បរទេស៖ ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI) ដើម្បីជំរុញឱកាសពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យាថ្មីៗ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Star កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាទ្វេភាគីរវាងឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសឡាវ លោក Thongsavan Phomvihane និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ឡាវទៅកាន់ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែវិច្ឆិកា។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសឡាវ ភាគីទាំងពីរបានព្រមព្រៀងជំរុញការតភ្ជាប់បណ្តាញផ្លូវដែកចិន-ឡាវ-ថៃឱ្យកាន់តែរឹងមាំ ការបង្កើតច្រករបៀងសេដ្ឋកិច្ចឡាវ-ចិន និងការពង្រីកកិច្ចសហប្រតិបត្តិការលើឧស្សាហកម្មដែលកំពុងលេចធ្លោ។ ការពិភាក្សាក៏បានគ្របដណ្តប់លើវិស័យបញ្ញាសិប្បនិម្មិត សេដ្ឋកិច្ចឌីជីថល ឧស្សាហកម្មផលិតកម្មទំនើប និងសកម្មភាពសេដ្ឋកិច្ចឆ្លងដែនផងដែរ។
រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានលើកឡើងថា ចិនត្រៀមខ្លួនជាស្រេចក្នុងការសហការជាមួយឡាវ ដើម្បីបន្តកសាងសហគមន៍ដែលមានអនាគតរួមគ្នា។ លោកបានជំរុញឱ្យភាគីទាំងពីរប្រើប្រាស់យន្តការគណៈកម្មាធិការរួមសម្រាប់កិច្ចសហប្រតិបត្តិការលើច្រករបៀងសេដ្ឋកិច្ចចិន-ឡាវឱ្យបានពេញលេញ ពន្លឿនការអភិវឌ្ឍផ្លូវដែកចិន-ឡាវ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងធនធានរ៉ែ។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសឡាវ លោក Thongsavan Phomvihane បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ឡាវក្នុងការជំរុញការកសាងសហគមន៍ឡាវ-ចិនដែលមានអនាគតរួមគ្នា ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយចិនលើវិស័យតភ្ជាប់ ថាមពល ធនធានរ៉ែ និងបញ្ញាសិប្បនិម្មិត។
ចាប់តាំងពីបើកដំណើរការក្នុងខែធ្នូ ឆ្នាំ២០២១ ផ្លូវដែកឡាវ-ចិន ដែលតភ្ជាប់រាជធានីវៀងចន្ទន៍ទៅកាន់ទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន បានក្លាយជាផ្លូវពាណិជ្ជកម្មដ៏សំខាន់មួយក្នុងតំបន់។ យោងតាមទិន្នន័យពីក្រុមហ៊ុន China Railway Kunming Group ផ្លូវដែកនេះបានដឹកជញ្ជូនទំនិញសរុបជាង ៩០ លានតោន ចាប់តាំងពីបើកដំណើរការ ក្នុងនោះទំនិញជាង ២១ លានតោនត្រូវបានដឹកជញ្ជូនឆ្លងកាត់ព្រំដែនអន្តរជាតិ។
ក្រៅពីការពង្រឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន វិស័យបញ្ញាសិប្បនិម្មិត និងសេដ្ឋកិច្ចឌីជីថលក៏កំពុងក្លាយជាផ្នែកសំខាន់មួយនៃកិច្ចសហប្រតិបត្តិការរវាងឡាវ និងចិន។ រដ្ឋាភិបាលនៃប្រទេសទាំងពីរមានផែនការពង្រឹងទំនាក់ទំនងលើវិស័យបច្ចេកវិទ្យាអប់រំ និងការសិក្សាឌីជីថល ដើម្បីលើកកម្ពស់សមត្ថភាពរបស់មន្ត្រីសាធារណៈ និងប្រជាពលរដ្ឋ។
ផ្អែកលើកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីឡាវ លោក Thongloun Sisoulith ទៅកាន់ប្រទេសចិនកាលពីខែមិថុនាកន្លងទៅ ចិនបានប្តេជ្ញាផ្តល់ការបណ្តុះបណ្តាលដល់មន្ត្រីរដ្ឋាភិបាល អ្នកជំនាញ និងបុគ្គលិកបច្ចេកទេសឡាវចំនួន ៣.០០០ នាក់ ព្រមទាំងផ្តល់អាហារូបករណ៍ដល់ប្រជាពលរដ្ឋឡាវរហូតដល់ ១ ម៉ឺននាក់ ឱ្យចូលសិក្សានៅគ្រឹះស្ថានអប់រំរបស់ចិនក្នុងឆ្នាំខាងមុខ។
ទន្ទឹមនឹងនេះ ចិន និងឡាវក៏បានព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការក្រោមយន្តការ «៣+៣» ដែលរួមមានវិស័យការបរទេស ការពារជាតិ និងសន្តិសុខសាធារណៈ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ធនធានរ៉ែ ការសម្រួលពាណិជ្ជកម្ម និងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនផងដែរ។
គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងឡាវ និងចិនបានឈានដល់ ៩,៨២ ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ កើនឡើង ១៩,៣% បើធៀបនឹងឆ្នាំ២០២៤។ ចិនក៏ជាប្រភពវិនិយោគបរទេសដ៏ធំបំផុតរបស់ឡាវ ដោយបានវិនិយោគលើវិស័យឧស្សាហកម្មជាច្រើន ចាប់ពីវិស័យអាកាសចរណ៍ និងអវកាស រហូតដល់គម្រោងអភិវឌ្ឍន៍នៅថ្នាក់មូលដ្ឋាន ដែលជាផ្នែកមួយក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសឡាវ៕





វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content