បរទេស ៖ បច្ចុប្បន្ននេះ បញ្ហាកាកសំណល់គឺជាវិបត្តិដែលពិបាកនឹងដោះស្រាយបំផុតមួយក្នុងចំណោមវិបត្តិផ្សេងទៀតដែលកំពុងនាំឲ្យភពផែនដីធ្លាក់ចូលទៅក្នុងការកើនឡើងនៃកំដៅដែលវាក៏នឹងអាចនាំមកវិញនូវគ្រោះមហន្តរាយធម្មជាតិមិនអាចជៀសផុតឡើយសម្រាប់ជីវិតមនុស្សជាតិ។
គិតត្រឹមតំបន់អឺរ៉ុបប៉ុណ្ណោះ កាកសំណល់ជារៀងរាល់ឆ្នាំក្នុងចំណោមពលរដ្ឋម្នាក់មានរហូតទៅដល់ ៤,៨តោនជាមធ្យម ហើយកាកសំណល់ទាំងនោះមិនដល់ ៤០ភាគរយឡើយត្រូវបានកែច្នៃយកមកប្រើប្រាស់ឡើងវិញ។ ទោះបីជាយ៉ាងណាក្តីតាមរយៈការអនុវត្តកម្មវិធី Zero-Waste City ឬទីក្រុងដែលគ្មានកាកសំណល់សោះបានដាក់ផែនការរយៈពេលវែងថានឹងអាចជួយឲ្យចំនួនកាកសំណល់របស់ពលរដ្ឋម្នាក់ៗនឹងធ្លាក់មកត្រឹមចំនួនតិចបំផុតត្រឹមតែ៥០គីឡូក្រាមប៉ុណ្ណោះក្នុងមួយឆ្នាំ។
អ្វីទៅជាកម្មវិធី Zero-Waste City ?
នៅលើពិភពលោកបច្ចុប្បន្នមានទីក្រុងចំនួន៤៨០កំពុងរៀបចំត្រៀមកិច្ចការងារជាច្រើន និងដាក់ពាក្យដើម្បីអាចជាប់ឈ្មោះក្នុងបញ្ជីជា Zero-Waste City ប៉ុន្តែមកទល់បច្ចុប្បន្នមានទីក្រុងចំនួន៨តែប៉ុណ្ណោះដែលទទួលបានលិខិតបញ្ជាក់នេះ។

តាមការពន្យល់ឲ្យងាយយល់ចេញពីប្រភពនានានៃទីក្រុង Zero-Waste City គឺជាទីក្រុងដែលអាចដាំដុះ និងផលិតអាហារដោយខ្លួនឯង ប្រើប្រាស់ទឹកពីតំបន់របស់ខ្លួន ផលិតថាមពលពីប្រព័ន្ធដែលបង្កើតផ្ទាល់ខ្លួន ព្រមទាំងការបង្កើតការងារ និងសកម្មភាពសេដ្ឋកិច្ច គ្រប់គ្រងប្រព័ន្ធទាំងមូលប្រកបដោយប្រសិទ្ធភាព និងនិរន្តភាព ហើយសំខាន់បំផុតគឺអាចទាញយកធនធានទាំងអស់ឡើងវិញពីកាកសំណល់ និងធ្វើឲ្យមានការបញ្ចេញកាកសំណល់ត្រឹមសូន្យនៅក្នុងទីក្រុង។
ជាក់ស្តែងថ្មីៗនេះទីក្រុងដែលទើបតែបានដាក់បញ្ចូលឈ្មោះជាទីក្រុង Zero-Waste City និងក៏ជាទីក្រុងដំបូងរបស់អឺរ៉ុបដែលទទួលបានលិខិតបញ្ជាក់ដ៏សំខាន់មួយនេះផងនោះគឺទីក្រុង Kiel ស្ថិតនៅក្នុងប្រទេសអាល្លឺម៉ង់។
Kiel បាន និងកំពុងអនុវត្តកិច្ចការងារកាត់បន្ថយកាកសំណល់ពីទីក្រុងដល់ទៅជាង ១០០វិធីសាស្ត្រ ក្នុងនោះរួមមានទាំងការទូទាត់លុយទៅតាមទំហំកាកសំណល់ដែលពលរដ្ឋប្រើប្រាស់, ការបង្កើតតំបន់កែច្នៃកាកសំណល់ឡើងវិញនៅតាមជាយក្រុង, ការបញ្ចុះតម្លៃសម្រាប់ពលរដ្ឋដែលមិនប្រើប្រាស់ថង់ប្លាស្ទិករហូតទៅដល់កម្មវិធីសិក្សាអំពីមូលដ្ឋានគ្រិះនៃកម្មវិធី Zero-Waste នៅតាមសាលារៀននានាទៀតផង។
តាមផែនការ Kiel នឹងអាចបង្កើនចំណាត់ការថ្មីៗបន្ធែមទៀតក្នងនាមជា Zero-Waste City ហើយរំពឹងទុកយ៉ាងមុតម៉ាំថានឹងអាចកាត់បន្ថយកាកសំណល់ដល់ទៅ៧០ភាគរយនៅត្រឹមឆ្នាំ២០៥០ប៉ុណ្ណោះ៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content