ភ្នំពេញ ៖ កាលពីឆ្នាំ២០២២កន្លងទៅនេះ ការវិនិយោគថ្មីៗនៅក្នុងប្រទេសកម្ពុជាចាប់មានកំណើនឡើងវិញ ជាពិសេសគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្ម កម្មន្តសាល។ ដោយឡែក នៅដើមឆ្នាំ២០២៣នេះ ត្រឹមរយៈពេលតែ២សប្ដាហ៍ប៉ុណ្ណោះនៃខែមករា កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីៗចំនួន ៧បន្ថែមទៀត ដែលអាចបង្កើតឱកាសការងារបានជាង១ម៉ឺនកន្លែង ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញផ្សាយកាលពីពេលថ្មីៗនេះបានបង្ហាញថា ចាប់តាំងពីដើមខែមករា រហូតមកដល់ចុងសប្ដាហ៍ទី២ គម្រោងវិនិយោគថ្មីៗចំនួន៧ ត្រូវបានទទួលការអនុម័តពីសំណាក់រាជរដ្ឋាភិបាល និងគាំទ្រឱ្យចាប់ដំណើរដោយក្នុងនោះរួមមាន ៖
១- គម្រោងបង្កើតរោងចក្រផលិតកាបូបស្ពាយពីក្រោយ កាបូបដំណេក តង់ កាត់ដេរសម្លៀកបំពាក់ និងកម្រាលក្រាលដេក ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ C ភូមិល្វា ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២ ៧១៤កន្លែង។
២- គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៣៨កន្លែង។
៣- គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១ ១៣៣កន្លែង។
៤- គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាំងស្នោ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៣៦,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣ ១៥៨កន្លែង។
៥- គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២១ ដីឡូតិ៍លេខ២៧៨៧ តំបន់ A ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៨,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២ ៩៣០កន្លែង។
៦- គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងចល័ត អំពូលភ្លើងសូឡា សម្ភារៈប្លាស្ទិក និងសម្ភារៈបរិក្ខារជួសជុល (ដែកស្វាន វីស…) ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍, ខេត្តស្វាយរៀង ក្នុងទុនវិនិយោគចំនួន ១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៧៥០កន្លែង។
៧- គម្រោងបង្កើតរោងចក្រផលិតអំពូល អំពូលភ្លើងសូឡា និងបរិក្ខារអគ្គិសនី ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគចំនួន ១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៧៥០កន្លែង ។
គួររំលឹកដែរថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងកាលពីព្រឹកថ្ងៃទី១៩ មករា ២០២៣ ថា ការងារនៅក្នុងប្រទេសកម្ពុជាបានរីកលូតលាស់កាន់តែច្រើន ដែលធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាមួយចំនួនធ្លាប់ទៅបម្រើការនៅក្រៅប្រទេសបានវិលត្រលប់មកស្រុកវិញដើម្បីធ្វើការក្នុងប្រទេស ដែលកាត់បន្ថយដល់ការចំណាយ និងរស់នៅឆ្ងាយពីក្រុមគ្រួសារផងដែរ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content