ភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិនិយោគិនដែលជាអ្នកអភិវឌ្ឍន៍លំនៅឋានជាច្រើនបានបង្វែរទិសដៅនៃការអភិវឌ្ឍរបស់ខ្លួនទៅកាន់តំបន់ប៉ែកខាងត្បូងកាន់តែច្រើន ជាពិសេសនៅតំបន់ព្រៃសដោយឃើញម្ចាស់បុរីធំៗ និងថ្មីចាស់ជាច្រើនបានបញ្ចេញសកម្មភាពអភិវឌ្ឍន៍លំនៅឋានរបស់ខ្លួននៅក្នុងតំបន់នោះ ជាពិសេសលំនៅឋានដែលមានតម្លៃមធ្យមឡើងទៅ។
លោកឧកញ៉ា ឡាង ទីលាង ម្ចាស់បុរីទីលាង ដែលមានទីតាំងនៅតំបន់ព្រៃសបានមានប្រសាសន៍ថា លោកបានមើលឃើញពីសក្ដានុពលជាច្រើនលើការអភិវឌ្ឍលំនៅឋានសម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋក្នុងតំបន់នោះទើបក្រុមហ៊ុនចាប់សម្រេចបោះទុនក្នុងការវិនិយោគ និងអភិវឌ្ឍលំនៅឋាននៅក្នុងតំបន់ព្រៃសតែម្ដង។
លោកឧកញ៉បន្តថា ៖
“នៅក្នុងតំបន់នេះមានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើន ជាក់ស្ដែងផ្លូវកាន់តែច្រើនខ្វាត់ខ្វែង និងមានប្រព័ន្ធភ្លើង ប្រព័ន្ធទឹករួចជាស្រេច ហើយវាក៏ជាតំបន់អាចតភ្ជាប់ទៅកាន់ផ្លូវជាតិសំខាន់ៗជាច្រើនដូចជាទៅផ្លូវជាតិលេខ៣ ផ្លូវក្រវាត់ក្រុង និងជាតំបន់ដែលមិនឆ្ងាយពីរាជធានីភ្នំពេញ”
លោក ទឹម វណ្នី នាយកប្រតិបត្តិនៃបុរីបុស្បា ក៏បាននិយាយដែរថា តំបន់ខាងត្បូងភ្នំពេញ ជាតំបន់ដែលពេញនិយមសម្រាប់វិនិយោគផ្នែកលំនៅឋាន ដោយសារតំបន់នេះមានសក្ដានុពលច្រើន ក្នុងនោះរួមមានផ្សារទំនើប គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះ ផ្លូវក្រវ៉ាត់ក្រុងខ្វាត់ខ្វែងរត់កាត់តំបន់នោះ ហើយដីធ្លីក៏នៅទូលាយសម្រាប់ការអភិវឌ្ឍជាលំនៅឋាន ។
លោកបន្តថា ៖
“តំបន់ព្រៃសបច្ចុប្បនេះបានក្លាយជាតំបន់អភិវឌ្ឍលំនៅឋានដ៏មានសក្ដានុពល ហើយម្ចាស់បុរីជាច្រើនបានងាកទៅកាន់តំបន់ព្រៃស និងតំបន់ក្បែរៗនោះដើម្បីអភិវឌ្ឍន៍លំនៅឋានជូនអតិថិជនដែលមានតម្រូវការ ដោយក្នុងនោះមានប្រភេទលំនៅឋានតម្លៃមធ្យម និងកម្រិតខ្ពស់រហូតដល់ជាង២០ម៉ឺនដុល្លារក្នុងជុងក៏មាន”
បើយោងតាមទស្សនរបស់បិតាស្ថាបត្យកម្មកម្ពុជា លោកតា វណ្ណ មូលីវណ្ណ បានលើកឡើងមុនពេលលោកតាទទួលមរណភាពថា ការអភិវឌ្ឍក្រុងភ្នំពេញគួរតែងាកទៅទិសខាត្បូង ពីព្រោះតំបន់ខាងត្បូងភ្នំពេញជាតំបន់ដែលមានប្រព័ន្ធប្រឡាយទឹកគ្រប់គ្រាន់ក្នុងការរំដោះទៅកាន់ទន្លេ និងហូរទៅកាន់សមុទ្រ។ ក្រៅពីនេះ តំបន់ខាងត្បូងភ្នំពេញ នៅមានកត្តាមួយចំនួនដែលគួរតែគិតគូរ និងអភិវឌ្ឍន៍ ។ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ធ្លាប់បានលើកឡើងថា តំបន់ណាដែលមានការអភិវឌ្ឍទៅលើហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក ភ្លើង តំបន់នោះនឹងទទួលបានការវិនិយោគទៅលើអចលនទ្រព្យ ជាពិសេសលំនៅឋាន ក៏ដូចជាវិស័យផ្សេងៗជាច្រើនទៀត។ ដោយសារតែកត្តាទាំងអស់នេះហើយ ទើបរាជរដ្ឋាភិបាលលោកបានខិតខំពង្រីកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកាន់តែច្រើន ទាំងនៅក្នុងរាជធានីភ្នំពេញ និងតំបន់ក្រៅក្រុង ជាពិសេសផ្លូវជាតិសំខាន់ៗ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តដែលមានសក្ដានុពលមួយចំនួនផងដែរ ៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ