ភ្នំពេញ ៖ អ្នកជំនាញផ្នែកពាណិជ្ជកម្មកម្ពុជា និងចិន បានជួបពិភាក្សាគ្នាលើការសិក្សាកំណត់ទីតាំងដើម្បីឈានទៅសាងសង់សួនឧស្សាហកម្ម កម្ពុជា-ចិន ដែលមានហេដ្ឋារចនាសម្ព័ន្ធ រោងចក្រ និងបរិក្ខារទំនើបៗសម្រាប់សម្រួលដល់ការធ្វើពាណិជ្ជកម្ម។
នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង លោកបណ្ឌិត មាស ពិសិទ្ឋ អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីនៃអង្គភាពជំនាញ បានជួបពិភាក្សាការងារជាមួយគណៈ ប្រតិភូសេដ្ឋកិច្ច និងពាណិជ្ជកម្មប៉ីហាយ នៃប្រទេសចិន ដែលដឹកនាំដោយលោកស្រីតាន់ ស៊ីវហុង( Tan Xiuhong) សមាជិកគណៈកម្មការអចិន្ត្រៃយ៍នៃគណៈកម្មាធិការទីក្រុងប៉ីហាយ ខេត្ត គ័រងស៊ី។
នៅក្នុងជំនួបពិភាក្សាការងារនេះ លោកបណ្ឌិត មាស ពិសិដ្ឋ បានជម្រាបជូនជាសង្ខេបនូវបច្ចុប្បន្នភាព និងគោលនយោបាយថ្មីនៃវិស័យកសិកម្មនៅកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះរបាំងបច្ចេកទេស (SPS) ក្នុងគោលដៅជំរុញការនាំចេញកសិផលខ្មែរទៅកាន់ទីផ្សារបរទេស។
ចំពោះការងារនេះ លោកស្រី Tan Xiuhong គណៈប្រតិភូសេដ្ឋកិច្ច និងពាណិជ្ជកម្មប៉ីហាយ នៃប្រទេសចិន បានថ្លែងប្រាប់ភាគីកម្ពុជាអំពីភូមិសាស្ត្រនៃក្រុងប៉ីហាយ ស្ថិតនៅក្នុងខេត្តគ័រងស៊ី ដែលមានកំពង់ផែសមុទ្រ ហើយត្រូវបានចាត់ជាក្រុងបើកចំហជើងមេឃ មានឧស្សហកម្មទំនើប និងសួនឧស្សាហកម្មកម្ពុជា-ចិន ដែលមានហេដ្ឋារចនាសម្ព័ន្ធ រោងចក្រ និងបរិក្ខារទំនើបៗជាច្រើន សម្រាប់សម្រួលដល់ការធ្វើពាណិជ្ជកម្ម ជាមួយប្រទេសនានានៅតំបន់អាស៊ាន រួមទាំងកម្ពុជាផងដែរ។
ដោយអនុវត្តតាមកិច្ចព្រមព្រៀងរបស់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ លោកស្រី Tan Xiuhong បានបញ្ជាក់ថា ជំនួបជាមួយថ្នាក់ដឹកនាំក្រសួងកសិកម្ម ក៏ដូចជាបេសកកម្មនៅកម្ពុជានាពេលនេះ នឹងផ្ដល់ជាពន្លឺដល់ក្រុមការងាររបស់លោកស្រី ដើម្បីសិក្សាកំណត់ទីតាំង និងឈានទៅសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន ដែលមានហេដ្ឋារចនាសម្ព័ន្ធ រោងចក្រ និងបរិក្ខារទំនើប ដូចនៅក្រុងប៉ីហាយដែរ។
លោកស្រី Tan Xiuhong បានបញ្ជាក់ថា សួនឧស្សាហកម្មកម្ពុជា-ចិន នេះ អាចនឹងរួមចំណែកអភិវឌ្ឍ ដោយជួយសម្រួលដល់ការបង្កើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសការដោះរបាំងបច្ចេកទេសសម្រាប់ទំនិញនាំចេញពីកម្ពុជាទៅចិន និងទៅប្រទេសផ្សេងទៀត ខណៈទំនិញសំខាន់ៗដែលភាគីចិនចង់នាំចេញពីកម្ពុជា ដោយប្រើយន្តការសួនឧស្សាហកម្មនេះ មានដូចជា វត្ថុធាតុដើមសម្រាប់រោងចក្រ ដូចជាកម្ទេចឈើ អង្ករ កៅស៊ូ ផ្លែឈើ ដំឡូងមីស្ងួត ម្សៅដំឡូងមី ព្រមទាំងកសិផលជាច្រើនទៀត ។
ជាការឆ្លើយតប លោកបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ បានជម្រាបជូនលោកស្រី Tan Xiuhong អំពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំក្រសួងកសិកម្ម ក្នុងការសហការរៀបចំឲ្យមានសួនឧស្សាហកម្មនេះ និងសម្តែងនូវការសាទរចំពោះគំនិតផ្តួចផ្តើមដ៏ល្អទាំងឡាយខាងលើ ដែលពិតជាអាចរួមចំណែកអភិវឌ្ឍវិស័យកសិកម្ម និងបង្កើនសេដ្ឋកិច្ចជាតិ ជាពិសេសក្នុងផ្នែកកែច្នៃ វេចខ្ចប់ ទុកដាក់ដោះរបាំងបច្ចេកទេស (SPS) និងនាំចេញកសិផល៕