ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា គ្រោងពង្រីកការសិក្សាឌីជីថលដល់សាលាបឋមសិក្សាប្រមាណ ៧,០០០ សាលាទូទាំងប្រទេស ស្របពេលក្រុមហ៊ុន KH Haitech កំពុងពន្លឿនការសាងសង់រោងចក្រដំឡើងថេប្លេត (tablet) នៅរាជធានីភ្នំពេញ ក្រោមទុនវិនិយោគសរុប ១០០ លានដុល្លារ។
ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៅថ្ងៃទី២៨ ខែតុលា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងអប់រំ យុវជន និងកីឡា ពង្រីកការដាក់ឱ្យប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា និងការបង្រៀនឌីជីថលទៅដល់សាលាបឋមសិក្សាទូទាំងប្រទេស ដោយអនុវត្តជាជំហានៗ។
សម្តេចធិបតីបានបញ្ជាក់ថា ក្រសួងអប់រំបានបង្កើត និងដំណើរការថ្នាក់រៀនគំរូ ឬថ្នាលសិក្សាឌីជីថលសាកល្បងនៅតាមសាលាបឋមសិក្សាមួយចំនួនតាំងពីឆ្នាំ២០២៤។ ទោះជាយ៉ាងណា ការពង្រីកកម្មវិធីនេះទៅកាន់សាលាបឋមសិក្សាប្រមាណ ៧,០០០ សាលាទូទាំងប្រទេស តម្រូវឱ្យមានការរៀបចំធនធាន និងសម្ភារៈបច្ចេកទេសឱ្យបានសមស្រប។
សម្តេចធិបតីបានលើកឡើងថា កន្លងមកមានការផ្តល់យោបល់ឱ្យផ្តោតលើសិស្សមធ្យមសិក្សា ឬមត្តេយ្យសិក្សា ដែលមានចំនួនសាលាតិចជាង និងអាចកាត់បន្ថយការចំណាយលើសម្ភារៈសិក្សា ដូចជាថេប្លេតជាដើម។ ប៉ុន្តែសម្តេចបានសម្រេចកំណត់យកកម្រិតបឋមសិក្សាជាគោលដៅអាទិភាព ដើម្បីពង្រឹងមូលដ្ឋានគ្រឹះឌីជីថលរបស់សិស្សតាំងពីដំបូង ទោះបីត្រូវការចំណាយខ្ពស់ជាងក៏ដោយ។

សម្តេចធិបតីក៏បានណែនាំឱ្យក្រសួងអប់រំ និងដៃគូអភិវឌ្ឍន៍ សហការគ្នាពង្រីកកម្មវិធីនេះឱ្យបានច្រើនសាលាជារៀងរាល់ឆ្នាំ តាមរយៈការទិញកុំព្យូទ័រយួរដៃ ថេប្លេត និងកម្មវិធីសិក្សាទំនើបៗដែលមានគុណភាព និងតម្លៃសមរម្យ។ ម្តេចបានបង្ហើបថា កម្ពុជានឹងមានក្រុមហ៊ុនដំឡើងថេប្លេតក្នុងស្រុកក្នុងពេលឆាប់ៗនេះ ដោយឧបករណ៍មួយគ្រឿងមានតម្លៃត្រឹមតែជាង ១០០ ដុល្លារ ដែលអាចជួយឱ្យការពង្រីកការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យអប់រំមានលទ្ធភាពកាន់តែច្រើន។
ពាក់ព័ន្ធនឹងការផ្គត់ផ្គង់ឧបករណ៍ឌីជីថលក្នុងស្រុក អ្នកឧកញ៉ា សំ សុខនឿន ម្ចាស់ក្រុមហ៊ុនខ្មែរអន្តរជាតិ និងជាម្ចាស់រោងចក្រ KH Haitech-Haier Global Business បានប្រាប់សារព័ត៌មាន AMS ថា ថេប្លេតស៊េរីថ្មីដែលគាំទ្រប្រព័ន្ធប្រតិបត្តិការ Android 16 នឹងចាប់ផ្តើមដាក់លក់រាយជាផ្លូវការនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៧។
អ្នកឧកញ៉ាបានឱ្យដឹងថា ក្រុមហ៊ុនជប៉ុនមួយបានបញ្ជាទិញថេប្លេតចំនួន ១ ម៉ឺនគ្រឿង សម្រាប់បុគ្គលិកប្រើប្រាស់ក្នុងការបំពេញការងារ ខណៈថេប្លេតជាង ១,០០០ គ្រឿងទៀត ត្រូវបានផ្តល់ជូនស្ថាប័នរដ្ឋដើម្បីសាកល្បង និងវាយតម្លៃគុណភាព។
អ្នកឧកញ៉ា សំ សុខនឿន បានបញ្ជាក់ថា អក្សរ «KH» នៅពីមុខពាក្យ «Haitech» តំណាងឱ្យខ្មែរ។ ក្រុមហ៊ុននេះមានបុត្រសម្ព័ន្ធកំពុងប្រតិបត្តិការនៅក្នុងប្រទេសចំនួន ១៦០ នៅទូទាំងពិភពលោក។ សម្រាប់ប្រតិបត្តិការនៅកម្ពុជា ក្រុមហ៊ុនមានគោលដៅពង្រីកទីផ្សារ រួមចំណែកដល់សេដ្ឋកិច្ចជាតិ និងផ្តល់លទ្ធភាពឱ្យបុគ្គលិក មន្ត្រីរាជការ និងជាពិសេសសិស្សានុសិស្ស អាចទិញឧបករណ៍ឌីជីថលទំនើបៗក្នុងតម្លៃសមរម្យ។
ចំពោះលក្ខណៈពិសេសរបស់ថេប្លេត KH Haitech Android 16 អ្នកឧកញ៉ាបានលើកឡើងថា ឧបករណ៍នេះអាចដំឡើងកម្មវិធីសិក្សា និងអនុញ្ញាតឱ្យអ្នកប្រើប្រាស់សរសេរដោយផ្ទាល់លើថេប្លេត ដូចជាការសរសេរក្នុងសៀវភៅកិច្ចតែងការបង្រៀន ឬកត់ត្រាមេរៀនប្រចាំថ្ងៃ។ ថេប្លេតនេះក៏អាចភ្ជាប់ស៊ីមកាត ប្រើប្រាស់អ៊ីនធឺណិត និងគាំទ្រការទំនាក់ទំនងតាមបណ្តាញសង្គមដែលក្រុមហ៊ុនបង្កើតឡើងសម្រាប់វិស័យអប់រំ ព្រមទាំងការប្រើប្រាស់ឧបទ្ទេសសិក្សាទំនើប និងឌីជីថល។
បច្ចុប្បន្ន ក្រុមហ៊ុន KH Haitech កំពុងត្រៀមនាំចូល និងចែកចាយកុំព្យូទ័រយួរដៃ និងថេប្លេតពីក្រុមហ៊ុនដៃគូនៅប្រទេសចិន ស្របពេលកំពុងពន្លឿនការសាងសង់រោងចក្រដំឡើងគ្រឿងបង្គុំដោយខ្លួនឯងនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ លើផ្ទៃដី ៥ ហិកតា ដែលគ្រោងបញ្ចប់នៅដំណាច់ឆ្នាំ ២០២៨។
អ្នកឧកញ៉ា សំ សុខនឿន អគ្គនាយកក្រុមហ៊ុន KH Haitech បានឱ្យដឹងថា រោងចក្រនេះមានទុនវិនិយោគសរុប ១០០ លានដុល្លារ ហើយនៅពេលដំណើរការផលិតកម្មពេញលេញ នឹងមានសមត្ថភាពដំឡើងថេប្លេតចំនួន ៤៥ គ្រឿងក្នុងមួយម៉ោង ឬ ៥៤០ គ្រឿងក្នុងមួយថ្ងៃ។
ការជំរុញការសិក្សាឌីជីថលដល់សាលាបឋមសិក្សា និងផែនការដំឡើងថេប្លេតក្នុងស្រុកនេះ សុទ្ធតែជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងពង្រីកការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យអប់រំ ដោយផ្តោតលើការពង្រឹងមូលដ្ឋានគ្រឹះឌីជីថលរបស់សិស្ស និងការបង្កើនលទ្ធភាពទទួលបានឧបករណ៍សិក្សាទំនើបៗក្នុងតម្លៃសមរម្យ៕





វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content