ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ផលិតភាពពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ និងជាគោលដៅចម្បងរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនផលិតភាពវិស័យសាធារណៈ ដើម្បីជំរុញបរិយាកាសធុរកិច្ច និងទាក់ទាញវិនិយោគិនជាតិ – អន្តរជាតិ ឱ្យមកបណ្តាក់ទុនវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ភោគ សុវណ្ណារិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងពិធីបើកសន្និសីទស្តីពីការអភិវឌ្ឍអ្នកជំនាញផលិតភាពក្នុងវិស័យសាធារណៈកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា៖ ការអភិវឌ្ឍអ្នកជំនាញផលិតភាពក្នុងវិស័យសាធារណៈមានសារៈសំខាន់មិនត្រឹមតែសម្រាប់ការកែលម្អការផ្តល់សេវាសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងបង្កើនទំនុកចិត្តសាធារណជន និងធានាថា ធនធានត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍជាតិ។

គួរជម្រាបថា៖ មជ្ឈមណ្ឌលផលិតភាពជាតិនៃកម្ពុជា បាន និងកំពុងរៀបចំសន្និសីទរយៈពេល ៣ ថ្ងៃ ស្តីពីការអភិវឌ្ឍអ្នកជំនាញផលិតភាពក្នុងវិស័យសាធារណៈដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ ២០២៥ ដោយមានអ្នកចូលរួមប្រមាណ ១០០ នាក់មកពីក្រសួង-ស្ថាប័នសាធារណៈ ដើម្បីស្វែងយល់ពីឧត្តមានុវត្តន៍ក្នុងការលើកកម្ពស់ប្រសិទ្ធភាពអង្គភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ។
សន្និសីទនេះគឺជាវគ្គទី៣នៃកម្មវិធីសេវាអ្នកជំនាញបច្ចេកទេស (Technical Expert Service)ដែលគាំទ្រដោយអង្គការផលិតភាពអាស៊ី (APO)។ កម្មវិធីមានរួមបញ្ចូលការចុះទស្សនកិច្ចទៅកាន់ស្ថាប័នជាតិសំខាន់ៗ ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងមុខងារសាធារណៈ និងក្រសួងសាធារណការ និងដឹកជញ្ជូន ដែលអនុញ្ញាតិឱ្យសិក្ខាកាមធ្វើការវិភាគលើការអនុវត្តជាក់ស្តែង នៃយុទ្ធសាស្ត្រផលិតភាពរបស់ស្ថាប័នទាំងនោះ។
កម្មវិធីក៏មានកិច្ចពិភាក្សាផ្តោតលើបរិវត្តកម្មឌីជីថល កំណែទម្រង់ក្របខ័ណ្ឌគតិយុត្តិ និងការកែលម្អដំណើរការការងារ ដើម្បីរួមចំណែកលើកកម្ពស់រដ្ឋបាលសាធារណៈនៅកម្ពុជា។សន្និសិទនេះក៏ផ្តល់ជាវេទិកាសម្រាប់អ្នកជំនាញផលិតភាពក្នុងវិស័យសាធារណៈនៅកម្ពុជា បានសិក្សាស្វែងយល់ពីឧត្តមានុវត្តន៍ជាអន្តរជាតិ និងអនុវត្តយុទ្ធសាស្រ្តជោគជ័យដើម្បីធ្វើទំនើបកម្មស្ថាប័នរបស់ខ្លួន៕





វិថីហិរញ្ញវត្ថុ



































































Account
Security
Favourite Content