ភ្នំពេញ៖ ការវិនិយោគក្នុងវិស័យកម្មន្តសាល មានការកើនឡើងគួរឱ្យកត់សម្គាល់ ជាក់ស្ដែង ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៣ កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគដែលមានទំហំទុនវិនិយោគសរុបប្រមាណជិត ៤ប៊ីលានដុល្លារអាម៉េរិក ហើយក្នុងនោះទុនវិនិយោគរបស់ចិនមានប្រមាណ ៧៦%។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងជំនួបពិភាក្សាការងារជាមួយគណៈ ប្រតិភូសមាគមសភាពាណិជ្ជកម្មចិន ដឹកនាំដោយលោក Lin Shiqiang ។
ឯកឧត្តម ជា វុទ្ធី នៅថ្ងៃដើមសប្ដាហ៍កន្លងទៅនេះបានថ្លែងថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានយកចិត្តទុកដាក់ចំពោះវិនិយោគិនចិន ដោយកិច្ចសហប្រតិបត្តិការវិនិយោគរវាងប្រទេសទាំងពីរ កម្ពុជា-ចិន មានសារៈសំខាន់ក្នុងការជំរុញវិស័យសេដ្ឋកិច្ចឱ្យមានការរីកចម្រើន។
ឯកឧត្តមអគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជាបានលើកឡើងថា ក្នុងច្បាប់វិនិយោគថ្មី វិស័យអាទិភាព មានចំនួន១៩ ដែលក្នុងនោះមានវិស័យអាទិភាពចំនួន ២ ដែលរាជរដ្ឋាភិបាលកំពុងចង់បានខ្លាំងបំផុតនោះគឺការវិនិយោគក្នុងវិស័យដែលមានបច្ចេកវិទ្យាខ្ពស់ប្រកបដោយនវានុវត្តន៍ និងការស្រាវជ្រាវ ការអភិវឌ្ឍន៍ និងការវិនិយោគក្នុងវិស័យកសិកម្មកសិឧស្សាហកម្ម, ឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម ឧស្សាហកម្មកែច្នៃចំណីអាហារដែលបម្រើទីផ្សារក្នុងស្រុក ឬការនាំចេញ ៕ អត្ថបទដោយ ៖ ញ៉ែម សុផល