រដ្ឋាភិបាលចាត់ទុកការលើកកម្ពស់ការអភិវឌ្ឍ SMEs ជាវិស័យអាទិភាពមួយគាំទ្រដល់កំណើនសេដ្ឋកិច្ច

ភ្នំពេញ ៖ រដ្ឋាភិបាលបានចាត់ទុកការលើកកម្ពស់នៃការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (SMEs) ពិសេស សហគ្រាសដែលស្ថិតក្នុងវិស័យសំខាន់ៗមួយចំនួនជាវិស័យអាទិភាពមួយ ដែលមិនត្រឹមតែចូលរួមដល់ការគាំទ្រកំណើនសេដ្ឋកិច្ច និងការបង្កើតការងារប៉ុណ្ណោះទេ ប៉ុន្តែក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនភាពធន់របស់សេដ្ឋកិច្ចជាតិទៅនឹងវិបត្តិផងដែរ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកញ្ចប់ថវិកាចំនួន ១០០ លានដុល្លារអាមេរិក សម្រាប់គាំទ្រការស្តារកំណើនសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ថា  ដើម្បីសម្រេចបាននូវគោលបំណងនេះ ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តាកំណើន សេដ្ឋកិច្ច បានដាក់ចេញនូវសកម្មភាពអនុវត្តជាក់ស្ដែងនៅក្នុងវិស័យជាច្រើន ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានថ្លែងដូច្នេះថា សម្រាប់ថវិកា ១០០ លានដុល្លារ នឹងត្រូវប្រើប្រាស់ ដើម្បីជួយលើកស្ទួយវិស័យកសិកម្ម និងវិស័យសហគ្រាសធុនតូច និងមធ្យម ដែលជាវិស័យពីរដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចជាតិ ទាំងក្នុងការបង្កើតការងារ កែលម្អជីវភាពរស់នៅរបស់ប្រជាជន និងកំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងបន្តថា ៖

“រដ្ឋាភិបាលកម្ពុជាបានចាត់ទុកការលើកកម្ពស់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ពិសេស សហគ្រាសដែលស្ថិតក្នុងវិស័យសំខាន់ៗមួយចំនួន ដូចជា កសិកម្ម កសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ កម្មន្តសាល គ្រឿងបង្គុំ និងទេសចរណ៍ ជាដើម ជាអាទិភាពគោលនយោបាយមួយដ៏សំខាន់។ ជាការពិត សហគ្រាសធុនតូច និងមធ្យម មិនត្រឹមតែចូលរួមដល់ការគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជា និងការបង្កើតការងារប៉ុណ្ណោះទេ ប៉ុន្តែក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនភាពធន់របស់សេដ្ឋកិច្ចជាតិទៅនឹងវិបត្តិផងដែរ។ ជាក់ស្ដែង សហគ្រាសធុនតូច និងមធ្យមមានប្រមាណ ៩៨% នៃអាជីវកម្មទាំងអស់នៅកម្ពុជា បានចូលរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបប្រមាណ ៥៨% ព្រមទាំងផ្តល់ការងារប្រមាណ ៧៣% នៃចំនួនកម្លាំងពលកម្មសរុបនៅកម្ពុជា”

ជារួម ដើម្បីលើកស្ទួយសហគ្រាសធុនតូច និងមធ្យម ជាពិសេស សហគ្រាសក្នុងវិស័យ អាទិភាពដូចជម្រាបជូនខាងលើ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាច្រើន ដូចជា៖ (១)-ការដាក់ជាបន្ទុករបស់រដ្ឋនូវពន្ធនាំចូលឧបករណ៍ គ្រឿងម៉ាស៊ីន និងគ្រឿងចក្រជាដើម; (២)-ការបង្កើតឱ្យមានមូលនិធិអភិវឌ្ឍន៍ជំនាញ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព និងសហគ្រិនខ្មែរ; (៣)-ការបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank); (៤)-ការអនុវត្តកម្មវិធីសហហិរញ្ញប្បទាន តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) និងកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ឥណទានក្នុងអត្រាការប្រាក់សម្បទាន សម្រាប់វិស័យកសិកម្ម និង កសិ-ឧស្សាហកម្ម តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB); និង (៥)-ការបង្កើតសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ក្នុងការផ្តល់ការធានាឥណទានទៅ សហគ្រាសដែលជួបនូវកង្វះខាតទ្រព្យបញ្ចាំ ។

ក្នុងអំឡុងឆ្នាំ២០២០ កន្លងទៅ រាជរដ្ឋាភិបាលបានផ្តួចផ្តើម និងអនុវត្តកម្មវិធីសហហិរញ្ញប្បទានដំណាក់កាលទី ១ តាមរយៈយន្តការធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) ដែលជាសេនាធិការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុឯកជន ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ក្នុងទំហំទឹកប្រាក់សរុបចំនួន ១០០ លានដុល្លារអាមេរិក ដែលក្នុងនោះ រាជរដ្ឋាភិបាលចូលរួមបដិភាគចំនួន ៥០ លានដុល្លារអាមេរិក និងគ្រឹះស្ថានហិរញ្ញវត្ថុឯកជនចូលរួមចំនួន ៥០ លានដុល្លារអាមេរិក ។ ដោយមើលឃើញពីការទទួលបានលទ្ធផលជាវិជ្ជមានចេញពីការអនុវត្តគម្រោងដំណាក់កាលទី១ និងតម្រូវការចាំបាច់ក្នុងការបន្តគាំទ្រហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម នៅអំឡុងពេលវិបត្តិ រាជរដ្ឋាភិបាលបានសម្រេចបន្តគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ដំណាក់កាលទី២ និងដាក់ឱ្យអនុវត្តនៅខែសីហា ឆ្នាំ២០២១ ដែលមានទំហំទឹកប្រាក់សរុបចំនួន ១៤០ លានដុល្លារអាមេរិក ដែលក្នុងនោះ ៧០ លានដុល្លារអាមេរិកត្រូវបានចូលរួមបដិភាគដោយរាជរដ្ឋាភិបាល និង ៧០ លានដុល្លារអាមេរិកទៀតត្រូវបានចូលរួមដោយគ្រឹះស្ថានហិរញ្ញវត្ថុឯកជន។ គិតត្រឹមថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២២ ការអនុវត្តគម្រោងដំណាក់កាលទី២ សម្រេចបានប្រមាណ ៩០% ។

ទន្ទឹមនេះ រាជរដ្ឋាភិបាលតាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក៏បានអនុវត្តកម្មវិធីហិរញ្ញប្បទានពិសេស (១)-ក្នុងទំហំមូលនិធិសរុបចំនួន ៧៣ លានដុល្លារអាមេរិក គាំទ្រដល់វិស័យស្រូវ-អង្ករ ក្នុងគោលដៅរក្សាស្ថិរភាពថ្លៃ និងជំរុញការនាំចេញ និង (២)-ក្នុងទំហំមូលនិធិ ចំនួន ៥០ លានដុល្លារអាមេរិក គាំទ្រសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកសិកម្ម ដែលរួមមាន៖ ការចិញ្ចឹមសត្វ ការដាំដុះបន្លែ-ផ្លែឈើ វារីវប្បកម្ម និងការកែច្នៃផលិតផលកសិកម្ម។ តាមរយៈកម្មវិធីហិរញ្ញប្បទានពិសេសនេះ សហគ្រាសក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម មានលទ្ធភាពពង្រឹងអាជីវកម្ម និងធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្មក្នុងគោលដៅពង្រឹងភាព ប្រកួតប្រជែង រក្សាសន្តិសុខស្បៀងអាហារ និងជំរុញការនាំចេញនៅក្នុងបរិបទនៃវិបត្តិជំងឺកូវីដ-១៩។

ក្នុងន័យនេះ ដើម្បីបន្តជួយគាំទ្រផ្តល់ឥណទានក្នុងអត្រាការប្រាក់សម្បទាទៅសហគ្រាសធុនតូច និងមធ្យម និងវិស័យកសិកម្ម រាជរដ្ឋាភិបាលបានសម្រេចបន្ថែមថវិកាចំនួន ៥០ លានដុល្លារអាមេរិកដល់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) សម្រាប់បន្តគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ដំណាក់កាលទី ២ ដែលធ្វើឱ្យបដិភាគរបស់រាជរដ្ឋាភិបាល មានចំនួនដល់ ១២០ លានដុល្លារអាមេរិក ។

ដោយឡែក ថវិកាបន្ថែមចំនួន ៥០ លានដុល្លារអាមេរិកផ្សេងទៀត បានផ្តល់ជូនទៅធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សម្រាប់ កម្មវិធីហិរញ្ញប្បទានពិសេស ដែលក្នុងនោះថវិកា ១០ លានដុល្លារអាមេរិកនឹងប្រើប្រាស់ក្នុងវិស័យស្រូវ-អង្ករ និង៤០ លានដុល្លារអាមេរិកទៀត នឹងប្រើប្រាស់សម្រាប់ការផ្តល់ហិរញ្ញប្បទានផ្ទាល់ (Direct Lending) ៥០% និងសម្រាប់កម្មវិធីសហហិរញ្ញប្បទានចែករំលែកហានិភ័យជាមួយគ្រឹះ ស្ថានហិរញ្ញវត្ថុ (Risk Sharing Syndicated Facilities) ៥០% សំដៅគាំទ្រដល់អនុវិស័យផ្លែឈើ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការកែច្នៃផលិតផលកសិកម្មជាដើម។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ៖

“អន្តរាគមន៍នាពេលនេះគ្រាន់តែជាចំណែកតូចមួយក្នុងការចូលរួមបំពេញតម្រូវការហិរញ្ញប្បទានដ៏ច្រើនសន្ធឹកសន្ធាប់ ដោយសហគ្រាសធុនតូច និងមធ្យម សហគមន៍កសិកម្ម និងកសិករតប៉ុណ្ណោះ។ ដូច្នេះ ការចូលរួមរបស់គ្រឹះស្ថានហិរញ្ញវត្ថុឯកជនទាំងអស់ក្នុងការពិនិត្យលទ្ធភាពផ្តល់ឥណទានទៅសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាពដូច ដែលខ្ញុំបានជម្រាបជូនខាងលើ ដោយប្រើប្រាស់ដើមទុនផ្ទាល់របស់គ្រឹះស្ថានខ្លួន ពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយសម្រាលសម្ពាធអាជីវកម្ម ក៏ដូចជាការជួយគាំទ្រសហគ្រាសទាំងនោះ ឱ្យរៀបចំខ្លួនក្នុងការពង្រីកអាជីវកម្ម និងផលិតកម្ម ដែលនឹងរួមចំណែកក្នុងការបង្កើតការងារ ក៏ដូចជា ចូលរួមគាំទ្រដល់ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព និងបរិយាប័ន្ន ក្នុងរយៈពេលមធ្យម និងវែង”

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានអំពាវនាវដល់ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ផ្ដល់កិច្ចសហប្រតិបត្តិការប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ ២០២១-២០២៣ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងសម្រេចឱ្យបានតាមក្របខណ្ឌពេលវេលាជាក់លាក់ដែលបានកំណត់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់