ភ្នំពេញ ៖ ការទាញយកផលប្រយោជន៍ពីដីធ្លីមានច្រើនបែប ច្រើនសណ្ឋាន ដោយខ្លះគេយកដីនោះទៅពុះជាឡូត៍លក់យកប្រាក់ចំណេញភ្លាមៗ ខ្លះសង់ផ្ទះ សង់ខុនដូជា ឬសង់អាផាតមិនដើម តែសម្រាប់ដីដែលនៅឆ្ងាយពីក្រុង ឆ្ងាយពីទីប្រជុំជនក៏អាចរកប្រាក់ចំណូលមិនចាញ់ដីនៅជិតៗក្រុងនោះដែរ ជាក់ស្ដែងកសិករម្នាក់នៅខេត្តតាកែវបានប្រើប្រាស់ដី១២ហិកតា និងអាចរកប្រាក់ចំណូលបានជាង៥០ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំ។

អ្នកស្រី ងិន គន្ធា ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក នៅក្នុងភូមិឬស្សីមួយគុម្ភ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ បានប្រាប់ឱ្យដឹងថា គាត់អាចរកចំណូលបានជិត កន្លះលានដុល្លារអាមេរិកក្នុងរយៈពេលមួយឆ្នាំ តាមរយៈការចុះកិច្ចសន្យាជាមួយក្រុមហ៊ុន CP ក្នុងការបើកជាកសិដ្ឋានចិញ្ចឹមសត្វ។ ការបញ្ជាក់របស់អ្នកស្រីធ្វើឡើងនៅក្នុងពេលរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យលើវឌ្ឍនភាពនៃផលិតកម្មចិញ្ចឹមជ្រូកសាច់ក្នុងកសិដ្ឋានរបស់អ្នកស្រីនៅព្រឹកថ្ងៃទី១៥ សីហា ២០២២ ។

អ្នកស្រី ងិន គន្ធា បានដឹងថា កសិដ្ឋានរបស់អ្នកស្រីបានបង្កើតនៅឆ្នាំ២០១៧ លើផ្ទៃដីទំហំ ១២ហិកតា ដោយបច្ចុប្បន្នមានរោងចិញ្ចឹមជ្រូកចំនួន២០រោង ក្នុងមួយរោងអាចដាក់ជ្រូកសាច់បាន៧០០ក្បាល សរុបមានជ្រូកសាច់ ១៤ ០០០ក្បាល ដោយក្នុងមួយឆ្នាំ គាត់អាចចិញ្ចឹមបាន២វគ្គ ហើយក្នុងមួយវគ្គ រោងនីមួយៗ អាចទទួលបានប្រាក់ចំណូល ១ម៉ឺនដុល្លារអាមេរិក ហើយរោងមួយដាក់ទុនវិនិយោគ៧ម៉ឺនដុល្លារអាមេរិក ។
ជាមួយនឹងកិច្ចដំណើរការកសិដ្ឋានខាងលើនេះ អ្នកស្រីបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន CP មានរយៈពេល៨ឆ្នាំម្តង ដោយក្រុមហ៊ុនជាអ្នកផ្គត់ផ្គង់ កូនពូជ ថ្នាំ ចំណី បច្ចេសទេស និងប្រមូលផល ដោយឡែកទីតាំងសំណង់នានា បុគ្គលិកចិញ្ចឹម និងការថែទាំជាបន្ទុករបស់ម្ចាស់កសិដ្ឋាន ។

ឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្មបានផ្តល់ជាគំនិតថា គួរទាញយកថាមពលពីពន្លឺព្រះអាទិត្យ និងថាមពលបានមកពីលាមកជ្រូក យកមកប្រើដើម្បីកាត់បន្ថយប្រើថាមពលអគ្គិសនី និងសិក្សាស្រាវជ្រាវបច្ចេកទេស ធ្វើការកែច្នៃលាមកជ្រូកលក់ ដែលនេះជាប្រភពចំណូលសេដ្ឋកិច្ចសំខាន់មួយផងដែរ។ ទីផ្សារជ្រូកសាច់បានល្អប្រសើរ ក្រុមហ៊ុន និងម្ចាស់កសិដ្ឋានគួរខិតខំពង្រីកផលិតកម្មបន្ថែម ដើម្បីធានានិរន្តរភាពនៃការផ្គត់ផ្គង់ និងប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឲ្យអស់លទ្ធភាព ។
លោក ព្រាប កុល ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding បានមានប្រសាសន៍ថា វិស័យកសិកម្មកម្ពុជា មានសក្ដានុពលស្ទើរតែគ្រប់ខេត្តរាជធានីទូទាំងប្រទេស ហើយការកែប្រែដីធ្លីឱ្យមានតម្លៃគឺវាអាស្រ័យទៅលើម្ចាស់ដីនីមួយៗ ។ ម្ចាស់ដីខ្លះគាត់ដាំដុះដំណាំសម្រាប់យកផលលក់យកចំណូល ហើយខ្លះទៀតធ្វើជាកសិដ្ឋាចិញ្ចឹមសត្វ និងខ្លះទៀតប្រើប្រាស់ដីធ្លីនោះអភិវឌ្ឍន៍ទៅជាសំណង់ ឬអ្វីផ្សេងៗទៀតជាដើម ។ យ៉ាងណាក៏ដោយ ការកែប្រែដីធ្លីនឹងធ្វើឱ្យម្ចាស់ដីធ្លីទទួលបានចំណូលគ្រាន់តែចំណូលនោះមានទំហំតិច ឬ ច្រើន ដែលវាអាស្រ័យទៅលើភាពឆ្លាតវៃរបស់ម្ចាស់ដី ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content