បរទេស ៖ ប្រទេសប៉ូឡូញ ដែលមានព្រំដែនជាប់ជាមួយប្រទេសរុស្ស៊ី និងអ៊ុយក្រែន ដែលជាភាគីជម្លោះដោយយោធាតាំងតែពីឆ្នាំ២០២២មកនោះត្រូវបានគេមើលឃើញថា កំពុងមានសកម្មភាពពង្រីកកងកម្លាំងការពារជាតិរបស់ខ្លួនខ្លាំងជាងមុនដោយសារតែខ្លួនមានទីតាំងភូមិសាស្ត្រដែលងាយរងផលប៉ះពាល់ដោយសារសង្គ្រាមនេះខ្លាំងជាងគេ។
ថ្មីៗនេះ រដ្ឋាភិបាលទីក្រុង Warsaw នៃប្រទេសប៉ូឡូញ បានប្រកាសក្នុងការចាប់ផ្តើមចរចាទិញយកទម្របាញ់គ្រាប់រ៉ូក្កែតប្រភេទ HIMARS ដែលជាអាវុធទំនើបបំផុតរបស់អាមេរិកប្រមាណជាង១០០គ្រឿង។ អាវុធសម្រាប់ការពារដែនអាកាសនេះស្ថិតនៅក្រោមកិច្ចព្រមព្រៀងកន្លងមករវាងក្រុមហ៊ុនដែលជាអ្នកផលិតអាវុធរបស់អាមេរិក Lockheed Martin Corporation និងប្រទេសប៉ូឡូញ។ នេះបើយោងតាមការបញ្ជាក់ដោយមន្ត្រីយោធាជាន់ខ្ពស់របស់អង្គការណាតូប្រចាំតំបន់អឺរ៉ុបខាងកើត។
មន្ត្រីជាន់ខ្ពស់រូបនេះបាននិយាយថា៖
«នៅខាងមុខឆាប់ៗនេះ យើងនឹងចាប់ផ្តើមក្នុងការពិភាក្សាគ្នាដើម្បីសម្រេចបាននូវកុងត្រាទិញលក់របស់យើងក្នុងការបញ្ជាទិញឧបករណ៍បាញ់គ្រាប់រ៉ូក្កែត HOMAR-A ដែលត្រូវបានគេស្គាល់ថាជាម៉ូដេល MI142 HIMARS ផលិតឡើងសម្រាប់កងកម្លាំងការពារជាតិប៉ូឡូញ។ ពួកយើងធ្លាប់បានចុះហត្ថលេខារួចហើយទៅលើកិច្ចព្រមព្រៀងស្តីអំពីកញ្ចប់អាវុធ HIMARS ដែលមានចំនួនសរុបដល់ទៅ ៤៨៦គ្រឿង ខណៈការបញ្ជាទិញដំបូងលើកនេះនឹងអាចមានចំនួនប្រមាណជាង១០០គ្រឿងសិន»។
យ៉ាងណាក្តី ក្រុមមន្ត្រីរដ្ឋាភិបាលចាស់ (ប៉ូឡូញ) កាលពីអាណត្តិមុនបានរិះគន់ និងចោទប្រកាន់ថា រដ្ឋាភិបាលថ្មីដែលកំពុងកាន់តំណែងនាពេលបច្ចុប្បន្នថា កំពុងបង្ហាញនូវភាពយឺតយ៉ាវរបស់ខ្លួនក្នុងការបញ្ជាទិញអាវុធបន្ថែម និងកំពុងមានបំណងក្នុងការពន្យាពេល ឬទប់ស្កាត់ ហើយឈានទៅដល់ការលុបចោលនូវកិច្ចព្រមព្រៀងទិញ-លក់អាវុធទាំងនេះចោលទៅវិញ។
ជាការឆ្លើយតប រដ្ឋាភិបាលថ្មីរបស់ប៉ូឡូញបានប្រកាសសន្យាថា នឹងបញ្ចេញខ្ទង់ចំណាយរបស់ខ្លួនរហូតទៅដល់ ៤,១ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) នៅក្នុងឆ្នាំ២០២៤ ដែលត្រូវបានគេមើលឃើញថាជាខ្ទង់ចំណាយខ្ពស់ជាងគេបំផុតធៀបទៅនឹងបណ្តាប្រទេសផ្សេងទៀតនៃសមាជិកអង្គការណាតូ ហើយនឹងបន្តបញ្ចេញខ្ទង់ចំណាយបន្ថែមទៀតទៅដល់ ៤,៧ភាគរយនៅក្នុងឆ្នាំ២០២៥។
ក្នុងពេលជាមួយគ្នានេះដែរ ការវិវត្តចុងក្រោយនៃឧស្សាហកម្មផលិតអាវុធក្នុងស្រុករបស់ប៉ូឡូញតាមរយៈក្រុមហ៊ុនជំនាញផលិតដែលមានឈ្មោះថា WB កំពុងសហការគ្នាជាមួយនឹងក្រុមហ៊ុនដែលជាអ្នកផលិតអាវុធរបស់កូរ៉េខាងត្បូង Hanwha Aerospace ដើម្បីអាចឈានទៅដល់ការអភិវឌ្ឍ និងផលិតឲ្យបាននូវឧបករណ៍បាញ់គ្រាប់រ៉ូក្កែតដោយខ្លួនឯងនៅពេលអនាគត៕