ភ្នំពេញ ៖ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋដែលមានតម្រូវការលំនៅឋានសម្រាប់ស្នាក់នៅ រាជរដ្ឋាភិបាលបានសម្រេចលើកលែងពន្ធប្រថាប់ត្រាចំពោះអ្នកទិញផ្ទះក្រោមតម្លៃ៧ម៉ឺនដុល្លារអាមេរិករហូតដល់ដំណាច់ឆ្នាំ២០២២ ខណៈដែលអ្នកជំនាញអចលនទ្រព្យមើលឃើញថាការប្រកាសលើកលែងពន្ធប្រថាប់ត្រានេះនឹងជួយជំរុញឱ្យមានចរន្តទិញលក់អចលនទ្រព្យប្រភេទនេះ កាន់តែកើនឡើងបន្ថែមទៀត ។
លោកឧកញ៉ា នួន រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន KFA Group បានមានប្រសាសន៍ប្រាប់ AMS តាមទូរសព្ទឱ្យដឹងថា ការលើកលែងរបស់អគ្គនាយកដ្ឋានពន្ធដារ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាចំពោះពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញផ្ទះក្រោម៧ម៉ឺនដុល្លារនៅក្នុងឆ្នាំ២០២២នេះ គឺជាបច្ច័យដ៏ល្អសម្រាប់វិស័យអចលនទ្រព្យ ជាពិសេសការទិញលក់ផ្ទះតម្លៃក្រោម៧ម៉ឺនដុល្លារនេះតែម្ដង ។
លោកឧកញ៉ាបន្តថា ៖
“កត្តានេះនឹងជួយឱ្យអ្នកផ្គត់ផ្គង់លំនៅឋានតម្លៃក្រោម៧ម៉ឺនដុល្លារកាត់បន្ថយតម្លៃលក់ ហើយអ្នកទិញកាន់តែមានលទ្ធភាពច្រើនក្នុងការទិញលំនៅឋានប្រភេទនេះសម្រាប់រស់នៅ នឹងធ្វើឱ្យមានការអភិវឌ្ឍលំនៅឋានប្រភេទនេះ កាន់តែច្រើនផងដែរ។ នេះជាបច្ច័យល្អមែនទែន ទាំងអ្នកអភិវឌ្ឍន៍ និងប្រជាពលរដ្ឋមានតម្រូវការលើលំនៅឋានតម្លៃសមរម្យ”
លោកឧញ៉ាបន្ថែមថា ៖
“បច្ចុប្បន្ននេះ សកម្មភាពនៃការទិញលក់លំនៅឋានតម្លៃក្រោម៧ម៉ឺនដុល្លារនេះ យើងមើលឃើញថាមានច្រើនណាស់ ជាក់ស្ដែងយើងបានមើលឃើញហើយថាមានម្ចាស់បុរី អ្នកអភិវឌ្ឍន៍លំនៅឋានជាច្រើនបានចាប់បន្តសាងសង់ អភិវឌ្ឍន៍គម្រោងរបស់ខ្លួនជាបន្តបន្ទាប់ក្នុងប្រទេសកម្ពុជា ហើយក៏មានអ្នកទិញជាហូរហែ ដូចជាគម្រោងផ្ទះវីឡា តម្លៃ ៥ទៅ៦ម៉ឺនដុល្លារ គម្រោងក្រោម៨ម៉ឺនជាច្រើនគម្រោងទៀត ដែលកំពុងមានសកម្មភាពអភិវឌ្ឍន៍ និងផ្គត់ផ្គង់លើទីផ្សារ”
របាយការណ៍របស់ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ CBRE Cambodia បានឱ្យដឹងថា ក្នុងរយៈពេល៦ខែចុងក្រោយ ទោះបីជាកម្ពុជាប្រឈមមុខនឹងវិបត្តិកូវីដ១៩ក្តី តែគម្រោងលំនៅឋានដែលបានអនុវត្តន៍មានចំនួនរហូតដល់ជិត៤០គម្រោង ដែលបានបង្ហាញថា តម្រូវការលំនៅឋាន នៅតែបន្តមានក្នុងវិបត្តិបែបនេះក្ដី ។
ឯកឧត្តម លី រស្មី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍នាពេលកន្លងមកថា កំណើនប្រជាសាស្ត្រនៅក្នុងទីប្រជុំជន ជាពិសេសនៅរាជធានីភ្នំពេញ បានធ្វើឱ្យតម្រូវការលំនៅឋានកើនឡើងជារៀងរាល់ឆ្នាំ និងទាមទារឱ្យមានការអភិវឌ្ឍដើម្បីផ្គត់ផ្គង់បំពេញទៅតាមតម្រូវការប្រជាជន។ សូមរម្លឹកថា កាលពីចុងសប្ដាហ៍មុននេះ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្ដីប្រកាសព័ត៌មានមួយស្ដីពីការលើកលែងពន្ធប្រថាប់ត្រាលើផ្ទេរកម្មសិទ្ធិ ឬទិញ កាន់កាប់អចលនទ្រព្យជាលំនៅឋានគ្រប់ប្រភេទ ដែលមានតម្លៃស្មើ ឬទាបជាង៧ម៉ឺនដុល្លារអាមេរិករហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២២នេះ ៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ