ភ្នំពេញ ៖ រាជរដ្ឋាភិបាលថ្មីនៃអាណត្តិទី៧រដ្ឋសភា បានលេចរូបរាងឡើងជាផ្លូវការ ក្នុងនោះ បន្ទាប់ពីបានរៀបចំបោះឆ្នោតថ្នាក់ជាតិអស់រយៈពេល១ខែកន្លងមកនេះ ។ អ្នកវិនិយោគ មួយចំនួនបានទន្ទឹងរង់ចាំមើលរាជរដ្ឋាភិបាលថ្មី គោលនយោបាយ និងអ្វីដែលថ្មីសម្រាប់អាណត្តិថ្មីដើម្បីខ្លួនត្រៀមក្នុងការបណ្ដាក់ទុនវិនិយោគ ក្នុងនោះដែរ អ្នកជំនាញនៃវិស័យអចលនទ្រព្យក៏បានមានក្ដីរំពឹងខុសៗគ្នាក្រោយការបង្កើតរដ្ឋាភិបាលថ្មីនេះ ។
បើតាមលោកសន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថា វិស័យអចលនទ្រព្យឡើងចុះអាស្រ័យលើស្ថានភាពសេដ្ឋកិច្ច ។ នៅពេលសេដ្ឋកិច្ចឡើង វាក៏ឡើងតែនៅពេលសេដ្ឋកិច្ចធ្លាក់ចុះ វាក៏ចុះទៅតាមហ្នឹង ហើយការធ្លាក់ចុះនោះគឺសំដៅលើការធ្លាក់ចុះនៃសកម្មភាពទិញលក់ ។

លោកបន្តថា នៅពេលស្ថានភាពសេដ្ឋកិច្ចល្អប្រសើរ ប្រជាពលរដ្ឋកម្ពុជា បានដាក់ទុនវិនិយោគទៅលើវិស័យណាដែលអាចរកប្រាក់ចំណូលបានច្រើន ក្នុងនោះវិស័យអចលនទ្រព្យជាវិស័យដែលទាក់ទាញនូវការវិនិយោគបានច្រើនមួយក្នុងចំណោមវិស័យផ្សេងៗទៀត ។ នៅពេលសេដ្ឋកិច្ចមានបញ្ហា វិស័យអចលនទ្រព្យក៏ជួបប្រទះនឹងបញ្ហាដែរ ហើយបានអូសបន្លាយយូរ ចាប់តាំងពីកូវីដ១៩ និងបន្តដល់វិបត្តិនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ។
លោកបន្ថែមថា នៅក្រោយការបោះឆ្នោតឆ្នាំ ២០២៣នេះ រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ គឺសុទ្ធតែអ្នកខ្លាំង រៀនបានខ្ពង់ខ្ពស់ គួបផ្សនឹងអ្នកដឹកនាំចាស់នៅចាំជួយពីក្រោយទៀត លោកជឿថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនខ្ពស់ និងល្អប្រសើរ ហើយនៅពេលនោះ វិស័យអចលនទ្រព្យកម្ពុជានឹងអាចងើបខ្ពស់ឡើងវិញមួយកម្រិតទៀតដែរ ។
ដោយឡែកលោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុននអចលនទ្រព្យAdvance បានមានប្រសាសន៍ផងដែរថា ស្ថានភាពអចលនទ្រព្យកម្ពុជានាពេលនេះនិងពីមុនមកគឺអាស្រ័យលើការវិនិយោគពីបរទេសនិងមានមួយចំណែកពឹងលើការវិនិយោគពីអ្នកក្នុងស្រុក ។ នៅពេលបង្កើតរាជរដ្ឋាភិបាលថ្មីរួចរាល់ក៏ដោយ ភ្លាមៗមិនទាន់រំពឹងពីការងើបឡើងវិញនោះទេ រង់ចាំមួយរយៈសិន ជាពិសេសចាំមើលថាតើនឹងមានរំហូរវិនិយោគិនបរទេសចូលមកកម្ពុជាបានកម្រិតណា ។

លោកបន្តថា វិស័យអចលនទ្រព្យខុសពីវិស័យផ្សេង ។ វិស័យផ្សេងៗអាចងើបលូតលាស់បានលឿន ក្រោយវិបត្តិ តែសម្រាប់វិស័យអចលនទ្រព្យវាត្រូវការពេលវេលាបន្តិចឱ្យវាងើបឡើងវិញ ៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content