ភ្នំពេញ៖ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី ២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្រ្តាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានប្រកាសផ្លូវការនូវផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍរវាងអូស្រ្តាលី និងកម្ពុជា ឆ្នាំ២០២៥-២០២៩ (Australia-Cambodia Development Partnership Plan – DPP 2025-2029)។
នៅក្នុងផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍឆ្នាំ២០២៥-២០២៩ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាដ៏មុតមាំ និងយូរអង្វែងរបស់អូស្ត្រាលីក្នុងការគាំទ្រដល់គោលដៅអភិវឌ្ឍរបស់កម្ពុជា ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ។ ផ្អែកលើទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែង និងភាពជឿជាក់, ផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍ មានគោលបំណងលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ចីរភាព និងមានភាពធន់ និងលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជា ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា៖ ផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍ បានកំណត់គោលដៅយុទ្ធសាស្ត្រចំនួនបី ដែលនឹងតម្រង់ទិសកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់អូស្ត្រាលីជាមួយកម្ពុជាក្នុងរយៈពេល ៥ឆ្នាំខាងមុខ រួមមាន៖ ១) ការពង្រឹងស្ថាប័នឱ្យកាន់តែរឹងមាំ២) សេវាសាធារណៈប្រកបដោយបរិយាប័ន្ន និង ៣) លើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងមានភាពធន់។
ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានលើកឡើងថា៖ «ផែនការនេះបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការគាំទ្រដល់គោលដៅអភិវឌ្ឍន៍រយៈពេលវែងរបស់ប្រទេសកម្ពុជា ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងទូលំទូលាយរបស់កម្ពុជាដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។ អូស្ត្រាលី និងកម្ពុជា ជាដៃគូដ៏រឹងមាំ ដូចដែលភាគីទាំង២ បានធ្វើអស់ជាច្រើនទសវត្សរ៍មកហើយ ហើយនឹងបន្តធ្វើការជាមួយគ្នាដើម្បីឱ្យថ្ងៃមុខកាន់តែភ្លឺស្វាង»៕