ភ្នំពេញ ៖ ប្រទេសចិនបានប្រកាសពីការបើកទូលាយឡើងវិញសម្រាប់ការចេញចូលប្រទេសរបស់ខ្លួន ដែលវាជាសញ្ញាវិជ្ជមានសម្រាប់ការវិនិយោគអចលនទ្រព្យ និងការងើបឡើងវិញបន្ថែមនៃវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា ដោយក្នុងនោះដែរ អគ្គរដ្ឋទូតចិនប្រចាំកម្ពុជាក៏បានលើកឡើងថា កម្ពុជាជាគោលដៅសំខាន់បំផុតរបស់ភ្ញៀវទេសចរចិនក្រោយពីរដ្ឋាភិបារបស់ខ្លួនបើកប្រទេស ។
ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា កម្ពុជាគឺជាគោលដៅសំខាន់បំផុតសម្រាប់ប្រជាជនចិន ទេសចរចិន បន្ទាប់ពីរដ្ឋាភិបាលចិនបើកប្រទេស និងទូលាយឱ្យប្រជាពលរដ្ឋចេញចូលក្រៅប្រទេសឡើងវិញ ។
ឯកឧត្តមបន្តថា ប្រជាពលរដ្ឋចិនជាច្រើនបានត្រៀមនឹងធ្វើដំណើរទៅទស្សនានៅតាមប្រទេសនានា ក្រោយពីរដ្ឋាភិបាលបើកប្រទេសជាផ្លូវការ ដោយក្នុងនោះកម្ពុជាគឺជាគោលដៅមួយរបស់ភ្ញៀវទេសចរចិន ហើយក៏នឹងមានវិនិយោគិនចិនចូលមកជាមួយដែរ ដែលអាចធ្វើឱ្យការវិនិយោគរបស់កម្ពុជាមានភាពប្រសើរឡើងផងដែរ។

អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodia ក៏បានឱ្យដឹងថា ការបើកប្រទេសរបស់ចិនអាចនឹងផ្ដល់ផលល្អដល់កម្ពុជាទាំងការវិនិយោគ និងទេសចរណ៍ ប៉ុន្តែការបើកប្រទេសភ្លាមរបស់ចិនក៏ឃើញថាការឆ្លងនៃជំងឺកូវីដ១៩បានងើបឡើងបន្តិច ដូច្នេះគឺត្រូវការពេលវេលាដើម្បីគ្រប់គ្រងជំងឺនេះឱ្យនឹងនរសិន ទើបចិនចេញចូលបានដោយសេរី ។
អ្នកនាងបន្តថា បើសិនជាចិនគ្រប់គ្រងការឆ្លងបានល្អ ពេលនោះចិននឹងចេញក្រៅប្រទេសចិន ហើយការវិនិយោគនៅក្នុងប្រទេសកម្ពុជាក៏នឹងត្រូវបន្តងើបឡើងវិញដែរ ក្នុងនោះទាំងគម្រោងជាប់គាំង និងគម្រោងថ្មីៗនឹងមានសកម្មភាពជាបន្តបន្ទាប់។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ក៏បានមានប្រសាសន៍ផងដែរថា ក្រោយចិនបើកប្រទេស កម្ពុជារំពឹងថានឹងទទួលបានកំណើនភ្ញៀវទេសចរចិនឡើងវិញក្នុងចំនួនប្រមាណ២លាននាក់ ខណៈមុនកូវីដ១៩ក៏ភ្ញៀវទេសចរចិនចូលមកកម្ពុជាក្នុងរង្វង់ប្រមាណជា២លាននាក់នេះដែរ ។
សម្ដេចបន្តថា បើសិនជាចិនចូលមកកម្ពុជាឡើងវិញនោះ នឹងធ្វើឱ្យសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសវិស័យទេសចរណ៍នឹងងើបឡើងបន្ថែមទៀត ខណៈវិស័យផ្សេងៗក្រៅពីទេសចរណ៍បានងើបឡើងវិញគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២២នេះ ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content