ភ្នំពេញ ៖ សក្ដានុពលដីធ្លីនៅតំបន់ជុំវិញរាជធានីភ្នំពេញឃើញថាបន្តមានកំណើនខ្ពស់ ហើយតម្លៃដីធ្លីនៅជុំវិញរាជធានីភ្នំពេញចម្ងាយប្រមាណ ៥០គីឡូម៉ែត្រគឺមានតម្លៃកាន់តែខ្ពស់ និងអាចបន្តកើនឡើងបន្ថែមទៀត ដែលជាឱកាសសម្រាប់អ្នកវិនិយោគក្នុងការទទួលបានប្រាក់ចំណេញនៅពេលអនាគត។
លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល (GRA)បានមានប្រសាសន៍កាលពីពេលកន្លងមកនេះថា តម្លៃដីធ្លីនៅជុំវិញរាជធានីភ្នំពេញតាមដងផ្លូវជាតិសំខាន់ៗមានតម្លៃមិនក្រោម១០០ដុល្លារទេក្នុងមួយម៉ែត្រការ៉េ ដូចជាផ្លូវជាតិលេខ៤ ចំងាយ៥០ម៉ែត្រចេញពីភ្នំពេញ ផ្លូវជាតិលេខ១ លេខ២ លេខ៣ លេខ៥ និងលេខ៦ជាដើម។
លោកឧកញ៉ាបន្តថា តែសម្រាប់ដីនៅផ្លូវក្នុង ឬជាប់ផ្លូវតូចៗតម្លៃមិនសូវខ្ពស់តែយ៉ាងណាក៏នៅតែមានសក្ដានុពល និងមានតម្រូវការដូចគ្នានៅពេលអនាគតខាងមុខនេះ ខណៈការអភិវឌ្ឍរាជធានីភ្នំពេញ កាន់តែសាយភាយទៅកាន់តំបន់ជាយៗរាជធានី។
លោក ឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Lucky ក៏បានឱ្យដឹងផងដែរថា ដីធ្លីនៅជុំវិញក្រុងភ្នំពេញនៅតែមានសក្ដានុពល ទោះបីស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ក្ដី ហើយនៅពេលអនាគតដីធ្លីនៅតំបន់ជុំវិញក្រុងនឹងនៅតែមានសក្ដានុពលនិងមានតម្លៃកាន់តែខ្ពស់ ជាពិសេសស្របទៅតាមផែនការរបស់រាជរដ្ឋាភិបាលក្នុងការពង្រីកផ្ទៃដីនៃវិសាលភាពរាជធានីភ្នំពេញ។
លោកបន្តថា តំបន់នៅជុំវិញក្រុងភ្នំពេញ សុទ្ធតែមានការទាក់ទាញនិងសក្ដានុពលគ្រាន់តែការអភិវឌ្ឍមានភាពខុសគ្នាតិចតួច គឺវាអាស្រ័យទៅលើទំនោររបស់ប្រជាពលរដ្ឋក្នុងការងាកទៅកាន់តំបន់មួយណា ។
អ្នកស្រី អាន សុធីតា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia ក៏បានឱ្យដឹងថាតំបន់ខាងត្បូងមានការអភិវឌ្ឍលើវិស័យលំនៅឋានច្រើនជាងគេ ដោយសារតែតំបន់នេះមានការអភិវឌ្ឍទៅលើហេដ្ឋារចនាសម្ព័ន្ធច្រើនខ្វាត់ខ្វែង និងមានការអភិវឌ្ឍទៅលើផ្សារទំនើប ការអភិវឌ្ឍផ្លូវក្រវ៉ាត់ក្រុង និងជាពិសេសព្រលានយន្តហោះអន្តរជាតិតេជោ ។ អ្នកស្រីបន្តថា តម្លៃដីធ្លីនៅជិតៗក្រុង ប្រហែលជាមិនទាន់ឡើងថ្លៃទេនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ពីព្រោះតម្លៃបានខ្ពស់រួចទៅហើយ ប៉ុន្តែនៅពេលអនាគតនឹងអាចបន្តឡើងបន្ថែមទៀត។ សម្រាប់ដីធ្លីដែលងាកចេញពីក្រុងភ្នំពេញបន្តិច នឹងអាចហក់ឡើងបន្ថែមទៀតនៅពេលឆាប់ៗនេះ៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ