មណ្ឌលគិរី ៖ មណ្ឌលគីរី ជាខេត្តមួយស្ថិតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា មានភាពអំណោយផលក្នុងការដាំដុះដំណាំកាហ្វេដែលមានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ និងមានស្តង់ដារ រហូតមានការទទួលស្គាល់ពីស្ថាប័នពិនិត្យគុណភាពលំដាប់ថ្នាក់ពិភពលោកទៀតផង។
ប្រធានសមាគមកាហ្វេកម្ពុជា លោក ឌុក ពិសិដ្ឋ បានលើកឡើងថា កាលពីពេលថ្មីៗនេះ ផលិតផលគ្រាប់កាហ្វេរ៉ូបូស្តា(Robosta) និងកាហ្វេអារ៉ាប៊ីកា(Arabica) ដែលយកចេញពីចំការពិដារនៅក្នុងខេត្តមណ្ឌលគិរី បានបង្ហាញវត្តមាននៅក្នុងកម្មវិធីប្រកួតប្រជែងមួយនៅវិទ្យាស្ថានគុណភាពកាហ្វេ(CQI) សហរដ្ឋអាម៉េរិក ហើយទទួលបានការវាយតម្លៃថាជាគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ និងអាចប្រកួតប្រជែងជាមួយគ្រាប់កាហ្វេដទៃទៀតនៅលើទីផ្សារអន្តរជាតិ ជាមួយការវាយតម្លៃនៃកម្រិតគុណភាពជាង ៨៥ ដែលជាពិន្ទុកម្រិតខ្ពស់។
លោកបានបញ្ជាក់ថា ៖
«ក្រោយពិនិត្យគុណភាពពីអ្នកជំនាញអន្តរជាតិខាងលើ កាហ្វេទាំងពីរប្រភេទដែលជាផលិតផលមកពីខេត្តមណ្ឌលគីរី គឺអាចប្រកួតប្រជែងជាមួយទីផ្សារអន្តរជាតិបាន ដោយសារតែខ្ញុំបានយកគ្រាប់កាហ្វេអារ៉ាប៊ីការ និងរ៉ុបូស្តា ពីចំការខ្ញុំផ្ទាល់ យកទៅ Apply នៅវិទ្យាស្ថាន(Coffee Quality Institute) អាម៉េរិក ដោយយើងបានពិន្ទុ ៨៥ជាង ជាកាហ្វប្រណិត….ឱ្យតែបានពិន្ទុ៨០ឡើងទៅ ហៅថាពពួក Special Coffee ហើយ»។

សូមជម្រាបថា ខេត្តមណ្ឌលគីរី ត្រូវគេដឹងថា មានរយៈកំពស់ ១៥០ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ធ្វើឱ្យការដាំដុះកាហ្វេមានគុណភាពល្អ។ បច្ចុប្បន្ន កសិករនៅតាមខេត្តមួយចំនួន ចាប់ផ្តើមដាំដំណាំកាហ្វេកាន់តែច្រើនឡើងៗ រួមមាន ខេត្តរតនៈគិរិ, ត្បូងឃ្មុំ, កំពង់ចាម, តំបន់អូសោម, ខេត្តពោធិ៍សាត់, តមបន់ថ្មបាំងខេត្តកោះកុង និងខេត្តបាត់ដំបងជាដើម ដែលមកទល់ពេលនេះ ផ្ទៃដីដាំដុះកាហ្វេសរុបមានទំហំជាង ៨០០ហិកតា។
ជាមួយគ្នានេះ ដើម្បីលើកកម្ពស់គុណភាពផលិតផលកាហ្វេ និងការពារអត្តសញ្ញាណផលិតផលក្នុងស្រុក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញដល់កសិករដាំដំណាំកាហ្វេនៅខេត្តមណ្ឌលគិរី រួមគ្នាកសាងម៉ាកសញ្ញាសមូហភាពឈ្មោះថា«កាហ្វេមណ្ឌលគីរី» សម្រាប់សម្គាល់ម៉ាកសញ្ញាប្រចាំតំបន់ និងជានិម្មិតសញ្ញាកាហ្វេដែលមានគុណភាពស្តង់ដារ G A P ។
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ការរួមគ្នាកសាងម៉ាកសញ្ញាសមូហភាពនេះ មានសារៈសំខាន់ក្នុងការលើកកំពស់គុណភាព មាននិរន្តភាពសម្រាប់បង្កើតប្រាក់ចំណូលយូរអង្វែងរបស់ពលរដ្ឋ។
យោងតាមរបាយការណ៍សមាគមកាហ្វេកម្ពុជាបានឱ្យដឹងថា កម្ពុជាមានតម្រូវការប្រើប្រាស់គ្រាប់កាហ្វេប្រមាន ២០ ០០០តោន ក្នុងមួយឆ្នាំ ខណៈដែលការផលិតកាហ្វេក្នុងស្រុករួមចំណែកទីផ្សារប្រមាណជា ១០% ឬស្មើនឹង ១ ០០០តោនក្នុងមួយឆ្នាំតែប៉ុណ្ណោះ។ ក្រៅពីកាហ្វេមណ្ឌលគីរី បច្ចុប្បន្នកម្ពុជា បាននាំចូលគ្រាប់កាហ្វេពីទីផ្សារក្រៅស្រុក ដូចជា ប្រទេស ប្រេស៊ីល កូឡុំប៊ី ឡាវ និងប្រទេសវៀតណាមជាដើម៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content