បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី Aljazeera បានរាយការណ៍ថា សីតុណ្ហភាពក្តៅខ្លាំងនៅទូទាំងពិភពលោកបច្ចុប្បន្ននេះត្រូវបានព្យាករណ៍ថាអាចនឹងបំបែកកំណត់ត្រាកំដៅ និងបង្កឱ្យមានភ្លើងឆេះព្រៃកាន់តែធ្ងន់ធ្ងរ ខណៈដែលបញ្ហាបម្រែបម្រួលអាកាសធាតុកាន់តែធ្ងន់ធ្ងរ។

ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) បាននិយាយថា ទ្វីបអឺរ៉ុបប្រឈមនឹងសីតុណ្ហភាពក្តៅបំផុតមិនធ្លាប់មានក្នុងសប្តាហ៍នេះ ជាពិសេសលើកោះ Sicily និង Sardinia របស់ប្រទេសអ៊ីតាលីមានសីតុណ្ហភាពខ្ពស់ដល់ទៅ ៤៨ អង្សាសេ។ រលកកំដៅនឹងមានសីតុណ្ហភាពខ្ពស់ជាងធម្មតា និង រយៈពេលយូរនៅឆ្នាំនេះ ហើយវាអាចបង្កជំងឺជាច្រើនដូចជា ការនឿយហត់ គ្រុនក្តៅ ជំងឺសរសៃឈាមបេះដូង បញ្ហាផ្លូវដង្ហើម និងអាចដល់ថ្នាក់ស្លាប់ផងដែរ។ អ្នកដែលនៅតែងាយរងគ្រោះដោយសីតុណ្ហភាពក្ដៅខ្លាំងបំផុតគឺ អ្នកធ្វើការក្រោមកម្តៅថ្ងៃ មនុស្សចាស់ និងកុមារ។

អ្នកឯកទេសខាងបរិស្ថានវិទ្យា Anjal Prakash និយាយថា ការឡើងកំដៅផែនដីបណ្តាលមកពីការដុតឥន្ធនៈហ្វូស៊ីល ដែលជាមូលហេតុធ្វើឲ្យសីតុណ្ហភាពឡើងខ្ពស់ខ្លាំងទូទាំងពិភពលោក។ កំណើនកាបូនកើនឡើងកាន់តែច្រើននៅក្នុងបរិយាកាសបានធ្វើឲ្យសីតុណ្ហភាពផែនដីបានឡើងកំដៅប្រហែល ១,១៥ ដឺក្រេចាប់តាំងពីសម័យមុនឧស្សាហកម្មមកម្ល៉េះ។ កាបូនឌីអុកស៊ីតដែលបង្កើតនៅក្នុងបរិយាកាស បានបង្កទៅជាឥទ្ធិពលនៃឧស្ម័នផ្ទះកញ្ចក់ ខណៈដែលផែនដីប្រៀបដូចជាផ្ទះកញ្ចក់ដែលកំដៅចូលខាងក្នុងបានយ៉ាងងាយ។ បាតុភូតនេះរំខានដល់ប្រព័ន្ធទំនាក់ទំនងគ្នាជាច្រើននៅលើផែនដី ដែលនាំឱ្យមានមហន្តរាយជាច្រើនសម្រាប់មនុស្សជាតិ។ កាលពីថ្ងៃទី ៤ ខែកក្កដាកន្លងទៅនេះ វាត្រូវបានកត់ត្រាថាជាថ្ងៃក្តៅបំផុតដែលមិនធ្លាប់មាននៅទូទាំងពិភពលោក ដែលសីតុណ្ហភាពជាមធ្យមរបស់ពិភពលោកបានឡើងដល់ ១៧,០១ អង្សាសេ ដែលលើសពីកំណត់ត្រាខែសីហា ឆ្នាំ ២០១៦ ដែលមានសីតុណ្ហភាពជាមធ្យម ១៦,៩២ អង្សាសេ ខណៈដែលរលកកំដៅបោកបក់ជុំវិញពិភពលោក។

ស្របពេលនេះដែរ ប្រទេសមួយចំនួននៅអឺរ៉ុបដូចជា អ៊ីតាលី និង ហ្គ្រិច កំពុងមានសីតុណ្ហភាពក្តៅខ្លាំង ដោយអាជ្ញាធរបានព្រមានដល់សាធារណជនឱ្យប្រុងប្រយ័ត្ននៅពេលនៅខាងក្រៅ។ កាលពីសប្តាហ៍មុនកន្លងទៅនេះ ក្រុមអ្នកពន្លត់អគ្គីភ័យ មមាញឹកដើម្បីប្រយុទ្ធនឹងអណ្តាតភ្លើងដែលបានឆេះផ្ទៃដីនៅលើកោះ La Palma របស់អេស្ប៉ាញចំនួន ៥ ពាន់ហិកតា និងបានបង្ខំឱ្យមានការជម្លៀសមនុស្សចំនួន ៤ ពាន់នាក់។ នៅទូទាំងមហាសមុទ្រអាត្លង់ទិក សេវាអាកាសធាតុជាតិរបស់សហរដ្ឋអាមេរិកបានព្រមានថា រលកកំដៅនឹងរីករាលដាលខ្លាំងនៅក្នុងរដ្ឋភាគខាងត្បូង និងភាគខាងលិច ដោយមនុស្សជាង ៨០ លាននាក់នឹងរងផលប៉ះពាល់ពីកំដៅខ្លាំងពេក។ លើសពីនេះ រដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូងកំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃជាច្រើនកន្លែដូចជា តំបន់ Riverside County មានការឆេះជាង ៣ ពាន់ហិកតា និងបានជំរុញឱ្យមានជម្លៀសចេញ។ ទន្ទឹមនឹងនេះ នៅក្នុងប្រទេសចិនវិញ ទីប្រជុំជនដាច់ស្រយាលមួយនៅតំបន់ភាគពាយ័ព្យដែលជាផ្នែកមួយដ៏ស្ងួតរបស់ប្រទេស កំពុងស៊ូទ្រាំនឹងសីតុណ្ហភាពលើសពី ៥២ អង្សាសេ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content