បរទេស ៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth បានប្រកាសថា នឹងត្រូវកាត់បន្ថយចំនួនមេបញ្ជាការយោធាថ្នាក់ផ្កាយ៤ ក្នុងទំហំ២០ភាគរយបន្ថែមទៀតដើម្បីចូលរួមចំណែកសន្សំសំចៃចំណាយថវិការដ្ឋនៅក្នុងសម័យកាលដឹកនាំដោយរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump។ ក្រៅពីនោះ ក៏ត្រូវកាត់បន្ថយចំនួនមេបញ្ជាការនៃក្រុមកងការពារជាតិ National Guard ឲ្យបានយ៉ាងហោចណាស់២០ភាគរយដូចគ្នាដែរ។
ក្នុងនោះផងដែរ លោករដ្ឋមន្ត្រីក៏បានចេញបញ្ជាឲ្យធ្វើការកាត់បន្ថយចំនួនយោធា និងទាហាននៅគ្រប់ផ្នែកទាំងអស់នៃកងកម្លាំងរបស់អាមេរិក បូករួមទាំងទាហានជើងទឹកផងប្រមាណជា១០ភាគរយពោលគឺសម្រាប់យោធាដែលមានពាក់ផ្កាយ១ឡើងទៅ។ គួរឲ្យដឹងដែរថា បច្ចុប្បន្នមេបញ្ជាការយោធាអាមេរិកដែលមានបំពាក់ស័ក្ដិចាប់ពីផ្កាយ១ឡើងទៅមានចំនួនសរុបប្រមាណជា៨០០នាក់ ហើយក្នុងនោះមានចំនួនមេបញ្ជាការយោធាផ្កាយ៤ សរុប៤៤នាក់ ខណៈដែលចាប់តាំងតែពីពេលបានឡើងមកាន់តំណែងលោក Hegseth បានសម្រេចចិត្តដកមេបញ្ជាការផ្កាយ៣ និងផ្កាយ៤ជាច្រើននាក់រួចមកហើយ។
កាលពីសប្តាហ៍មុន លោក Hegseth ក៏បានរៀបចំការផ្លាស់ប្តូរដ៏ធំមួយទៀត ដែលជាការបង្រួមកងកម្លាំងឲ្យតូចជាងមុន ប៉ុន្តែបង្កើនប្រសិទ្ធភាពប្រតិបត្តិការ ឬ“build a leaner, more lethal force,”ដែលក្នុងនោះរួមមានទាំងការបញ្ចូលគ្នា និងបិទទីស្នាក់ការមួយចំនួន បោះបង់ចោលរថយន្តយោធា យន្តហោះយោធាចាស់ៗ និងលុបឈ្មោះបុគ្គលិករដ្ឋបាលនៃកងកម្លាំងប្រមាណជា១០០០នាក់ ព្រមទាំងបញ្ចូនបុគ្គលិករដ្ឋបាលនៅតាមទីស្នាក់ការមួយចំនួនឱ្យទៅធ្វើការនៅតាមអង្គភាព និងក្រុមត្រៀមប្រតិបត្តិការជំនួសវិញ៕