ក្រុមហ៊ុនជប៉ុនមួយនៅកម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីទៅសហគមន៍អឺរ៉ុបលើកដំបូងចំនួន២៥០តោន

កំពង់ធំ៖ ក្រុមហ៊ុន MIRARTH Agri Tech របស់ជប៉ុន ដែលមានមូលដ្ឋាននៅក្នុងខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រកាសនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចទៅសហគមន៍អឺរ៉ុបលើកដំបូងចំនួន ២៥០តោន ដែលតាមតម្លៃប៉ាន់ស្មានប្រមាណជាង ២០០លានដុល្លារអាមេរិកក្នុងរដូវកាលនេះ ហើយសម្រាប់ការនាំចេញដំណាក់កាលទី១មានចំនួន១៦តោន។

នៅក្នុងពិធីនាំចេញគ្រាប់ស្វាយចន្ទីទៅសហគមន៍អឺរ៉ុបលើកដំបូងនេះ លោក ខេនថារ៉ូ តានិគូជី (Kentaro Taniguchi) ប្រធានក្រុមហ៊ុនមីរ៉ាត់ (MIRARTH) បានមានប្រសាសន៍ថា៖ រោងចក្រកែច្នៃស្វាយចន្ទីរបស់មីរ៉ាត់ ដែលស្ថិតនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំនេះ បានចាប់ផ្តើមសាងសង់នៅខែមីនា ឆ្នាំ២០២៤ បញ្ចប់ការសាងសង់នៅខែកក្កដា ឆ្នាំ២០២៤ ដោយមានសមត្ថភាពផលិតគ្រាប់ស្វាយចន្ទីទំហំ ១,៥០០ តោនក្នុងមួយឆ្នាំ។

លោកបានឱ្យដឹងថា៖

«ការនាំចេញដំបូងនេះមានចំនួន ១៦ តោន ។ យើងមានផែនការដឹកចេញស្វាយចន្ទីទៅអឺរ៉ុបចំនួន ២៥០ តោន នៅក្នុងរដូវស្វាយចន្ទីនេះ ។ ការសម្រេចបាននូវការនាំចេញនេះ មានការគាំទ្រច្រើនពីរាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលជប៉ុន ដៃគូអន្តរជាតិ និងប្រជាកសិករកម្ពុជា។ ការនាំចេញចន្ទីទៅអឺរ៉ុបលើកនេះបានបង្ហាញថា គ្រាប់ស្វាយចន្ទីដែលផលិតនៅរោងចក្រក្នុងខេត្តកំពង់ធំនេះ មានគុណភាពស្តង់ដារអន្តរជាតិ។ យើងសូមថ្លែងអំណរគុណចំពោះបុគ្គលិករោងចក្រទាំងអស់ ដែលបានចូលរួមចំណែកបង្កើតនូវផលិតផលដែលមានតម្លៃខ្ពស់»។

លោកបានលើកឡើងថា៖ ការបើករោងចក្រកែច្នៃចន្ទីនៅកម្ពុជានេះអាចបង្កើតការងារថ្មី កាត់បន្ថយចំណាកស្រុករបស់ប្រជាពលរដ្ឋទៅធ្វើការនៅបរទេស។ ក្រុមហ៊ុន MIRARTH Agri Tech ផ្តោតលើគុណភាព និងប្រព័ន្ធគ្រប់គ្រងតាមស្តង់ដារ HACCP និងការតាមដានទិន្នន័យលំអិត (Traceability) ដើម្បីរួមចំណែកសម្រេចគោលដៅអភិវឌ្ឍន៍ធនធានប្រកបដោយចីរភាព (SDGs) ដូចជាការលុបបំបាត់ភាពក្រីក្រនិងការពារការចូលរួមអាជីវកម្មកុមារ។

លោកប្រធានក្រុមហ៊ុនបានឱ្យដឹងថា៖ ក្រុមហ៊ុនមានផែនការបន្ថែមសមត្ថភាពផលិតឱ្យបាន ៣ ០០០ តោន ហើយសាងសង់រោងចក្រធំមួយដែលអាចផលិតគ្រាប់ស្វាយចន្ទី ២០ ០០០ តោនក្នុងរយៈពេល ៣ ឆ្នាំខាងមុខ និងកំពុងសិក្សាដំណើរការប្រើប្រាស់សំបកគ្រាប់ស្វាយចន្ទីសម្រាប់បង្កើតថាមពលបៃតង។

ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា៖ ការនាំចេញគ្រាប់ស្វាយចន្ទីកែឆ្នៃទៅកាន់សហភាពអឺរ៉ុបជាលើកដំបូងនេះមិនត្រឹមជាភាពជោគជ័យសម្រាប់តែក្រុមហ៊ុនទេ ប៉ុន្តែគឺជាដំណាក់កាលដ៏សំខាន់ក្នុងដំណើរបេសកកម្មរបស់កម្ពុជាក្នុងការនាំយកទំនិញផលិតផលកម្ពុជា “Product of Cambodia” ទៅកាន់ទីផ្សារអន្តរជាតិ។

ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា៖

«ការនាំយកទំនិញចូលទៅកាន់ទីផ្សារអឺរ៉ុបពិតជាមានការលំបាក និងតម្រូវឱ្យមានការអនុវត្តតាមច្បាប់លក្ខខណ្ឌតម្រូវ និងស្តង់ដារខ្ពស់។ ដូច្នេះហើយ ការដែលក្រុមហ៊ុន MIRARTH សម្រេចបានការនាំចេញទៅកាន់ទីផ្សារអឺរ៉ុបដោយផ្ទាល់នេះ បានសបញ្ជាក់ឱ្យឃើញថា ក្រុមហ៊ុនរបស់កម្ពុជាអាចមានលទ្ធភាពក្នុងការនាំចេញដោយផ្ទាល់ទៅទីផ្សារអឺរ៉ុប ហើយខ្ញុំក៏សង្ឃឹមថានឹងអាចជាការលើកទឹកចិត្តដល់ក្រុមហ៊ុនដទៃក្នុងការគិតគូរ ពិចារណាក្នុងការនាំចេញទៅកាន់ទីផ្សារដ៏សំខាន់នេះផងដែរ»។

ទាក់ទងនឹងនឹងការនាំចេញ ឯកឧត្តម សំហេង បូរ៉ា បានមានប្រសាសន៍ថា ៖ ក្រសួងពាណិជ្ជកម្ម តាមរយៈក្រុមការងារជំរុញការនាំចេញ បានដាក់ចេញនូវបេសកកម្មដ៏សំខាន់ក្នុងការនាំយក និងណែនាំទំនិញសក្តានុពលរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក។ ក្រុមការងារជំរុញការនាំចេញនេះបានទទួលគោលការណ៍ក្នុងការជួយដល់អ្នកនាំចេញរបស់កម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងការនាំចេញ ក៏ដូចជាជួយផ្សារភ្ជាប់រវាងអ្នកទិញបរទេសជាមួយនឹងអ្នកនាំចេញកម្ពុជា សំដៅសម្រេចបានជាកិច្ចសន្យាទិញ-លក់តែម្តង។ ក្រសួងក៏បានរៀបចំ “មជ្ឈមណ្ឌលសេវានាំចេញ” ដើម្បីជួយផ្តល់ការប្រឹក្សាយោបល់ និងបណ្តុះបណ្តាលដល់អ្នកនាំចេញ ឬអ្នកមានបំណងនាំចេញ ក្នុងការស្វែងយល់បន្ថែមអំពីលក្ខខណ្ឌតម្រូវ ព័ត៌មានទីផ្សារ និងនិន្នាការជុំវិញសកលោក ដើម្បីជួយជំរុញដល់ការនាំចេញផងដែរ។

ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ឱ្យដឹងថា៖ ផ្ទៃដីដាំដុះដំណាំស្វាយចន្ទីទូទាំងប្រទេសមានប្រមាណ៥៨ម៉ឺនហិកតា ប៉ុន្តែក្នុងរយៈពេល ២ ឬ ៣ឆ្នាំទៀត អាចនឹងកើនឡើងជាង៦០ម៉ឺនហិកតា ដោយទទួលផលក្នុងឆ្នាំ២០២៤ មានចំនួន៨៧ម៉ឺនតោន ក្នុងនោះ៨៥ភាគរយបាននាំចេញប្រទេសវៀតណាម នៅសល់ជាង១០ភាគរយកែច្នៃនៅក្នុងស្រុក និងមួយចំនួនទៀតនាំគ្រាប់ឆៅទៅកាន់ប្រទេសឥណ្ឌា ម៉ាឡេស៊ី ថៃ និងបង់ក្លាដែស។

ឯកឧត្តបានបញ្ជាក់ថា៖

«ក្រុមហ៊ុនមីរ៉ាត់ ជាក្រុមហ៊ុនដែលយកចិត្តទុកដាក់ខ្លាំងបំផុតចំពោះគ្រាប់ស្វាយចន្ទី ជំរុញការកែច្នៃ បង្កើតការងារ និងចំណូលជូនប្រជាជន ចូលលរួមផ្សព្វផ្សាយកេរ្តិ៍ឈ្មោះស្វាយចន្ទីកម្ពុជាទៅកាន់ពិភពលោក ។ តាមរយៈការនាំចេញស្វាយចន្ទីជាលើកដំបូងទៅកាន់សហភាពអឺរ៉ុបចំនួន២៥០តោន ជាមោទនភាពបំផុត ។ សង្ឃឹមថា ឆ្នាំបន្តបន្ទាប់ទៀតនឹងនាំចេញកាន់តែច្រើន។ គ្រាប់ស្វាយចន្ទីកម្ពុជា ឆ្ងាញ់ គ្រាប់ធំ ប្រកបដោយគុណភាព និងសុវត្ថិភាព»។

ឯកឧត្តម ញឹក បានខេង អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា៖ វិស័យកសិកម្ម និងកសិឧស្សាហកម្ម ក្នុងខេត្តកំពង់ធំមានសក្តានុពល។ ខេត្តកំពង់ធំមានផ្ទៃដីដាំដុះដំណាំចន្ទី ១៥២.៦១១ហិកតា ផ្ទៃដីប្រមូលផលសរុប ១៤៧.៧០០ហ.ត និងទទួលបាន ទិន្នផលជាមធ្យម ១,៥តោន/ហ.តក្នុង១ឆ្នាំ និងបរិមាណផលសរុបជាង ២២ម៉ឺនតោន ស្មើនឹង ៣០% នៃក្របខណ្ឌទូទាំងប្រទេស ។

ឯកឧត្តមអភិបាលខេត្តរង បានអំពាវនាវបន្ថែមទៀតដល់ក្រុមហ៊ុនវិនិយោគជប៉ុន មកវិនិយោគលើវិស័យកសិកម្ម ផ្សេងៗទៀតក្នុងខេត្តកំពង់ធំ ដូចជា ស្រូវអង្ករ ដំឡូងមី ស្វាយកែវរមៀត និងកៅស៊ូ ជាដើម ។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ AMS Economy ថា៖

«ការនាំចេញចន្ទីលើកដំបូងទៅកាន់អឺរ៉ុបនេះជារឿងល្អ ជាសញ្ញាវិជ្ជមានមួយ។ នៅអឺរ៉ុបតម្រូវការភូតគាមអនាម័យគឺខ្ពស់ អ៊ឹចឹងការនាំចេញរបស់ Mirarth ទៅសហភាពអឺរ៉ុបនេះ បញ្ជាក់ពីស្តង់ដារម្ហូបអាហារអាចទទួលយកបាននៅលើទីផ្សាអន្តរជាតិ។ ដំបូងនាំចេញ១៦តោន តែក្នុងកិច្ចសន្យានឹងនាំចេញជាង២០០តោន នេះពិតជាចំនួនដ៏ច្រើន»។

លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃរាជ្យបណ្ឌិសភាកម្ពុជា បានមានប្រសាសន៍ថា៖ ការនាំចេញចន្ទីរបស់ Mirath ទៅសហភាពអឺរ៉ុបនឹងជួយលើកមុខមាត់ជាតិ ផ្តល់ឱកាសការងារ និងចំណូលដល់ប្រជាពលរដ្ឋដែលធ្វើការទាក់ទងនឹងស្វាយចន្ទី បង្កើនតម្លៃបន្ថែម និងលើកអត្តសញ្ញាណជាតិ ក៏ដូចជាផលិតផលខ្មែរ ព្រមទាំងជួយជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកសម្រើន ជាពិសេសជួយជំរុញឱ្យសម្រេចបាន តាមចក្ខុវិស័យដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលចង់ប្រែក្លាយកម្ពុជាជាអធិរាជស្វាយចន្ទី និងជាប្រទេសផលិតគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក ។

យោងតាមសមាគមស្វាយចន្ទីកម្ពុជា គិតត្រឹមរយៈពេល១០ខែ ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានចំនួន៨៤ ម៉ឺនតោន កើន២៦ភាគរយ។ ក្នុងនោះនាំចេញទៅវៀតណាមបានជាង៧៩ម៉ឺនតោន គិតជាទឹកប្រាក់ចំនួន ១១១០លានដុល្លារអាមេរិក កើន៣១ភាគរយ ខណៈតម្លៃកើន ៩ភាគរយ ធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២៣៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

“ក្រូចពោធិ៍សាត់” ក្លាយជាម៉ាកសមូហភាពផ្លូវការ ជួយពង្រឹងអត្តសញ្ញាណផលិតផលជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

​ក្រសួង​ពាណិជ្ជកម្ម ​បាន​សម្រេចចុះ​បញ្ជី ​“​ក្រូច​ពោធិ៍សាត់​” ​ជាម៉ាក​សមូហភាព​ ​(​Collective ​Mark​)​ ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​៩​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដែល​ជា​ជំហាន​មួយ​ក្នុង​ការ​ពង្រឹង​អត្តសញ្ញាណ ​និង​លើកកម្ពស់​ការ​ទទួល​ស្គាល់​ផលិតផល​ខ្មែរ​នៅលើ​ទីផ្សារ​ក្នុង​ប្រទេស​ ​និង​អន្តរជាតិ

OPE​C+​ ​រក្សា​កម្រិត​ផលិតកម្ម​ប្រេង ​ខណៈ​សង្គ្រាម​បង្ក​ភាព​មិន​ប្រាកដប្រជា​ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

ក្រុម​ប្រទេស​ផលិត​ប្រេង ​និង​សម្ព័ន្ធមិត្ត​ OPE​C+​ ​បាន​ព្រមព្រៀង​គ្នា​រក្សា​គោលដៅ​ផលិតកម្ម​ប្រេង​ឱ្យ​នៅ​ដដែល​សម្រាប់​ខែ​វិច្ឆិកា​ ​ខណៈ​ទីផ្សារ​ប្រេង​នៅតែ​ប្រឈម​នឹង​ភាព​តានតឹង​ ​និង​ភាព​មិន​ប្រាកដប្រជា ​ដោយសារ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​បន្តប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ប្រេង

អ្នក​ជំនាញ​៖​ ​រៀបចំ​ថវិកា​ច្បាស់លាស់​​ជួយ​ជៀសវាង​សម្ពាធ​ហិរញ្ញវត្ថុ​ ​ក្រោយ​ភ្ជុំ​បិណ្ឌ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 05/10/2026

​ ​អ្នក​ជំនាញ​សេដ្ឋកិច្ច​ណែនាំ​ឱ្យ​ប្រជា​ពលរដ្ឋ​រៀបចំ​ផែនការ​ថវិកា​ច្បាស់លាស់​ ​និង​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​សន្សំ​សំចៃ​តាម​លទ្ធភាព​ជាក់ស្តែង​ ​ក្នុង​ការ​ចូលរួម​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ​ដើម្បី​ជៀសវាង​វិបត្តិ​បំណុល​ ​ឬ​សម្ពាធ​ហិរញ្ញវត្ថុ​ក្រោយ​រដូវ​កាល​បុណ្យ

គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី នៅតាមតំបន់គោលដៅទូទាំងប្រទេស

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/10/2026

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី ដើម្បីធានាលើការគ្រប់គ្រងការប្រើប្រាស់ដីធ្លីនៅតាមតំបន់គោលដៅទូទាំងប្រទេស និងណែនាំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច និងការដោះស្រាយបញ្ហាប្រឈមនានា រួមទាំងរំលេចអំពីវិស័យកសិឧស្សាហកម្មជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ។ ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៦ ឯកឧត្តម

មន្ត្រីកំពូល​កម្ពុជា​ បង្កើនការ​គាំទ្រ និងសម្រប​សម្រួល​ជូន​វិនិយោគិន​ជប៉ុន​ ក្នុងការស្វែងរកឱកាស ​និងពង្រីក​ធុរកិច្ចនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

មន្ត្រីកំពូលរបស់កម្ពុជា​មួយរូប បានប្ដេជ្ញា​ថា នឹង​ជួយសម្រួល​និង​គាំទ្រដល់ការ​វិនិយោគរបស់​វិនិយោគិន​ជប៉ុន​នៅកម្ពុជា ដើម្បីធានាឱ្យការ​វិនិយោគនោះ​ទទួលបានផ្លែផ្កា​....

កម្ពុជា កំពុង​ពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅ​ជាអគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន កំពុង​ពិនិត្យ​លទ្ធភាពកែច្នៃសំរាម និង​សំណល់​រឹង ទៅ​ជាថាមពល​អគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃ​សេដ្ឋកិច្ចជាតិ។ មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS នៅ​ថ្ងៃ​ទី២ ខែ​តុលា ​នេះ ថា លទ្ធភាព​កែច្នៃ​ទៅរួច ឬអត់ គឺស្ថិតនៅលើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុនធំណាមួយនឹងចូល​ខ្លួន​មក​កែច្នៃ ព្រោះគម្រោងនេះ​ត្រូវ​ចំណាយ​ច្រើន

កំណើនសេដ្ឋកិច្ចថយមកត្រឹម ៣% តើកម្ពុជាឆ្លើយតបនឹងសម្ពាធថមថយនេះយ៉ាងដូចម្តេច?

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

សេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងសម្ពាធពីកត្តាខាងក្រៅ និងបញ្ហាប្រឈមក្នុងស្រុកជាច្រើន ដែលជំរុញឱ្យទស្សនវិស័យកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ២០២៦

អាម៉េរិក ព្រមានការនាំចេញប្រេងម៉ាស៊ូតទៅកាន់អឺរ៉ុប ប្រសិនបើអាល្លឺម៉ង់ និងបារាំងមិនបញ្ចេញប្រេងពីស្តុកមកប្រើប្រាស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

អាម៉េរិកទាមទារឱ្យសហភាពអឺរ៉ុប (EU) បញ្ចេញប្រេងម៉ាស៊ូតចំនួន ១២០ លានបារ៉ែលក្នុងរយៈពេល ៦ ខែខាងមុខ ដើម្បីជួយទប់តម្លៃប្រេងឥន្ធនៈសកលដែលកំពុងកើនឡើង។

អា​ម៉េរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក ​និង​យានយន្ត​របស់​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

​ក្រសួង​រតនាគារ​អាម៉េរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​រដ្ឋបាល​លោក​ Donald ​Trump ​បាន​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក វិស័យ​យានយន្ត ​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​បរទេស​របស់​អ៊ីរ៉ង់ ​ដើម្បី​បង្កើន​សម្ពាធ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ

អា​ម៉េរិក​ចំណាយ​ជាង​ ៥ ពាន់​លាន​ដុល្លារ​ជួសជុល ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ ​USS ​Harry S​.​ ​Truman

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

សហរដ្ឋ​អាម៉េរិក​គ្រោង​ចំណាយ​ ៥​,​១ ពាន់​លាន​ដុល្លារ ​ដើម្បី​ជួសជុល​ ថែទាំ ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ ​USS ​Harry S​.​ ​Truman ​ដើម្បី​ត្រៀម​នា​វា​នេះ​សម្រាប់​បន្ត​ប្រើប្រាស់​ក្នុង​ពាក់កណ្តាល​ជីវិត​បម្រើ​ការងារ​ដែល​នៅសល់