ភ្នំពេញ ៖ ថ្មីៗនេះកម្ពុជាកំពុងស្វែងរកកាអនុម័តគោលនយោបាយជាតិស្វាយចន្ទី ដើម្បីបំពេញបន្ថែមនូវតម្លៃរបស់ស្វាយចន្ទី ចំពោះអ្នកដាំដុះ លើការអនុវត្តខ្សែចង្វាក់តម្លៃ និងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី និងអ្នកកែច្នៃ ផលិតកម្មកែច្នៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ដែលជំរុញឲ្យមានការប្រកួតប្រជែង និងការធ្វើពិពិធកម្មទីផ្សារផងដែរ។ ប៉ុន្តែកសិករអ្នកដាំដំណាំស្វាយចន្ទីមួយចំនួនហាក់មិនទាន់បានយល់ដឹងច្បាស់ថា តើគោលនយោបាយនេះជួយអ្វីខ្លះដល់ពួកគាត់។

លោក អេង ថុង ប្រធានសហគមន៍សំបូរមានជ័យបានថ្លែងប្រាប់ AMS ពីគោលបំណងចង់ឱ្យការងារបង្កើតសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី សម្រេចបានផលនាពេលឆាប់ៗ ព្រោះសហគមន៍មានស្វាយចន្ទីជាង ២០០ហិកតា ខណៈដែលសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកមានតិចតួចនៅឡើយ។ ម៉្យាងវិញទៀត គ្រាប់ស្វាយចន្ទីរបស់ប្រជាកសិករតាមគ្រួសារ(មិនបានចូលជាសហគមន៍) នៅមានរាយប៉ាយច្រើន ដែលលោកសង្ឃឹមថានឹងអាចប្រមូលផ្តុំបាន និងបង្កភាពងាយស្រួលក្នុងការកែច្នៃសម្រាប់នាំចេញទៅកាន់ទីផ្សាររួម។

លោក អេង ថុង បានមានប្រសាសន៍ថា ៖
«បើគោលនយោបាយជាតិស្តីពីស្វាយចន្ទីល្អ ជួយដល់កសិករ យើងអាចផ្តល់ការងារជូនដល់ពលរដ្ឋក្នុងតំបន់ ក៏ដូចជាកសិករមួយចំនួនទៀត ដោយអាចចូលរួមជួយកាត់បន្ថយការធ្វើចំណាកស្រុក ហើយអាចអភិវឌ្ឍសមត្ថភាពផលិតកម្មនៃសិប្បកម្មក្នុងការកែច្នៃ ក៏ដូចជាផលិតនូវគ្រាប់ស្វាយចន្ទីសម្រាប់នាំចេញពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ»
លោកស្រី ឡឹង ម៉ានុត ជាម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីចំការលើ បានប្រាប់ AMS ផងដែរថា សិប្បកម្មរបស់លោកស្រីបានបង្កើតតាំងពីឆ្នាំ២០១៦ និងមានការទទួលស្គាល់ពីសំណាក់អតិថិជនក្នុងស្រុក និងបានដាក់លក់នៅក្នុងផ្សារទំនើបក្នុងស្រុកមួយចំនួនផងដែរដូចជា ឡាក់គី និងអ៊ីអនជាដើម បន្ថែមពីនេះក៏បានធ្វើការផ្គត់ផ្គងទីផ្សារយ៉ាងទូលាយ ទាំងការលក់ដុំ និងលក់រាយទៅតាមបណ្តាខេត្តផងដែរ។

លោកស្រី ឡឹង ម៉ានុត បានមានប្រសាសន៍បញ្ជាក់ថា ៖
«សិប្បកម្មគ្រាប់ស្វាយចន្ទីរបស់ខ្ញុំចង់នាំចេញផលិតផលដែលធ្វើបានទៅក្រៅស្រុកដែរ ប៉ុន្តែមានផលលំបាក និងឧបសគ្គច្រើន។ បញ្ហាសំខាន់សម្រាប់សិប្បកម្មខ្ញុំ គឺលំបាកការរៀបចំឯកសារ ដោយមិនដឹងច្បាស់ថា គួររៀបចំបែបណា ទាក់ទងខាងនាយកដ្ឋានណាឲ្យប្រាកដ ដូច្នេះជាជម្រើសគឺមានតែផលិត និងផ្គត់ផ្គង់តែនៅលើទីផ្សារក្នុងស្រុកដូចសព្វថ្ងៃ ដែលអាចបង្កើតឱកាសការងារជួយដល់កម្មករជាស្ត្រីបានចំនួន១២នាក់ដែរ»
បច្ចុប្បន្ន សិប្បកម្មរបស់លោកស្រី ឡឹង ម៉ានុត មានសមត្ថភាពផលិត និងកែច្នៃគ្រាប់ស្វាយចន្ទីបានប្រមាណ ១០០គីឡូក្នុងមួយថ្ងៃ ប៉ុន្តែក៏អាស្រ័យលើអ្នកបញ្ជាទិញដែរ។
ដោយឡែកសិប្បកម្មជ័យសំបូររបស់លោកស្រី អ៊ិន ឡៃហួត បច្ចុប្បន្នបានធ្វើការផលិត កែច្នៃ និងនាំចេញគ្រាប់ស្វាយចន្ទីចំនួន ៧តោនទៅកាន់ប្រទេសជប៉ុន(លើកទី១) និងលើកទី២ មានចំនួន ៩តោន ដោយមានការទទួលស្គាល់ពីរដ្ឋមន្ត្រីកសិកម្ម តាមរយៈលទ្ធផលនៃការអនុវត្ត MOU ជាមួយក្រុមហ៊ុន Top Planning Japan (TPJ)បង្កើតសិប្បកម្មសាកល្បង និងដោយមានកិច្ចសហការល្អជាមួយនាយកដ្ឋានកសិ-ឧស្សាហកម្ម។
សិប្បកម្មជ័យសំបូររបស់លោកស្រី អ៊ិន ឡៃហួត មានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីបាន ១០តោនក្នុងមួយខែ និងមានបុគ្គលិកបម្រើការងារសរុបចំនួន ១១០នាក់ (ស្រ្តី ៩៥) ។ ក្រៅពីទីផ្សារអន្តរជាតិ (ជប៉ុន)សិប្បកម្មមួយនេះ បានផ្គត់ផ្គងឱ្យទីផ្សារក្នុងស្រុក ដូចជា តំបន់ទេសចរណ៍ប្រាសាទសំបូរព្រៃគុក សហករណ៍សរីរាង្គខ្មែរ និងលក់ដុំ លក់រាយជូនអតិថិជនទៅតាមបណ្តាខេត្ត។
យោងតាមតួលេខក្រសួងកសិកម្មបង្ហាញថា កម្ពុជាបាននាំចេញផលិតផលគ្រាប់ស្វាយចន្ទីមានចំនួន ៨៩២ ៥៣៥,៧១ តោន (កើនឡើងចំនួន ៣៣៧,០៧%) ទៅកាន់ទីផ្សារបរទេសក្នុងរយៈពេល ៩ ខែនៃឆ្នាំ២០២១នេះ។ គ្រាប់ស្វាយចន្ទី បាននាំចេញទៅប្រទេសវៀតណាមចំនួន ៨៨៥ ១៤០ តោន ប្រទេសចិនចំនួន ៣ ៨៩៦,៩៤ តោន ប្រទេសថៃចំនួន ៣ ៣០៥,៤០ តោន ប្រទេសឥណ្ឌាចំនួន ៩៨,៦០ តោន ប្រទេសជប៉ុនចំនួន ៤៤,១៣ តោន ប្រទេសកូរ៉េចំនួន ១៦,៨៨ តោន ប្រទេសអារ៉ាប់ចំនួន ១៤,៥១ តោន ប្រទេសហូឡង់ចំនួន ៨,២១ តោន ប្រទេសបង់ក្លាដែសចំនួន ៧ តោន ប្រទេសឡាវចំនួន ៤ តោន ប្រទេសស្វីសចំនួន ០,០២ តោន ប្រទេសតូហ្គោចំនួន ០,០១ តោន និងប្រទេសអារ៉ាប់រួមចំនួន ០,០១ តោន៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជប៉ុន- កម្ពុជា សហការគ្នារកដំណោះស្រាយបញ្ហាបរិស្ថាននៅក្នុងតំបន់ និងជាសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/02/2026
ក្រសួងបរិស្ថានកម្ពុជា ជាមួយនឹងក្រសួងបរិស្ថានជប៉ុន បានព្រមព្រៀងគ្នាឈានដល់កិច្ចសហប្រតិបត្តិការទ្វេភាគី ទៅលើកិច្ចការអនុវត្ត និងស្វែងរកដំណោះស្រាយបញ្ហាបរិស្ថានទាំងនៅក្នុងតំបន់ ក៏ដូចជានៅក្នុងសកលលោក
ប៊ុលហ្គារី ទទួលបានរថពាសដែក Stryker បច្ចេកវិទ្យាថ្មីជាច្រើនគ្រឿង ដើម្បីធ្វើទំនើបកម្មវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/02/2026
បច្ចុប្បន្ន ប៊ុលហ្គារី បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ទៅលើការពង្រឹង និងធ្វើពិពិធកម្ម ក៏ដូចជាធ្វើទំនើបកម្មវិស័យយោធារបស់ខ្លួនឱ្យកាន់តែខ្លាំងជាងមុនក្រោមការរៀបចំខ្ទង់ចំណាយជាកញ្ចប់យ៉ាងច្រើនសន្ធឹកសន្ធាប់




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content