អន្តរជាតិ ៖ កំណើននៃតម្រូវការប្រេងបញ្ចុះតម្លៃរបស់រុស្ស៊ីនៅលើទីផ្សារអាស៊ី កំពុងជំនួសឱ្យទីផ្សារអឺរ៉ុបដែលដកខ្លួនចេញ និងធ្វើឱ្យជះឥទ្ធិពលដល់កិច្ចខិតខំប្រឹងប្រែងរបស់បស្ចិមលោកក្នុងការទណ្ឌកម្មក្រុងម៉ូស្គូចំពោះការឈ្លានពានអ៊ុយក្រែន ពេលដែលវិមានក្រឹមឡាំងនៅតែបន្តរកចំណូលបាន។

ប្រទេសធំៗនៅអាស៊ីចំនួន២ រួមមានចិន និងឥណ្ឌា បានបង្កើនការទិញប្រេងរុស្ស៊ីរបស់ខ្លួន ហើយការនាំចូលរបស់ចិនកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងអត្រា ២៨ ភាគរយនៅខែឧសភា ធៀបនឹងខែមេសា ធ្វើឱ្យរុស្ស៊ី វ៉ាដាច់អារ៉ាប៊ីសាអូឌីត ក្នុងនាមជាអ្នកផ្គត់ផ្គង់ធំបំផុតរបស់ចិន។ ចំណែកឯទិន្នន័យដឹកជញ្ជូនពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Kpler បង្ហាញថា ការនាំចូលប្រេងរុស្ស៊ីរបស់ឥណ្ឌាឡើងដល់ ៧៦០ ០០០ បារ៉ែល/ថ្ងៃ ពីចំណុចសូន្យនៅដើមឆ្នាំ។

យ៉ាងណាក៏ដោយ ទោះបីជាកូរ៉េខាងត្បូង និងជប៉ុនកាត់បន្ថយប្រេងពីរុស្ស៊ីក្ដី ប៉ុន្តែបរិមាណទាំងនោះត្រូវបានជំនួសដោយចិន និងឥណ្ឌាវិញ។ សម្រាប់ឥណ្ឌា កំណើននៃការនាំចូលបានជំនួសឱ្យប្រេងពីអឺរ៉ាក់ និងអារ៉ាប៊ីសាអូឌីត ដែលភាគច្រើនត្រូវបញ្ជូនទៅកាន់រោងចក្រចម្រាញ់ប្រេងនៅ Sika និង Jamnagar នៅឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសឥណ្ឌា។
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និយាយនៅក្នុងសុន្ទរកថាវីដេអូមួយទៅកាន់កិច្ចប្រជុំកំពូលពាណិជ្ជកម្មនៃបណ្ដាប្រទេស BRICS កាលពីថ្ងៃពុធថា៖
”ការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ីទៅកាន់ប្រទេសចិន និងឥណ្ឌា កំពុងកើនឡើងគួរឱ្យកត់សម្គាល់”
លោក Viktor Katona អ្នកវិភាគប្រចាំក្រុមហ៊ុន Kpler និយាយថា៖
“អាស៊ីសន្សំសំចៃផលិតកម្មប្រេងឆៅរបស់រុស្ស៊ី។ ជំនួសឱ្យការធ្លាក់ចុះបន្ថែមទៀត ការនាំចេញប្រេងរបស់រុស្ស៊ីឡើងទៅស្ទើរតែជិតដល់កម្រិតមុនជំងឺរាតត្បាតផ្ទុះឡើង”
ដោយសារតែទណ្ឌកម្មពីលោកខាងលិច រុស្ស៊ីកំពុងលក់ប្រេងរបស់ខ្លួនដោយបញ្ចុះតម្លៃ។ ទោះយ៉ាងណា ការកើនឡើងនៃតម្លៃថាមពល ក៏ធ្វើឱ្យចំណូលរបស់ប្រទេសនេះពីវិស័យថាមពលកើនឡើង។ យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ រុស្ស៊ីរកចំណូលបានពីប្រេងចំនួន ២០ ប៊ីលានដុល្លារក្នុងខែឧសភា ច្រើនជាងខែមេសាចំនួន ១,៧ ប៊ីលានដុល្លារ។
ការទិញរបស់បណ្ដាប្រទេសនៅអាស៊ី អនុញ្ញាតឱ្យក្រុងម៉ូស្គូរក្សាកម្រិតផលិតកម្មរបស់ខ្លួន និងផ្ទុយពីការរំពឹងទុករបស់អ្នកវិភាគថាទិន្នផលប្រេងរបស់ប្រទេសនេះនឹងធ្លាក់ចុះ។ ការបង្កើនទិញប្រេងរបស់រុស្ស៊ី សម្រាប់ឥណ្ឌា និងចិន ហាក់ដូចជាបង្ហាញការគាំទ្រទៅលើសង្រ្គាមនៅអ៊ុយក្រែនដោយប្រយោល ខណៈប្រទេសទាំង២បរាជ័យក្នុងការថ្កោលទោសរុស្ស៊ីជុំវិញសកម្មភាពរបស់ខ្លួន ស្របពេលសហភាពអឺរ៉ុប ដែលនាំចូលប្រេងរុស្ស៊ីជាង ២ លានបារ៉ែល/ថ្ងៃមុនសង្រ្គាមផ្ទុះឡើង ចាប់ផ្ដើមដកខ្លួនដើម្បីថ្កោលទោសក្រុងម៉ូស្គូ។
កន្លងមក ខណៈដែលចិនបង្ហាញពីកិច្ចសហការផ្សេងៗជាមួយរុស្ស៊ី ឥណ្ឌាធ្លាប់និយាយថា ខ្លួនមានសិទ្ធិក្នុងការទិញប្រេងពីរុស្ស៊ី ដោយមិនត្រូវការបស្ចិមលោកយកវាមកធ្វើនយោបាយនោះទេ។ ជាមួយគ្នានោះ ស្របពេលដែលតម្លៃប្រេងពិភពលោកហក់ឡើងខ្ពស់ ក្រសួងប្រេង និងឧស្ម័នធម្មជាតិឥណ្ឌានិយាយថា ការដកខ្លួនចេញពីការនាំចូលប្រេងពីរុស្ស៊ីរបស់ឥណ្ឌា និងធ្វើឱ្យបញ្ហាកាន់តែយ៉ាប់យឺន។
ក្រោមការអំពាវនាវដាក់សម្ពាធរុស្ស៊ី កាលពីចុងខែឧសភា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ឌ្មីដ្រូ គូបេឡា (Dmytro Kuleba) និយាយថា៖
“ការដាក់ទណ្ឌកម្មប្រេង នឹងបង្កើនល្បឿននៃការរាប់ថយក្រោយឆ្ពោះទៅកាន់ការដួលរលំនៃសេដ្ឋកិច្ចរុស្ស៊ី និងម៉ាស៊ីនសង្រ្គាម»”
ប៉ុន្តែខណៈការលក់ប្រេងឆៅរបស់រុស្ស៊ី ធ្លាក់ចុះចំនួន ៥៥៤ ០០០ បារ៉ែល/ថ្ងៃទៅកាន់អឺរ៉ុបពីខែមីនា-ឧសភា ក្រុមហ៊ុនចម្រាញ់ប្រេងនៅអាស៊ី បង្កើនការទទួលយករបស់ខ្លួនចំនួន ៥០៣ ០០០ បារ៉ែល/ថ្ងៃ ដែលស្ទើរតែអាចជំនួសបានទាំងស្រុងពីទីផ្សាអឺរ៉ុប។ ក្នុងចំណោមនោះ ១៦៥ ០០០ បារ៉ែលត្រូវបានបញ្ជូនទៅចិន ជំនួសឱ្យការដឹកទៅកំពង់ផែបាល់ទិកនៅអឺរ៉ុប និងសមុទ្រខ្មៅតាមទម្លាប់។ ការលក់របស់រុស្ស៊ីទៅឱ្យឥណ្ឌា កើនឡើងដល់ ៨៤១ ០០០ បារ៉ែល/ថ្ងៃក្នុងខែឧសភា ពោលគឺ ៨ ដងនៃចំនួនជាមធ្យមប្រចាំឆ្នាំធៀបនឹងឆ្នាំមុន។
អ្នកជំនាញផ្នែកទំនិញនៅធនាគារ J.P. Morgan ប៉ាន់ប្រមាណថា ចិនអាចទិញប្រេងឆៅរុស្ស៊ីបន្ថែមរាប់លានបារ៉ែលក្នុងមួយថ្ងៃ ពេលចិនធូរស្បើយពីកូវីដ ហើយព្យាយាមទិញប្រេងឆៅបំពេញស្តុកក្នុងតម្លៃថោក។ កាលពីដើមខែ តម្លៃជួញដូរលើទីផ្សារប្រេងអន្តរជាតិដូចជាម៉ាក Brent ឡើងដល់លើស ១២០ ដុល្លារ/បារ៉ែល ប៉ុន្តែប្រេងឆៅរុស្ស៊ី Urals លក់ត្រឹម ៩០ ដុល្លារ/បារ៉ែលប៉ុណ្ណោះ នាពេលនោះ។
យោងតាមអ្នកវិភាគ ការរួមបញ្ចូលគ្នានៃតម្លៃប្រេងថោករបស់រុស្ស៊ី និងតម្លៃប្រេងខ្ពស់នៅកន្លែងចាក់សាំង ធ្វើឱ្យក្រុមហ៊ុនប្រេងឥណ្ឌាទទួលបានផលចំណេញទ្វេដង។ ខណៈការផ្តល់ហិរញ្ញប្បទានដល់នាវាដឹកជញ្ជូនបានបង្កើនថ្លៃដើម ការបញ្ចុះតម្លៃប្រេងរបស់រុស្ស៊ីនៅតែទាក់ទាញអ្នកទិញនៅអាស៊ី។ ធានាគារ JP Morgan ប៉ាន់ប្រមាណថា រុស្ស៊ីអាចដឹកជញ្ជូនប្រេងប្រហែល៣លានបារ៉ែល/ថ្ងៃទៅកាន់ទ្វីបអាស៊ី ហើយឥណ្ឌា និងចិនជាអ្នកធានារ៉ាប់រង។
មជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាតដែលមានមូលដ្ឋាននៅហ្វាំងឡង់និយាយថា ប្រេងដែលចម្រាញ់រួច អាចដឹកបន្ដទៅសហរដ្ឋអាមេរិក អង់គ្លេស បារាំង និងអ៊ីតាលី។ នៅពេលប្រេងឆៅចម្រាញ់ទៅជាប្រេងម៉ាស៊ូត គ្មាននរណាម្នាក់អាចបែងចែកថាតើផលិតផលដែលត្រូវបានបញ្ជូនទៅអឺរ៉ុប និងកន្លែងផ្សេងទៀតមានប្រភពពីរុស្ស៊ីនោះទេ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស្វែងយល់ពីនីតិវិធី និងរបៀបស្នើសុំកាត់ប្លង់ផ្ទេរកម្មសិទ្ធិក្នុងរង្វង់សាច់ញាតិ ឬអំណោយផ្ដាច់តាមប្រព័ន្ធអនឡាញ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 28/05/2026
ការកាត់ប្លង់ផ្ទេរកម្មសិទ្ធិក្នុងរង្វង់សាច់ញាតិ ឬអំណោយផ្ដាច់ គឺជាការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ (ដី/ផ្ទះ) ពីឪពុក-ម្តាយ ទៅកូន ឬពីយាយ-តា ទៅចៅ
ក្រុមហ៊ុន Samsung គ្រោងបោះទុន ១,៥ ពាន់លានដុល្លារ សាងសង់រោងចក្រតេស្តឈីបនៅវៀតណាម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/05/2026
ក្រុមហ៊ុន Samsung Electronics គ្រោងបោះទុនវិនិយោគ ១,៥ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រតេស្តបន្ទះឈីបពាក់កណ្តាលចម្លង (semiconductor) មួយនៅក្នុងប្រទេសវៀតណាម
Sailun ជារោងចក្រផលិតសំបកកង់រថយន្តដែលប្រើប្រាស់ជ័រកៅស៊ូខ្មែរ ១០០ ភាគរយ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 28/05/2026
រោងចក្រផលិតសំបកកង់រថយន្តរបស់ Sailun ជារោងចក្រដែលប្រើប្រាស់ជ័រកៅស៊ូរបស់ខ្មែរ១០០ភាគរយផងដែរ ដែលជាការរួមចំណែកដល់ការប្រើប្រាស់ផលិតផលក្នុងស្រុកបានកាន់តែច្រើន
ហ្វតតេ និង កម្ពុជារី សហការរៀបចំសិក្ខាសាលាជាលើកដំបូង ស្តីពី «ថាមពលពន្លឺព្រះអាទិត្យ និងការធានារ៉ាប់រង – ការពារការវិនិយោគ និងប្រតិបត្តិការអាជីវកម្ម» ដើម្បីគាំទ្រវិនិយោគិនក្នុងស្រុក និងក្រៅស្រុក និងពង្រឹងការគ្រប់គ្រងហានិភ័យតាមស្តង់ដាអន្តរជាតិ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 28/05/2026
ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងរហ័សនៃវិស័យថាមពលកកើតឡើងវិញ និងការការពារទ្រព្យសម្បត្តិគម្រោងបៃតង ក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) និងក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា (កម្ពុជារី) បានសហការរៀបចំសិក្ខាសាលាកម្រិតខ្ពស់លើកដំបូងបង្អស់ ស្តីពី «ថាមពលពន្លឺព្រះអាទិត្យ និងការធានារ៉ាប់រង៖ ការពារការវិនិយោគ និងប្រតិបត្តិការអាជីវកម្ម»




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content