បរទេស ៖ សមាជិកសភាអាម៉េរិកនឹងធ្វើដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បង និងប្រទេសជប៉ុន ក្នុងគោលបំណងដ៏សំខាន់មួយដែលអាចទាញយកជំនាញពីក្រុមវិស្វកម្មនៃក្រុមប្រទេសសម្ព័ន្ធមិត្តទាំងពីរមកពង្រឹងសមត្ថភាពសាងសង់នាវារបស់ខ្លួនដើម្បីត្រៀមទប់ទល់នឹងការរីកចម្រើនដ៏លឿនរបស់ប្រទេសចិន។
តាមផែនការ សមាជិកសភាអាម៉េរិកចំនួន ២រូប រួមមាន លោកស្រី Tammy Duckworth និងលោក Andy Kim នឹងត្រូវធ្វើដំណើរទៅដល់ទឹកដីទីក្រុងសេអ៊ូលនៅថ្ងៃអាទិត្យសប្ដាហ៍នេះ មុនពេលទៅដល់ប្រទេសជប៉ុន។ ពួកគេនឹងជួបជាមួយនឹងក្រុមវិស្វកម្មជាច្រើនមកពីប្រទេសដែលមានចំណាត់ថ្នាក់ជាអ្នកសាងសង់នាវាធំបំផុតរបស់ពិភពលោកទី២ និងទី៣។

អាម៉េរិកមានបំណងសាកល្បងចរចា និងពិនិត្យលទ្ធភាពក្នុងរៀបចំក្រុមហ៊ុនរួមគ្នាដែលនឹងអាចទទួលយកគម្រោងសាងសង់ និងជួសជុលប្រភេទនាវាដែលមិនមែនចម្បាំងទាំងឡាយសម្រាប់កងទ័ពជើងទឹកអាម៉េរិក និងធ្វើយ៉ាងណាអាចបង្កើនការវិនិយោគកាន់តែច្រើនជាមួយនឹងផលិតកម្មផលិតនាវារបស់អាម៉េរិក។
ថ្លែងប្រាប់ទៅកាន់ក្រុមអ្នកយកព័ត៌មាន AP លោកស្រី Tammy Duckworth បានបញ្ជាក់បែបនេះថា៖
«កន្លងមកយើងធ្លាប់មានសមត្ថភាពក្នុងការសាងសង់នាវាមួយចំនួនដែរកាលពីអំឡុងប្រតិបត្តិការនៅអ៊ីរ៉ាក់ Operation Iraqi Freedom នាឆ្នាំ២០០៣។ យើងគួរតែដល់ពេលចាប់ផ្តើមការសាងសង់ឡើងវិញដើម្បីស្តារបច្ចេកវិទ្យាចាស់ៗ និងកាត់បន្ថយការចំណាយច្រើនពេកទៅឲ្យក្រុមហ៊ុនក្រៅស្រុក»។

គួរបញ្ជាក់ដែរថា ៖ នៅក្នុងដំណើរទស្សនកិច្ចលើកនេះធ្វើឡើងបន្ទាប់ពីមានការលើកឡើងដោយប្រធានាធិបតីអាម៉េរិក លោក Donald Trump ក្នុងការរៀបចំអភិវឌ្ឍ និងសាងសង់នាវាឡើងវិញតាមរយៈការភ្ជាប់ទំនាក់ទំនងការងារជាមួយនឹងដៃគូបរទេស។ បច្ចុប្បន្នមន្ទីរប៉ង់តាហ្គោនកំពុងធ្វើការស្នើសុំអនុម័តកញ្ចប់ថវិកាប្រមាណជា៤៧ពាន់លានដុល្លារប្រចាំឆ្នាំសម្រាប់តែកិច្ចការងារអភិវឌ្ឍ និងសាងសង់នាវាប៉ុណ្ណោះ។ កិច្ចការងារជាអាទិភាពនេះត្រូវបានលើកយកមកតស៊ូមតិយ៉ាងខ្លាំងក្នុងជួររដ្ឋាភិបាលអាម៉េរិកបន្ទាប់ពីក្រុមសមាជិកសភាមួយចំនួនបានព្រមានអំពីក្តីបារម្ភទៅលើសមត្ថភាពរបស់អាម៉េរិកក្នុងការប្រកួតប្រជែងអំណាចជាមួយនឹងចិនជុំវិញបច្ចេកវិទ្យា និងសព្វាវុធដែនទឹក ដែលបច្ចុប្បន្ន ចិន គឺជាមហាអំណាចលេខ១របស់ពិភពលោកដែលមានជំនាញសាងសង់នាវាខ្លាំងជាងគេបំផុត៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content