ប៊ុលហ្គារី៖ រដ្ឋមន្ត្រីក្រសួងការពារជាតិប៊ុលហ្គារី លោក Dimitar Stoyanov និងអគ្គមេបញ្ជាការកងទ័ព លោក Emil Eftimov បានចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធនៅមុខវិមានរំលឹកគុណដល់កងទ័ពអាកាស ក្នុងរាជធានីសូហ្វីយ៉ា (Sofia) កាលពីថ្ងៃទី១៦ ខែតុលា ដើម្បីរំលឹកដល់យោធិនអាកាសចរណ៍ដែលបានពលីជីវិតក្នុងការបំពេញភារកិច្ច។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Novinata ប្រទេសប៊ុលហ្គារីបានប្រារព្ធ «ទិវាអាកាសចរណ៍ និងកងទ័ពអាកាសប៊ុលហ្គារី» ដោយភ្ជាប់ជាមួយការរំលឹកខួប ១១៤ឆ្នាំ នៃប្រតិបត្តិការយោធាតាមអាកាសលើកដំបូងរបស់ប្រទេសនេះ។
ក្នុងពិធីរំលឹកនេះ ការដាក់កម្រងផ្កាត្រូវបានរៀបចំឡើង ដើម្បីបង្ហាញការដឹងគុណ និងគោរពដល់យោធិនអាកាសចរណ៍ដែលបានពលីជីវិតក្នុងការការពារដែនអាកាសរបស់ប៊ុលហ្គារី ព្រមទាំងក្នុងការបំពេញភារកិច្ចនានាក្នុងគ្រាសន្តិភាព។
ពិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំ និងយោធិននៃកងទ័ពអាកាស ក្រុមតន្ត្រីកងពលតូចកិត្តិយស និងកងកិត្តិយសនៃកងពលតូចការពារជាតិ។ តំណាងមកពីស្ថាប័នប្រធានាធិបតី គណៈរដ្ឋមន្ត្រី កងកម្លាំងប្រដាប់អាវុធ អង្គទូត អាជ្ញាធរមូលដ្ឋាន និងអតីតយុទ្ធជននៃកងទ័ពអាកាស ក៏ត្រូវបានអញ្ជើញឱ្យចូលរួមផងដែរ។
កងទ័ពអាកាសប៊ុលហ្គារីត្រូវបានចាត់ទុកថាជាកងទ័ពអាកាសមួយក្នុងចំណោមកងទ័ពអាកាសដែលមានប្រវត្តិយូរជាងគេនៅអឺរ៉ុប និងលើពិភពលោក។ បច្ចុប្បន្ន កងទ័ពអាកាសនេះមានកម្លាំងសកម្មចំនួន ៨,៥០០នាក់ និងយន្តហោះយោធាសរុប ៧៥គ្រឿង។
ក្រៅពីភារកិច្ចការពារដែនអាកាស កងទ័ពអាកាសប៊ុលហ្គារីក៏បានចូលរួមយ៉ាងសកម្មក្នុងបេសកកម្ម និងសមយុទ្ធយោធាជាច្រើនរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នៅទ្វីបអឺរ៉ុបផងដែរ៕





វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content