ភ្នំពេញ ៖ ថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ពីក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានធ្វើទស្សនកិច្ចសិក្សា និងជំនួបប្រជុំផ្លាស់ប្តូរចំណេះដឹង លើគម្រោងអភិវឌ្ឍក្នុងក្របខណ្ឌភាពជាដៃគូរវាងរដ្ឋ និងឯកជននៅសាធារណរដ្ឋកូរ៉េរយៈពេក២ថ្ងៃ កាលពីថ្ងៃទី១៨ និងទី១៩ ខែមីនា ឆ្នាំ២០២៤។
ឯកឧត្តម ហេង ណន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានដឹកនាំគណៈប្រតិភូអន្តរក្រសួងទស្សនកិច្ចសាធារណរដ្ឋកូរ៉េ បានមានប្រសាសន៍ថា៖ ដំណើរទស្សនកិច្ចសិក្សា និងកិច្ចប្រជុំពាក់ព័ន្ធនេះ ត្រូវបានសហការរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយនឹងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC – International Financial Corporation) ក្នុងគោលបំណងដើម្បី ពង្រឹងសមត្ថភាព បង្កើនចំណេះដឹង ផ្តល់ទស្សនទានគន្លឹះនិងផ្លាស់ប្តូរបទពិសោធន៍ល្អៗ ដល់មន្ត្រីរាជរដ្ឋាភិបាល លើគម្រោងអភិវឌ្ឍន៍ក្នុងក្របខណ្ឌភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP – Public-Private Partnership) ដែលបាននឹងកំពុងអនុវត្តដោយរដ្ឋាភិបាល និងវិស័យឯកជននៃសាធារណរដ្ឋកូរ៉េ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន កំពង់ផែ មជ្ឈមណ្ឌលភស្តុភារកម្ម មជ្ឈមណ្ឌលពាណិជ្ជកម្ម និងតំបន់លំនៅដ្ឋានសាធារណៈ។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា៖កម្មវិធីនេះបានរួមចំណែកក្នុងការជំរុញ និងលើកកម្ពស់ ការចូលរួមរបស់វិស័យឯកជនទាំងក្នុង និងក្រៅប្រទេស ដើម្បីចូលរួមអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាក្នុងក្របខណ្ឌភាពជាដៃគូរវាងរដ្ឋ និងឯកជន សំដៅលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយនិរន្តរភាព និងបរិយាបន្ន។
យន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) ផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដោយអាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការបំពេញបន្ថែមនូវតម្រូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងការផ្តល់សេវាសាធារណៈ។
IFC រួមចំណែកក្នុងការទ្រទ្រង់ដល់ការអភិវឌ្ឍវិស័យឯកជននៅកម្ពុជាទាំងតាមរយៈការផ្តល់ហិរញ្ញប្បទាន និងទាំងតាមរយៈការផ្តល់ប្រឹក្សា និងជំនួយបច្ចេកទេស៕