ភ្នំពេញ ៖ ក្រុមហ៊ុនដ៏ធំំមួយរបស់ថៃ បានយល់ព្រមទិញផលិតផលកសិកម្មពីកម្ពុជា ដូចជា ពោត ដំឡូងមី ស្រូវ ដើម្បីបំពេញតម្រូវការក្នុងការផលិតរបស់ខ្លួន។
ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា នារសៀលថ្ងៃ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន៣ ជាមួយក្រសួងពាណិជ្ជកម្ម កម្ពុជានៅទីស្តីការក្រសួងពាណិជ្ជកម្មក្រោមវត្តមានលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
អនុស្សរណៈនៃការយោគយល់គ្នាចំនួន៣ រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ស៊ី.ភី. ខេមបូឌារួមមាន៖
១. កិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀតក្នុងស្រុក សម្រាប់ផលិតចំណីសត្វ រវាងអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស នៃក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា
២.កិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលស្រូវ កន្ទក់ និងកញ្ជុងអង្ករ សម្រាប់ផលិតចំណីសត្វ រវាងក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនស៊ី.ភី. ខេមបូឌា
៣.កិច្ចសហប្រតិបត្តិការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មសាច់សត្វ និងផលិតផលផ្សំពីសាច់រវាងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្គាបការក្លែងបន្លំ “ក.ប.ប” នៃក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនស៊ី.ភី. ខេមបូឌា៕