ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារស្វាគមន៍ដល់យុទ្ធជនទាំង១៨រូប ដែលបាននិវត្តន៍មកកាន់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាព។
សូមជម្រាបថា នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ យុទ្ធជនកម្ពុជាចំនួន ១៨រូប ត្រូវបានភាគីថៃដោះលែងប្រគល់ឲ្យមកកម្ពុជាវិញហើយតាមច្រកខេត្តប៉ៃលិន បន្ទាប់ពីចាប់ខ្លួនអស់រយៈពេល១៥៥ថ្ងៃក្រោយការអនុវត្តបទឈប់បាញ់។

នៅថ្ងៃពុធទី៣១ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន វេលាម៉ោង ១០:០០ នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ យោធិនកម្ពុជាទាំង ១៨រូប ដែលបានស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃអស់រយៈពេល ១៥៥ថ្ងៃមកហើយនោះ ត្រូវបានដោះលែង និងបញ្ជូនត្រឡប់មកមាតុប្រទេសវិញដោយសុខសុវត្ថិភាព។

សូមបញ្ជាក់ថា ការដោះលែងយោធិនកម្ពុជាចំនួន ១៨រូបត្រឡប់មកកម្ពុជាវិញ គឺធ្វើឡើងក្រោមការឯកភាពគ្នារវាងកម្ពុជា និងថៃ នៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងចំនុចទី១១ ដែលបានកំណត់ថា បន្ទាប់ពីការគោរពយ៉ាងពេញលេញក្នុងរយៈពេល ៧២ម៉ោងនៃបទឈប់បាញ់ ដែលត្រូវបានចូលជាធរមានកាលពីវេលាម៉ោង ១២:០០ថ្ងៃត្រង់ (ម៉ោងក្នុងស្រុក) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងដំណើរនៃការវិលត្រឡប់របស់យោធិនទាំង ១៨រូបរបស់យើង ក៏មានការចូលរួមសង្កេតការណ៍ពីសំណាក់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)។

រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធានា និងសន្យាយ៉ាងមុតមាំ ជាមួយក្រុមគ្រួសាររបស់យោធិនទាំង ១៨នាក់ ក៏ដូចជាប្រជាជននៅទូទាំងប្រទេសថា ៖ «រដ្ឋាភិបាលមិនទុកយោធិនរបស់កម្ពុជាណាម្នាក់ចោលនោះឡើយ» ដោយរដ្ឋាភិបាលបានប្រើប្រាស់គ្រប់មធ្យោបាយ និងដំណោះស្រាយ ទាំងការទូត ព្រមទាំងច្បាប់មនុស្សធម៌អន្តរជាតិ រហូតសម្រេចបានការដោះលែងនាថ្ងៃនេះ ដើម្បីឱ្យយោធិនរបស់កម្ពុជា អាចមកជួបជុំក្រុមគ្រួសារជាទីស្រឡាញ់របស់ខ្លួន ដែលបានទន្ទឹងរង់ចាំដោយក្តីនឹករំឮកជាពន់ពេក។

រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាប្រជាជននៅទូទាំងប្រទេស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសម្របសម្រួលជាបន្តបន្ទាប់ រហូតឈានដល់មានការដោះលែងយោធិនកម្ពុជាទាំង ១៨រូបនាថ្ងៃនេះ។
អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានថ្លែងតំណាងឱ្យកម្ពុជាដែលរំពឹងថា ការដោះលែងនេះនឹងចូលរួមចំណែក យ៉ាងសំខាន់ក្នុងការកសាងការជឿជាក់ និងជំនឿទុកចិត្ត ព្រមទាំងបង្កើតបរិយាកាសអំណោយផលដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការវិលត្រឡប់ទៅរកប្រក្រតីភាពនៃទំនាក់ទំនងឡើងវិញ ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងពីរនាពេលដ៏ឆាប់ខាងមុខ៕





វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content