ហ្វូចូវ៖ ស្ថាប័នសារព័ត៌មានកម្ពុជាចំនួន ៣ រួមមាន AMS, សារព័ត៌មានថ្មីៗ និងសារព័ត៌មានដើមអម្ពិល កំពុងចូលរួមក្នុងវេទិកាសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយផ្លូវមួយ ខ្សែក្រវាត់មួយ ឆ្នាំ២០២៦ និងវេទិកាសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយអាស៊ានបូកបី (APT) លើកទី១២ ដែលប្រព្រឹត្តទៅនៅទីក្រុងហ្វូចូវ ខេត្តហ្វូជៀន ប្រទេសចិន ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែវិច្ឆិកា។
ស្ថាប័នសារព័ត៌មានកម្ពុជាទាំង ៣ ស្ថិតក្នុងចំណោមអង្គភាពព័ត៌មានជាង ១៧០ មកពីប្រទេសជាង ១០០ ជុំវិញពិភពលោក ដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ ក្រោមការរៀបចំរបស់សារព័ត៌មានចិន People’s Daily។
ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក វេទិកាសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយផ្លូវមួយ ខ្សែក្រវាត់មួយ បានក្លាយជាជំនួបដ៏សំខាន់សម្រាប់វិស័យសារព័ត៌មានអន្តរជាតិ ដោយផ្តល់ឱកាសដល់អ្នករៀបចំគោលនយោបាយ អ្នកសារព័ត៌មាន វិនិយោគិន និងអ្នកបញ្ញវន្ត ជួបជុំ ផ្លាស់ប្តូរទស្សនៈ និងពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងគ្នា។
សម្រាប់ឆ្នាំនេះ វេទិកាត្រូវបានរៀបចំក្រោមប្រធានបទ «ការស្វែងយល់រួម និងបំណងប្រាថ្នារួម៖ មួយទសវត្សរ៍នៃសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយផ្លូវមួយ ខ្សែក្រវាត់មួយ»។ កិច្ចពិភាក្សានឹងផ្តោតលើតួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងបរិបទអន្តរជាតិដែលកំពុងផ្លាស់ប្តូរ ឱកាស និងបញ្ហាប្រឈមពីការរីកចម្រើននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការប្រាស្រ័យទាក់ទងជាសកល។
ដោយឡែក វេទិកាសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយអាស៊ានបូកបីលើកទី១២ នឹងប្រមូលផ្តុំថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មានធំៗ អ្នកបញ្ញវន្ត អ្នកជំនាញ និងថ្នាក់ដឹកនាំធុរកិច្ចមកពីបណ្តាប្រទេសអាស៊ានបូកបី ដើម្បីពិភាក្សាពីសក្តានុពលនៃយន្តការកិច្ចសហប្រតិបត្តិការនេះ ព្រមទាំងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្តូរចំណេះដឹងផ្នែកអរិយធម៌រវាងប្រទេសសមាជិក។
សម្រាប់កម្ពុជា ការចូលរួមរបស់ស្ថាប័នសារព័ត៌មានទាំង ៣ ផ្តល់ឱកាសដល់ប្រព័ន្ធផ្សព្វផ្សាយជាតិក្នុងការបង្កើតទំនាក់ទំនងជាមួយដៃគូអន្តរជាតិ និងចូលរួមក្នុងការផ្លាស់ប្តូរទស្សនៈលើកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ និងពិភពលោក។
យោងតាមអ្នករៀបចំកម្មវិធី ព្រឹត្តិការណ៍នេះក៏មានការរៀបចំសិក្ខាសាលាប្រព័ន្ធផ្សព្វផ្សាយរយៈពេលមួយសប្តាហ៍នៅក្នុងប្រទេសចិនផងដែរ៕





វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content