ភ្នំពេញ ៖ ក្រសួងទេសចរណ៍បានចេញសេចក្តីប្រកាសព័ត៌មានឱ្យដឹងថា បន្ទាប់ពីបញ្ចប់ដោយជោគជ័យនៃព្រឹត្តិការណ៍ផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ឆ្នាំ២០២៤ ប្រទេសទាំងពីរបានប្រកាសបើកជាផ្លូវការ “ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥” នៅថ្ងៃទី២៤-២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នាទីក្រុង Zhengzhou ខេត្ត Henan សាធារណៈរដ្ឋប្រជាមានិតចិន។ ព្រឹត្តិការណ៍នេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា-ចិន ក៏ដូចជាការរួមចំណែកជំរុញការផ្សព្វផ្សាយកិត្យានុភាពកម្ពុជា សិល្បៈវប្បធម៌ដ៏ល្អផូរផង់ សក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជាឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន។

ក្រសួងទេសចរណ៍នៃកម្ពុជា សហការជាមួយក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាមានិតចិន រៀបចំព្រឹត្តិការណ៍ពិធីបិទ«ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» និងពិធីបើកជាផ្លូវការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅប្រទេសចិន។ ក្នុងព្រឹត្តិការណ៍នេះនឹងមានការសម្ដែងទស្សនីយភាពសិល្បៈថ្នាក់ជាតិរួមគ្នាកម្ពុជា-ចិន ការសម្តែងក្បាច់គុនល្បុក្កតោកម្ពុជា និងក្បាច់គុនកុងហ្វូសៅលីញ ព្រមទាំងការបង្ហាញម៉ូតសម្លៀកបំពាក់បុរាណ និង ប្រពៃណីកម្ពុជា-ចិន រួមជាមួយកម្មវិធីសំខាន់ៗមួយចំនួនទៀត។

សូមជ្រាបថា ការរៀបចំឆ្នាំទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០២៥ នឹងជួយជំរុញចំនួនភ្ញៀវទេសចរចិនចូលមកកម្ពុជា ខណៈបច្ចុប្បន្នចំនួនភ្ញៀវចិនមកកម្ពុជាហាក់មានកម្រិតទាបបើធៀបនឹងភ្ញៀវទេសចរបរទេសផ្សេងទៀតដែលមានចំនួនកើនឡើង។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅក្នុងព្រឹត្តិការណ៍ សប្តាហ៍អាហារកម្ពុជា-ចិននៅខេត្តសៀមរាបកាលពីពេលកន្លងទៅបានលើកឡើងថា តាមរយៈព្រឹត្តិការណ៍ផ្សព្វផ្សាយរួមគ្នា កម្ពុជា-ចិន នឹងជួយជំរុញចំនួនភ្ញៀវទេសចរចិនមកកម្ពុជាដោយការបង្ហាញពីសក្តានុពលទេសចរណ៍របស់កម្ពុជា ហើយអ្វីដែលរដ្ឋាភិបាលត្រូវធ្វើលើសពីនេះទៀតគឺធានាឱ្យមានបដិសណ្ឋារកិច្ចល្អ និងហេដ្ឋារចនាសម្ព័ន្ធសមស្របសម្រាប់ភ្ញៀវទេសចរចិន ជាពិសេសតាមរយៈការបង្កើនជើងហោះហើរត្រង់ពីប្រទេសចិន និងនៅតាមខេត្តដែលមានសក្តានុពលពីប្រទេសចិន។

ឯកឧត្តម បានបញ្ជាក់ថា រដ្ឋាភិបាល ក៏ដូចជាក្រសួងពាក់ព័ន្ធ ត្រូវតែលុបបំបាត់ព័ត៌មានក្លែងក្លាយ ការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត ការចាប់ជំរិត ឬល្បែងអនឡាញ ដែលធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជា និងរារាំងភ្ញៀវទេសចរមិនឱ្យមកទស្សនាកម្ពុជា។
ដោយឡែក ព្រឹត្តិការណ៍នៃការសម្តែងក្បាច់គុនល្បុក្កតោកម្ពុជា និងក្បាច់គុនកុងហ្វូសៅលីញ នៅកម្ពុជា និងនៅយូណានប្រទេសចិន រួមជាមួយព្រឹត្តិការណ៍ «ពិព័រណ៍ទេសចរណ៍កម្ពុជា-ចិន» កាលពីឆ្នាំ២០២៤ សុទ្ធតែបានជួយលើកកម្ពស់កំណើនភ្ញៀវទេសចរអន្តរជាតិ ហើយភ្ញៀវទេសចរចិនមកកម្សាន្តនៅកម្ពុជាកើនឡើងចំនួន៥៥ភាគរយក្នុងឆ្នាំ២០២៤។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ។

ឯកឧត្តម ហួត ហាក់ បានបញ្ជាក់ថា៖ កម្ពុជាបានព្យាករថា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៧ លាននាក់ រួមទាំងទេសចរចិនជាង ២លាននាក់នៅឆ្នាំ២០២៥ កំណើនភ្ញៀវទេសចរចិន ជាឱកាសដ៏សំខាន់មិនត្រឹមតែជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសវិនិយោគក្នុងវិស័យផ្សេងៗទៀត។
សូមបញ្ជាក់ថា នៅឆ្នាំ២០២៤ មានទេសចរចិនជាង៨៤ម៉ឺននាក់ បានមកទស្សនានៅកម្ពុជា ពោល គឺកើនឡើង ៥៥ % បើធៀបនឹងឆ្នាំ២០២៣។ ថ្មីៗនេះ លោក វ៉ាង វិនពីន(Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអះអាងថា ក្នុងឆ្នាំ២០២៥នេះ ទេសចរជនជាតិចិននឹងមកប្រទេសកម្ពុជាកាន់តែច្រើនជាងឆ្នាំមុន៕




វិថីហិរញ្ញវត្ថុ



































































Account
Security
Favourite Content