បរទេស៖ សហរដ្ឋអាម៉េរិកបានអនុញ្ញាតឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Nvidia លក់បន្ទះសៀគ្វីអេឡិចត្រូនិកកម្រិតខ្ពស់ ឬ semiconductor H200 ទៅឲ្យប្រទេសចិន ដោយបញ្ចប់ការហាមប្រាមដូចមុនទៀតហើយ នេះបើយោងតាមសេចក្ដីរាយការណ៍ពី BBC ។
កាលពីថ្ងៃអង្គារ៍ សប្ដាហ៍នេះ ក្រសួងពាណិជ្ជកម្មអាម៉េរិកបានលើកឡើងថា បន្ទះសៀគ្វីអេឡិចត្រូនិក H200 អាចដឹកជញ្ជូនទៅកាន់ប្រទេសចិនបាន ប្រសិនបើការផ្គត់ផ្គង់គ្រប់គ្រាន់នៅក្នុងអាម៉េរិក។ ទន្ទឹមនឹងនេះ ការិយាល័យឧស្សាហកម្ម និងសន្តិសុខក្រោមនាយកដ្ឋានពាណិជ្ជកម្មបានលើកឡើងថា ខ្លួនបានកែសម្រួលគោលនយោបាយនាំចេញសម្រាប់អនុវត្តលើបន្ទះសៀគ្វីអេឡិចត្រូនិក H200 របស់ Nvidia។ កាលពីខែមុន ប្រធានាធិបតីលោក Donald Trump បានបញ្ជាក់ថា លោកនឹងអនុញ្ញាតឱ្យលក់បន្ទះឈីបទៅកាន់អតិថិជននៅក្នុងប្រទេសចិនដែលទទួលបានអនុម័តជាមួយនឹងការប្រមូលថ្លៃសេវា ២៥% ពីការលក់។
គួរឲ្យបញ្ជាក់ដែរថា H200 គឺជាបន្ទះសៀគ្វីអេឡិចត្រូនិកកម្រិតខ្ពស់ ឬ semiconductor ទំនើបបំផុតទី ២ របស់ Nvidia ដែលស្ថិតនៅក្រោមការរឹតបន្តឹងរបស់ទីក្រុងវ៉ាស៊ីនតោនដោយមិនអនុញ្ញាតលក់ទៅឱ្យចិន ដោយសារការព្រួយបារម្ភថា ទីក្រុងប៉េកាំងអាចនឹងយកទៅប្រើប្រាស់ក្នុងគោលដៅយោធា។ កម្រិតរបស់ H200 នៅពីក្រោយប្រភេទ Blackwell ត្រូវបានចាត់ទុកថាជាបន្ទះសៀគ្វីអេឡិចត្រូនិក AI ទំនើបបំផុតរបស់ពិភពលោក ហើយក៏ស្ថិតនៅក្រោមការហាមឃាត់មិនឱ្យលក់ទៅចិនផងដែរ។ Nvidia គឺជាចំណុចសំខាន់មួយនៅក្នុងជម្លោះពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរអាម៉េរិក និងចិន ជាពិសេសការប្រជែងគ្នានៅក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI)។ មន្ត្រីមួយចំនួនរបស់អាម៉េរិកតែងតែសម្តែងការព្រួយបារម្ភថា បន្ទះសៀគ្វីអេឡិចត្រូនិកកម្រិតខ្ពស់នឹងផ្តល់ផលប្រយោជន៍ដល់យោធារបស់ទីក្រុងប៉េកាំង ដែលនឹងធ្វើឱ្យប៉ះពាល់ដល់វឌ្ឍនភាពរបស់អាម៉េរិកក្នុងការអភិវឌ្ឍន៍ AI ។

កាលពីខែកក្កដា ឆ្នាំ២០២៥ លោក Trump បានផ្លាស់ប្តូរពីការរឹតបន្តឹងលើការលក់បន្ទះឈីបទៅជាការទាមទារឱ្យ Nvidia ផ្តល់ ២៥% ទៅរដ្ឋាភិបាលអាម៉េរិកពីប្រាក់ចំណូលរបស់ខ្លួនដែលលក់ទៅឲ្យចិន។ ក្រោយមក ទីក្រុងប៉េកាំងបានបញ្ជាឱ្យក្រុមហ៊ុនបច្ចេកវិទ្យារបស់ខ្លួនធ្វើពហិការលើបន្ទះឈីបដែលជាប់ពាក់ព័ន្ធជាមួយនឹង Nvidia និងផ្តល់អាទិភាពដល់ការផលិតឧបករណ៍អេឡិចត្រូនិកក្នុងស្រុកវិញ។ ការផ្លាស់ប្តូរនោះត្រូវបានរៀបចំឡើងដើម្បីជំរុញឧស្សាហកម្មបច្ចេកវិទ្យារបស់ចិន ទោះបីជាបន្ទះសៀគ្វីអេឡិចត្រូនិករបស់ខ្លួនមានល្បឿនយឺតជាងអាម៉េរិកក៏ដោយ។ យ៉ាងណាមិញ ពេញមួយឆ្នាំ២០២៥ កន្លងទៅនេះ នាយកប្រតិបត្តិ Nvidia លោក Jensen Huang តែងតែបញ្ចុះបញ្ចូលទីក្រុងវ៉ាស៊ីនតោនឱ្យមានការអនុញ្ញាតលក់បន្ទះសៀគ្វីអេឡិចត្រូនិកកម្រិតខ្ពស់របស់ខ្លួនទៅឲ្យចិន ដោយលើកហេតុផលថា ទីផ្សារពិភពលោកនៅតែមានភាពចាំបាច់សម្រាប់ការប្រកួតប្រជែងរបស់អាម៉េរិក៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content