ភ្នំពេញ ៖ គណៈប្រតិភូក្រុមហ៊ុន YIG ដឹកនាំដោយ លោក Lu Xiaolong ប្រធានក្រុមប្រឹក្សាភិបាល និងក្រុមហ៊ុន Angkor International Airport Investment Group (AIAI) នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ បានជួបជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដើម្បីសិក្សាស្វែងយល់ឱ្យកាន់តែច្បាស់ពីសក្តានុពលវិនិយោគលើវិស័យមួយចំនួនទៀតបន្ថែមលើការវិនិយោគដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុន YIG ជាក្រុមហ៊ុនវិនិយោគដ៍ធំមួយដែលមានសកម្មភាពក្នុងវិស័យដឹកជញ្ជូនផ្លូវដែក ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុនិងវិស័យថាមពលកកើតឡើងវិញ ។ល។ ហើយក៏ជាម្ចាស់ភាគហ៊ុនធំនៃគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរផងដែរ។

ឯកឧត្តមអគ្គលេខាធិការ បានជម្រាបជូនពីស្ថានភាពវិនិយោគ, ច្បាប់ និងបទប្បញ្ញាត្តិពាក់ព័ន្ធ,វិស័យដែលមានសក្តានុពល,ការផ្តល់កិច្ចសម្រួលវិនិយោគ និងបានធ្វើការកត់សម្គាល់ពីកំណើនវិនិយោគចិនដោយផ្តើមចេញពីក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ កម្ពុជា-ចិន ដែលជាលទ្ធផល រំហូរវិនិយោគចិនមកកម្ពុជា និងទំហំពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរមានកំណើនខ្ពស់ជារៀងរាល់ឆ្នាំក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ។
លោក Lu Xiaolong ប្រធានគណៈប្រតិភូបានបង្ហាញនូវការកត់សម្គាល់អំពីភាពរីកចម្រើនឥតឈប់ឈររបស់កម្ពុជា និងបានជម្រាបជូនអំពីបំណងនៃការជួបពិភាក្សានាថ្ងៃនេះគឺដើម្បីស្វែងរកការគាំទ្រដល់គម្រោងវិនិយោគអភិវឌ្ឍតំបន់សេដ្ឋកិច្ចនៅជិតអាកាសយានដ្ឋាន ហើយដែលការវិនិយោគនោះគ្រោងនឹងផ្តោតលើសកម្មភាពចំនួន ៣ គឺ៖ ទី១-ការវិនិយោគថាមពលកកើតឡើងវិញដើរដោយពន្លឺព្រះអាទិត្យ, ទី២-ការវិនិយោគក្នុងវិស័យទេសចរណ៍ និង ទី៣-ការវិនិយោគក្នុងវិស័យកសិកម្ម។
ឯកឧត្តមអគ្គលេខាធិការ បានសម្តែងនូវការគាំទ្រដល់គម្រោងវិនិយោគរបស់ក្រុមហ៊ុន ដែលគម្រោងវិនិយោគទាំងនេះនឹងជួយចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ពិសេស ការបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបានជំរុញឱ្យភាគីចិនជួយទាក់ទាញទេសចរឱ្យមកទស្សនាកម្ពុជាឱ្យបានច្រើន ពិសេស ខេត្តសៀមរាប ព្រមទាំងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើការគិតគូរក្នុងការវិនិយោគកែច្នៃកសិផលកម្ពុជាដើម្បីបម្រើឱ្យការផ្គត់ផ្គង់ដល់ទីផ្សារក្នុងស្រុក និងការនាំចេញ ជាពិសេស ការជំរុញការនាំចេញនៅនឹងកន្លែងតាមរយៈភ្ញៀវទេសចរដែលមកទស្សនាកម្ពុជា៕






វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content