បរទេស៖ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម (MOIT) សហការជាមួយមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មខេត្ត An Giang បានរៀបចំសន្និសីទស្តីពីការលើកកម្ពស់ការតភ្ជាប់ពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការធុរកិច្ច និងពង្រីកឱកាសពាណិជ្ជកម្មឆ្លងដែនរវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Plus។
សន្និសីទនេះជាផ្នែកមួយនៃគម្រោងជំរុញពាណិជ្ជកម្មឆ្លងដែន និងការនាំចេញពីវៀតណាមទៅកាន់កម្ពុជា ក្នុងឆ្នាំ២០២៦ ដែលមានគោលបំណងរួមចំណែកបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ ២០ ពាន់លានដុល្លារអាម៉េរិក នៅត្រឹមឆ្នាំ ២០៣០។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្តមានការរីកចម្រើនជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបានរួមចំណែកគាំទ្រដល់លំហូរទំនិញ ការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ និងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី។
ទិន្នន័យពាណិជ្ជកម្មក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ ២០២៦ បង្ហាញថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមសម្រេចបាន ៨,៦៧ ពាន់លានដុល្លារអាម៉េរិក កើនឡើង ៨,៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ វៀតណាមនាំចេញទំនិញមកកម្ពុជាមានតម្លៃ ៤,២៨ ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៣,៨% ខណៈការនាំចូលពីកម្ពុជាមានតម្លៃ ៤,៣៨ ពាន់លានដុល្លារអាម៉េរិក កើនឡើង ៣,៤%។
ក្រសួងវៀតណាមបានចាត់ទុកតួលេខនេះថា ជាសញ្ញាបង្ហាញពីសក្តានុពលសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មបន្ថែមទៀត និងតម្រូវការក្នុងការពង្រឹងការតភ្ជាប់រវាងសហគ្រាសនៃប្រទេសទាំងពីរ ដើម្បីចាប់យកឱកាសទីផ្សារឱ្យកាន់តែទូលំទូលាយ។
សន្និសីទនេះផ្តល់វេទិកាដល់ស្ថាប័នរដ្ឋាភិបាល សមាគមឧស្សាហកម្ម និងសហគ្រាសកម្ពុជា-វៀតណាម ដើម្បីផ្លាស់ប្តូរព័ត៌មានទីផ្សារ និងបទពិសោធន៍ ស្វែងរកដៃគូសហការ ផ្សារភ្ជាប់តម្រូវការផ្គត់ផ្គង់ និងពង្រីកបណ្តាញចែកចាយផលិតផល។
អ្នកចូលរួមក្នុងសន្និសីទនេះ រួមមានថ្នាក់ដឹកនាំទីភ្នាក់ងារឃ្លាំមើល និងអភិវឌ្ឍន៍ទីផ្សារក្នុងស្រុកនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម មន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មខេត្ត An Giang អង្គភាពពាក់ព័ន្ធរបស់ក្រសួង និងការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅកម្ពុជា។ ក៏មានតំណាងមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មតាមបណ្តាខេត្ត-ក្រុងភាគខាងត្បូងវៀតណាម អាជ្ញាធរមូលដ្ឋានកម្ពុជា សមាគមឧស្សាហកម្ម និងក្រុមហ៊ុនធុរកិច្ចនៃប្រទេសទាំងពីរផងដែរ។
ចំណុចសំខាន់ៗនៃកិច្ចពិភាក្សា រួមមាននិន្នាការទីផ្សារ តម្រូវការអ្នកប្រើប្រាស់ លក្ខខណ្ឌនៃការចូលទៅកាន់ទីផ្សារ និងឱកាសពាណិជ្ជកម្ម។ ភាគីពាក់ព័ន្ធក៏នឹងចែករំលែកបទពិសោធន៍ក្នុងការកែលម្អគុណភាពផលិតផល ការរចនាម៉ូដ ការវេចខ្ចប់ និងការកសាងម៉ាកយីហោ ព្រមទាំងការបំពេញតាមស្តង់ដារគុណភាព ការតាមដានប្រភពដើមទំនិញ ការដាក់ស្លាកសញ្ញា និងសុវត្ថិភាពចំណីអាហារ។
ក្រៅពីនេះ សន្និសីទនឹងពិភាក្សាអំពីការពង្រីកទីផ្សារ និងបណ្តាញចែកចាយ ការកែលម្អប្រព័ន្ធភស្តុភារកម្ម ការជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-commerce) និងការបង្កើនប្រសិទ្ធភាពនៃការនាំចេញ ដោយផ្តោតលើការបង្ហាញពីផលិតផលដែលមានសក្តានុពលប្រកួតប្រជែង និងការដោះស្រាយបញ្ហាប្រឈមក្នុងពាណិជ្ជកម្មឆ្លងដែន។
ជាមួយគ្នានេះ ក៏មានវគ្គជំនួបផ្គូផ្គងអាជីវកម្ម ដែលផ្តល់ឱកាសឱ្យក្រុមហ៊ុនកម្ពុជា និងវៀតណាមបង្ហាញពីតម្រូវការរបស់ខ្លួន កំណត់អត្តសញ្ញាណដៃគូសក្តានុពល និងស្វែងរកកាលានុវត្តភាពសហប្រតិបត្តិការថ្មីៗ។
ស្របពេលជាមួយសន្និសីទនេះ ពិព័រណ៍តភ្ជាប់ពាណិជ្ជកម្មកម្ពុជា-វៀតណាម ក៏ត្រូវបានរៀបចំឡើងនៅទីតាំងតែមួយ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ដោយដាក់តាំងបង្ហាញផលិតផលពិសេសៗប្រចាំតំបន់ ផលិតផលក្រោមកម្មវិធី «ឃុំមួយ ផលិតផលមួយ» (OCOP) ផលិតផលកសិកម្ម និងជលផល ទំនិញប្រើប្រាស់ និងផលិតផលផ្សេងៗដែលមានទិសដៅនាំចេញរបស់សហគ្រាសប្រទេសទាំងពីរ។
ពិព័រណ៍នេះក៏មានសកម្មភាពផ្សព្វផ្សាយផលិតផល ការផ្តល់ជូនពិសេសសម្រាប់អ្នកទិញ ការទាក់ទាញអតិថិជន ការសម្តែងសិល្បៈ ការផ្លាស់ប្តូរវប្បធម៌ ការលក់ទំនិញតាមប្រព័ន្ធផ្សាយផ្ទាល់ និងការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល ដើម្បីទាក់ទាញអ្នកទស្សនា និងជំរុញការប្រើប្រាស់ផលិតផល។
តាមរយៈការចូលរួមពីស្ថាប័នរដ្ឋាភិបាល សមាគមឧស្សាហកម្ម និងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ សន្និសីទ និងពិព័រណ៍នេះត្រូវបានរំពឹងថា នឹងបង្កើតឱកាសសហប្រតិបត្តិការជាក់ស្តែង ជួយសម្រួលដល់ពាណិជ្ជកម្មឆ្លងដែន និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-វៀតណាមឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព៕





វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content