកសិកម្មឱ្យទៅជាឱកាសសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។

នៅក្នុងឱកាសបើកវេទិកាថ្ងៃដំបូង រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានលើកឡើងផងដែរថា កម្ពុជាកំពុងជំរុញការនាំចេញផលិតផលស្វាយចន្ទី និងម្រេច ទៅកាន់ទីផ្សារអឺរ៉ុប តាមរយៈការពង្រឹងសមត្ថភាពកែច្នៃក្នុងស្រុក ការលើកកម្ពស់គុណភាពផលិតផល និងការអនុលោមតាមស្តង់ដារអន្តរជាតិ។
ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា ៖ « គោលដៅរបស់យើងមិនមែនគ្រាន់តែបង្កើនបរិមាណនាំចេញនោះទេ ប៉ុន្តែត្រូវជំរុញការកែច្នៃក្នុងស្រុក លើកកម្ពស់គុណភាព និងស្តង់ដារ ព្រមទាំងកសាងម៉ាកសញ្ញា ដើម្បីឱ្យផលិតផលកម្ពុជាទទួលបានតម្លៃបន្ថែមកាន់តែខ្ពស់ និងការទទួលស្គាល់លើទីផ្សារអន្តរជាតិ។ យើងត្រូវប្រែក្លាយកិច្ចសហការទៅជាលទ្ធផលសេដ្ឋកិច្ចជាក់ស្តែង តាមរយៈការវិនិយោគ ការផ្ទេរបច្ចេកវិទ្យា និងភាពជាដៃគូពាណិជ្ជកម្ម ដែលនាំទៅដល់កិច្ចព្រមព្រៀងទិញលក់ និងការពង្រីកការនាំចេញ»។
ឯកឧត្តម បានបន្តឱ្យដឹងទៀតថា ការប្រើប្រាស់សមត្ថភាពកែច្នៃដែលមានស្រាប់ឱ្យកាន់តែមានប្រសិទ្ធភាព ទាមទារឱ្យមានការផ្សារភ្ជាប់កាន់តែប្រសើររវាងការផ្គត់ផ្គង់វត្ថុធាតុដើម ហិរញ្ញប្បទាន បច្ចេកវិទ្យា ជំនាញ និងទីផ្សារ។ ដោយឡែក ចំពោះវិស័យម្រេច ការចុះបញ្ជីម្រេចកំពតជាផលិតផលសម្គាល់ភូមិសាស្ត្រនៅសហភាពអឺរ៉ុប ជាឧទាហរណ៍នៃការប្រើប្រាស់លក្ខណៈពិសេសផ្នែករសជាតិ គុណភាព និងអត្តសញ្ញាណប្រភពដើម សម្រាប់បង្កើនគុណតម្លៃផលិតផលខ្មែរនៅលើទីផ្សារអន្តរជាតិ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានរំលេចពីការខិតខំអភិវឌ្ឍស្តង់ដារជាតិសម្រាប់ផលិតផលគ្រាប់ស្វាយចន្ទី និងការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ក្នុងការធ្វើតេស្តវិភាគសំណល់ថ្នាំកសិកម្ម សារធាតុពុល លោហៈធ្ងន់ និងមេរោគបង្កគ្រោះថ្នាក់ ដើម្បីគាំទ្រការធានាគុណភាព និងសុវត្ថិភាពផលិតផលស្វាយចន្ទី និងម្រេចកម្ពុជា។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងអនុវត្តគំនិតផ្តួចផ្តើមលើបច្ចេកវិទ្យាកែច្នៃម្ហូបអាហារ សេវាគាំទ្រធុរកិច្ច និងការវេចខ្ចប់ប្រកបដោយនិរន្តរភាព ដើម្បីជួយសហគ្រាសលើកកម្ពស់គុណភាពផលិតផល ពង្រឹងសមត្ថភាពកែច្នៃ និងបំពេញតាមតម្រូវការទីផ្សារ។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ កម្ពុជាផលិតស្វាយចន្ទីបានប្រមាណ ១លានតោន ប៉ុន្តែភាគច្រើនត្រូវបាននាំចេញជាគ្រាប់ឆៅ។ រោងចក្រ និងសហគ្រាសកែច្នៃក្នុងស្រុកមានសមត្ថភាពកែច្នៃសរុបប្រមាណ ៨៦.៨០០តោនក្នុងមួយឆ្នាំ ខណៈបរិមាណកែច្នៃជាក់ស្តែងមានត្រឹម ២២.៦០០តោន ឬប្រមាណ ២៦% នៃសមត្ថភាពដែលមានស្រាប់។
យោងតាមសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងដែរថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៦កន្លងទៅនេះ កម្ពុជាបានសម្រេចការនាំចេញគ្រាប់ស្វាយចន្ទីឆៅក្នុងបរិមាណដ៏ច្រើនលើសលប់ប្រមាណជាង ១លានតោន ដោយរកចំណូលបានជាង ១ ៧០០លានដុល្លារអាម៉េរិក កើនឡើង ២៨.៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។
ដោយឡែក សម្រាប់វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ឆ្នាំ២០២៦ ក្រោមមូលបទ «ពីកម្ពុជាទៅកាន់ពិភពលោក៖ ការធ្វើពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប» ធ្វើឡើងរយៈពេល ២ថ្ងៃ (១០-១១ ខែវិច្ឆិកា) នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ ក្នុងគោលបំណងតភ្ជាប់អ្នកផលិត និងអ្នកនាំចេញកម្ពុជា ជាមួយអ្នកទិញ និងវិនិយោគិនអឺរ៉ុប ដើម្បីបង្កើតឱកាសនាំចេញផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ ទាក់ទាញការវិនិយោគ និងការផ្ទេរបច្ចេកវិទ្យា ព្រមទាំងពង្រឹងខ្សែច្រវាក់តម្លៃក្នុងស្រុក៕






វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content