ការកាប់បំផ្លាញព្រៃឈើ និងការគាំទ្រក្នុងការប្រើប្រាស់សំភារៈធ្វើពីឈើនៅលើពិភពលោកកំពុងបន្តសកម្មភាពយ៉ាងសំខាន់នៅក្នុងចំណែកនៃការធ្វើឲ្យមានបញ្ហាបម្រែបម្រួលអាកាសធាតុ ដូចនេះការកែច្នៃឡើងវិញ និងការប្រើប្រាស់វត្ថុធាតុដើមជំនួសឲ្យឈើគឺជាដំណោះស្រាយដ៏ល្អ និងប្រសើរបំផុតនៅក្នុងដំណាក់កាលស្តារឡើងវិញនេះ។
នៅអ៊ីស្រាអ៊ែលមានក្រុមហ៊ុនបច្ចេកវិទ្យាមួយបានស្វែងរកឃើញនូវមធ្យោបាយថ្មីស្រឡាងក្នុងការប្រើប្រាស់សំភារៈនៅក្នុងផ្ទះដែលផលិតពីឈើឲ្យកាន់តែមាននិរន្តភាពឡើង និងមិនប៉ះពាល់ ឬធ្វើឲ្យមានតម្រូវការក្នុងការកាប់បំផ្លាញព្រៃឈើទៀតឡើយ។
ក្រុមអ្នកវិទ្យាសាស្ត្រអ៊ីស្រាអ៊ែលបានបូកបញ្ចូលគ្នានៃការប្រើប្រាស់បច្ចេកវិទ្យា 3D-Printing ជាមួយនឹងវត្ថុធាតុដើមម្យ៉ាងដែលអាចផលិតបានទៅជាសំភារៈ និងបំណែកក្នុងរូបរាងច្រើនប្រភេទមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីជំនួសឲ្យសាច់ឈើបានយ៉ាងមានប្រសិទ្ធភាព។ បច្ចេកវិទ្យាដែលត្រូវបានគេហៅបណ្តោះអាសន្នថា 4D (4th Dimension) ហើយទោះបីជាស្ថិតនៅក្នុងដំណាក់កាលដំបូងក្តី ប៉ុន្តែក្រុមការងារសង្ឃឹមយ៉ាងមុតម៉ាំថាវានឹងអាចក្លាយទៅជាបច្ចេកវិទ្យាដែលអាចយកទៅជំនួសឲ្យសំភារៈក្នុងផ្ទះជាច្រើនប្រភេទដែលផលិតពីសាច់ឈើធម្មតាបាន។
ទឹកថ្នាំ ឬវត្ថុធាតុដើម្បីដើម្បីយកមកធ្វើការព្រីនតាមរយៈបច្ចេកវិទ្យា 3D-Printing គឺផលិតឡើងពីសារធាតុដែលអាចកែច្នៃឡើងវិញបានសុទ្ធសាធ និងមាននិរន្តភាពចំពោះបរិស្ថាន ហើយកាន់តែគួរឲ្យរីករាយទៀតនោះក្រុមអ្នកវិទ្យាសាស្ត្រនឹងអាចអភិវឌ្ឍវាឲ្យកាន់តែពិសេសដោយអាចជំនួសទាំងប្រភេទសំភារៈប្រើប្រាស់ដែលផលិតពីជ័ររឹងផ្សេងទៀតផងដែរនាពេលអនាគត។ គួរឲ្យដឹងដែរថា ទិន្នន័យដែលត្រូវបានដកស្រង់ដោយ The Nature បានរកឃើញថា ជារៀងរាល់ឆ្នាំដើមឈើដល់ទៅ១៥ពាន់លានដើមត្រូវបានកាប់បំផ្លាញគ្រប់ទីកន្លែងលើពិភពលោកដើម្បីយកទៅផលិតជាឧបករណ៍ប្រើប្រាស់ ឬឧបករណ៍ឌីសាញនិងសំភារៈចាំបាច់ប្រើប្រាស់នៅតាមគេហដ្ឋាន៕