សៀមរាប ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា វត្តមានអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រដ៏មហាសាលមួយទៀត នៅលើទឹកដីខេត្តសៀមរាប ដែលជាប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជាផ្នែកទេសចរណ៍លើវិស័យដឹកជញ្ជូនផ្លូវអាកាស ។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្លាយជាការតភ្ជាប់ផ្លូវអាកាសដ៏សំខាន់រវាងខេត្តសៀមរាបជាមួយតំបន់ដទៃក្នុងប្រទេសកម្ពុជា ក៏ដូចជាបណ្តាមានសក្តានុពលទេសចរណ៍ដទៃទៀត ហើយសមិទ្ធផលនេះ គឺជាផ្លែផ្កានៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-ចិន ។

អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ព្រមទាំងវិស័យទេសចរណ៍ទូទាំងប្រទេស ជាពិសេសនឹងអាចទាក់ទាញដល់វិនិយោគិន ក៏ដូចជាផ្តល់ប្រយោជន៍សេដ្ឋកិច្ចមូលដ្ឋានដល់ប្រជាពលរដ្ឋកម្ពុជា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ៖
« អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាសមិទ្ធផលថ្មីមួយទៀតបន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៃចំណងមិត្តភាពដែកថែបកម្ពុជា-ចិន។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានសាងសង់នៅមិនឆ្ងាយប៉ុន្មានពីតំបន់សង្គ្រាមចុងក្រោយ ដែលត្រូវបានបញ្ចប់ដោយ នយោបាយឈ្នះ ឈ្នះ របស់សម្ដេច តេជោ ហ៊ុន សែន។ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺឈរលើចក្ខុវិស័យវែងឆ្ងាយចំនួន២ របស់សម្ដេចតេជោ ហ៊ុន សែន នោះគឺការអភិរក្ស និងការអភិវឌ្ឍ»។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ព្រលានយន្តហោះជាច្រើននៅក្នុងពិភពលោក មិនត្រឹមតម្លៃត្រឹមតែជាអាកាសយានដ្ឋានសម្រាប់យន្តហោះចុះចត ឬចេញដំណើរប៉ុណ្ណោះនោះទេ ប៉ុន្តែអាកាសយានដ្ឋានរបស់ប្រទេសទាំងនោះបានក្លាយជាតំបន់ទេសចរណ៍ និងពាណិជ្ជកម្មថែមទៀត។
សម្ដេចធិបតី បានថ្លែងថា តាមរយៈយុទ្ធសាស្ត្រទាក់ទាញទេសចរក្រោមប្រធានបទ «ទស្សនាកម្ពុជាឆ្នាំ២០២៤» ទេសចរចិន នឹងមកលេងកម្សាន្តច្រើននៅកម្ពុជានាឆ្នាំ២០២៤ ខាងមុខនេះ។ កត្តានេះ ទាមទារឱ្យកម្ពុជាត្រូវរៀបចំកែសម្រួល និងត្រៀមគ្រប់ផ្នែកដើម្បីទទួលទេសចរទាំងនោះ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ថា ឆ្នាំ២០២៤ ជាឆ្នាំរស់ឡើងវិញនៃវិស័យទេសចរណ៍នៅកម្ពុជា។ ខណៈពិភពលោកកំពុងមានការគំរាមកំហែងនៃវិបត្តិថាមពល កម្ពុជាបានរក្សាលំនឹងបានដដែលនៃតម្លៃអគ្គិសនី ថែមទាំងមានការបញ្ចុះតម្លៃដល់រោងចក្រសហគ្រាសនានា រហូតដល់ទៅ១៥ភាគរយផងដែរក្នុងឆ្នាំ២០២៣នេះ។

សម្ដេចធិបតី បានបន្តទៀតថា ក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ ដែលរៀបចំធ្វើនៅប្រទេសចិនក្នុងឆ្នាំ២០២៣ ថ្មីៗកន្លងមកនេះ សម្ដេចបានពិភាក្សា ជាមួយឯកឧត្ដម ស៊ី ជីនពីង ប្រធានាធិបតីចិន ដោយកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ចិន ហើយកម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះទេសចរចិនដែលជាមិត្ត និងជាបងប្អូនដ៏ល្អរបស់កម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសរំលេចផងដែរថា ក្រោមការដឹកនាំរបស់សម្តេចតេជោអតីតនាយករដ្ឋមន្ត្រីតែងបានយកចិត្តទុកដាក់លើការលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ចិននិងការគាំទ្រចំពោះគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” ដែលបានចូលរួមចំណែកក្នុងការជួយដល់ប្រទេសកំពុងអភិវឌ្ឍឱ្យមានការរីកចម្រើន។

ជាក់ស្តែង នៅកម្ពុជាផ្ទាល់ស្ថិតនៅក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់ និងផ្លូវ” គឺគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន បានលេចចេញជារូបរាងឡើងរួមមាន ៖ ទី១-ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ទី២- ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ទី៣- គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និង៤- អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះជាដើម ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content