កម្ពុជាបន្តជំរុញការកៀរគរធនធានសម្រាប់គម្រោងដឹកជញ្ជូនជាង ១៧០ តម្លៃជាង ៣៦ ពាន់លានដុល្លារ

ភ្នំពេញ ៖ រាជរដ្ឋាភិបាល បាន និងកំពុងបន្តកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយទៅដល់ដៃគូអភិវឌ្ឍន៍ ក្នុងគោលបំណងកៀរគរធនធានសម្រាប់អនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលត្រូវការថវិកាប្រមាណ ៣៦,៦ ពាន់លានដុល្លារ។

ក្នុងគោលបំណងដើម្បីសម្រេចបាននូវចក្ខុវិស័យ និងគោលដៅនៃផែនការមេគ្រប់ជ្រុងជ្រោយនេះ រាជរដ្ឋាភិបាលបានកំណត់នូវគម្រោងអាទិភាពចំនួន ១៧៤ គម្រោង ដោយគ្របដណ្តប់លើគ្រប់វិស័យ រួមមានវិស័យដឹកជញ្ជូនតាមផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹកទន្លេ ផ្លូវសមុទ្រ កំពង់ផែ ផ្លូវអាកាស និងភស្តុភារកម្ម ដោយបានបែងចែកទៅជាគម្រោងរយៈពេលខ្លីនិងមធ្យម និងគម្រោងរយៈពេលវែង។ នេះបើយោងតាមរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២៥ ស្តីពីការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ។

របាយការណ៍ដដែលបានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៥ គម្រោងរយៈពេលខ្លី និងមធ្យម ចំនួន ៩០ គម្រោង ក្នុងនោះមាន ១៥ គម្រោង បាន និងកំពុងដំណើរការ (ស្មើនឹង១៧%), គម្រោងចំនួន១៨ បានបញ្ចប់ (ស្មើនឹង២០%),គម្រោងចំនួន១៥ ជាគម្រោងកំពុងសិក្សា និងរៀបចំ (ស្មើនឹង ១៧%), ហើយគម្រោងចំនួន៤២ ទៀត ជាគម្រោងមិនទាន់ដំណើរការ (ស្មើនឹង ៤៧%)។

ចំពោះគម្រោងចំនួន ៤២ ដែលមិនទាន់បានដំណើរការ អគ្គនាយកដ្ឋានភស្តុភារកម្ម ដែលជាលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិភស្តុភារកម្ម និងក្រុមប្រឹក្សាជាតិភស្តុភារកម្ម បាន និងកំពុងធ្វើការផ្សព្វផ្សាយទៅដល់ដៃគូអភិវឌ្ឍន៍ដើម្បីកៀរគរធនធានសរុបប្រមាណ ៥ ដង នៅតាមខេត្តមានសក្តានុពល និងការគាំទ្រនានាសំដៅជំរុញការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្ត តាមរយៈការធ្វើសិក្ខាសាលាផ្សព្វផ្សាយអំពីផែនការមេគ្រប់ជ្រុងជ្រោយនៅតាមបណ្តាខេត្តមានសក្តានុពលចំនួន ៤ លើកនាពេលកន្លងមក។

ជាមួយគ្នានេះ ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនទាំង ១៧៤ គម្រោងនេះ រដ្ឋាភិបាលត្រូវការថវិកាប្រមាណ ៣៦,៦ ពាន់លានដុល្លារ សម្រាប់អនុវផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ ក្នុងនោះរដ្ឋមានតម្រូវការប្រាក់ ១៩,៩២ ពាន់លានដុល្លារ សម្រាប់អនុវត្តគម្រោងរយៈពេលខ្លី និងមធ្យម ពីឆ្នាំ២០២៣-២០២៧។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ដែលជាមូលដ្ឋានគ្រឹះក្នុងការកាត់បន្ថយចំណាយក្នុងការធ្វើអាជីវកម្ម ការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ ការពង្រីកឱកាសសម្រាប់សហគ្រាស និងការប្រែក្លាយភូមិសាស្ត្រទៅជាអត្ថប្រយោជន៍សេដ្ឋកិច្ច។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖

«កម្ពុជាសម្រេចបានសមិទ្ធផលសំខាន់ៗរួមមាន ការអនុម័តផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ឆ្នាំ២០២៣-២០៣៣ (ផែនការបន្តត្រូវការទុនវិនិយោគ) ការដាក់ឱ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលទើបនឹងបើកដំណើរការថ្មីៗនេះ ក៏ដូចជាគម្រោងកំពុងដំណើរការដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ព្រែកជីកហ្វូណនតេជោ និងការពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ»។

ឯកឧត្តម ស៊ុន ចាន់ថុល បានលើកទឹកចិត្តដល់វិនិយោគិនឱ្យចាប់យកកាលានុវត្តវិនិយោគនៅក្នុងប្រទសកម្ពុជាឱ្យបានឆាប់រហ័ស។ តាមរយៈការគាំទ្រពីកំណែទម្រង់គោលនយោបាយ ការសម្រួលនីតិវិធី និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាព កម្ពុជាអាចផ្តល់ជូនវិនិយោគិននូវការចូលទៅកាន់ទីផ្សារពិភពលោក ដែលមានអ្នកប្រើប្រាស់រាប់ពាន់លាននាក់។

ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ដើម្បីកៀរគរទុនសម្រាប់វិនិយោគលើគម្រោងទាំងនេះ រាជរដ្ឋាភិបាលត្រូវការយុទ្ធសាស្ត្រកៀរគរទុនចម្រុះ ដូចជា ទី១) ប្រើប្រាស់ចំណែកនៃថវិកាជាតិសម្រាប់គម្រោងអាទិភាពខ្ពស់ និងសម្រាប់ការចំណាយរដ្ឋបាលផ្សេងៗ ទី២) បន្តស្នើសុំជំនួយឥណទានសម្បទាន ឬហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍អន្តរជាតិដូចជា ធនាគារពិភពលោក (World Bank), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD), និងប្រទេសជាមិត្ត។ ទី៣) យុទ្ធសាស្ត្រសំខាន់គឺការទាក់ទាញ វិស័យឯកជន តាមរយៈទម្រង់ ភាពជាដៃគូសាធារណៈ-ឯកជន (Public-Private Partnerships – PPP) ឬ សាងសង់-ប្រតិបត្តិការ-ផ្ទេរ (Build-Operate-Transfer – BOT)។ នេះគឺអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់ និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ (ដូចជាកំពង់ផែ) ក្នុងរយៈពេលកំណត់ណាមួយ។ ដោយឡែក ទី៤) គឺការកៀរគរទុនក្នុងស្រុក និងបរទេស  ដោយរៀបចំវេទិកា ឬកិច្ចប្រជុំវិនិយោគ ដើម្បីបង្ហាញពីសក្ដានុពល និងឱកាសវិនិយោគក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹកដល់វិនិយោគិនក្នុងស្រុក និងបរទេស។

សេដ្ឋកិច្ចវិទូកម្ពុជា លោក ឌុច ដារិន្ទ  បានថ្លែងប្រាប់ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបានធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងនូវកម្រិតជីវភាពរស់នៅសម្រាប់ប្រជាជនកម្ពុជា។

លោក ឌុច ដារិន្ទ  បានពន្យល់ថា ៖

«ផ្លូវថ្នល់ ផ្លូវដែក និងស្ពានទំនើបៗធ្វើឱ្យការធ្វើដំណើរកាន់តែងាយស្រួល សន្សំសំចៃពេលវេលា និងកាត់បន្ថយថ្លៃដឹកជញ្ជូន ពោលគឺហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ ជួយកាត់បន្ថយពេលវេលា និងការចំណាយលើការដឹកជញ្ជូន ដែលអនុញ្ញាតឱ្យអាជីវកម្មដឹកជញ្ជូនទំនិញទៅកាន់ក្នុងស្រុក និងអន្តរជាតិកាន់តែមានប្រសិទ្ធភាព។ ការណ៍នេះជួយជំរុញដល់កំណើនសេដ្ឋកិច្ច»។

សេដ្ឋកិច្ចវិទូរូបនេះ បានថ្លែងថា តាមរយៈការជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន កម្ពុជាអាចពង្រឹងការធ្វើសមាហរណកម្មរបស់ខ្លួនជាមួយអាស៊ាន និងខ្សែសង្វាក់ផ្គត់ផ្គង់សកល ដោយជំរុញការប្រកួតប្រជែងក្នុងតំបន់ និងអន្តរជាតិ ជាពិសេស ការតភ្ជាប់តំបន់ជនបទទៅកាន់តំបន់ប្រជុំ ជួយឱ្យកសិករ និងអាជីវកម្មតូចៗចូលទៅដល់ទីផ្សារបានកាន់តែងាយស្រួល។

លោកបានបន្តថា ថវិការបស់កម្ពុជាសម្រាប់វិស័យដឹកជញ្ជូន មានប្រភពមកពីថវិការបស់រដ្ឋាភិបាលផ្តោតលើកម្មវិធីវិនិយោគអាទិភាព ការចូលរួមវិភាគទានពីដៃគូអភិវឌ្ឍន៍ និងការចូលរួមភាពជាដៃគូរវាងរដ្ឋ និងឯកជន។

លោក ឌុច ដារិន្ទ បានឱ្យដឹងដូច្នេះថា៖

«នៅពេលអនាគត ខ្ញុំជឿថា កម្ពុជាក៏អាចពិចារណាចេញមូលបត្របំណុលហេដ្ឋារចនាសម្ព័ន្ធ ដើម្បីកៀរគរធនធាន សម្រាប់អភិវឌ្ឍគម្រោងហេដ្ឋរចនាសម្ព័ន្ធធំៗផងដែរ ដូចប្រទេសដូចជា ឈីលី និងសហរដ្ឋអាមេរិក ដែលបានចេញមូលបត្របំណុលដោយជោគជ័យ ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងទ្រង់ទ្រាយធំ ដូចជាផ្លូវហាយវេ ដោយទាញយកអត្ថប្រយោជន៍ពីហិរញ្ញប្បទានដែលមានអត្រាការប្រាក់ទាប»៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​-​ចិន ​ចុះ​ហត្ថលេខា​ហិរញ្ញប្បទាន​ជិត ​​១ ពាន់​លាន​ដុល្លារ​ ​សម្រាប់​គម្រោង​ហ្វូណនតេជោ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

​កម្ពុជា​ ​និង​ចិន​ បាន​ឈាន​ដល់​សមិទ្ធផល​ថ្មី​មួយ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ហិរញ្ញវត្ថុ​ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ ​បន្ទាប់ពី​ធនាគារ​ ​China ​Exim ​Bank ​និង​ក្រុមហ៊ុន​ហ្វូណនតេជោ​ ​ខូសថល​-​អ៊ីនឡេន វ័រ​ធើ​វេយ ​ឯ​.​ក ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​មាន​តម្លៃ​ជិត​ ​១ ពាន់​លាន​ដុល្លារ​ ​សម្រាប់​គម្រោង​គ្រប់គ្រង​ធនធាន​ទឹក​ចម្រុះហ្វូណនតេជោ​។ ពិធី​ចុះ​ហត្ថលេខា​នេះ​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​ទី​៩ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ក្នុង​ព្រឹត្តិការណ៍​សហប្រតិបត្តិ​ការ​វិនិយោគ​អន្តរជាតិ​

ប្រាក់ចំណេញ​របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ​បន្ត​កើនឡើង​ខ្ពស់​ក្នុ​ងត្រីមាសទី២ ឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

ភ្នំពេញ ៖ ក្នុងត្រីមាស​ទី២ ឆ្នាំ២០២៦​នេះ អាជីវកម្ម​របស់កំពង់ផែស្វយ័តក្រុង​ព្រះសីហនុ នៅតែមានភាពប្រសើរ​ទោះបីជាមានផលរំខានពីកត្តា​ខាងក្រៅមួយចំនួនក្តី ជាក់ស្ដែង ​ប្រាក់ចំណូល​របស់កំពង់​ផែស្វយ័តក្រុងព្រះសីហនុ​ ក្នុងត្រីមាសទី២ឆ្នាំនេះ សម្រេច​បានចំនួន​ជាង​ ២០០ពាន់​លានរៀល​ ឬប្រមាណជាង ​៥០លាន​ដុល្លារអាម៉េរិក​​ ។ នេះបើតាមរបាយការណ៍របស់​កំពង់ផែស្វយ័តក្រុងព្រះសីហនុ​ចេញផ្សាយប្រចាំត្រីមាស​ ។ យោងតាមរបាយការណ៍ដដែលនេះបានឱ្យដឹងថា បរិមាណ​កុងតឺន័រ​ឆ្លងកាត់​កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ​នៅក្នុង​ត្រីមាសទី២ ឆ្នាំ ២០២៦​

អបអរសាទរ ! កម្ពុជា ជាប់ចំណាត់ថ្នាក់ទី១ នៅអាស៊ី-អាគ្នេយ៍ ជា «ដែនដីមាសនៃអេកូទេសចរណ៍» និងជាជំហានថ្មីនៃការប្រកួតប្រជែងសេដ្ឋកិច្ចបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

ភ្នំពេញ៖ ជាមោទនភាព កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ នៅតំបន់អាស៊ី-អាគ្នេយ៍ និងលេខ១៧ នៅលើពិភពលោក ក្នុងនាមជាប្រទេសល្អបំផុតសម្រាប់ «អេកូទេសចរណ៍» (Eco-tourism) ពីស្ថាប័នអន្តរជាតិ U.S. News & World Report ដែលមិនត្រឹមតែជាមោទនភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែជាសូចនាករសេដ្ឋកិច្ចដ៏សំខាន់ ឆ្លុះបញ្ចាំងពីសក្តានុពល និងការផ្លាស់ប្តូរទម្រង់នៃឧស្សាហកម្មទេសចរណ៍កម្ពុជា

អាម៉េរិក ដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាកាសចរណ៍អុីរ៉ង់ និងភ្នាក់ងារផ្តល់សេវាកម្មទាំងអស់ ដើម្បីបន្ថែមសម្ពាធសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ដែលនៅសេសសល់ទាំងអស់ដើម្បីជំរុញសម្ពាធសេដ្ឋកិច្ចប្រឆាំងនឹងទីក្រុងតេអេរ៉ង់បន្ថែមទៀត

មន្ត្រីជាន់ខ្ពស់​កម្ពុជា​​បង្ហាញគោល​ការណ៍គ្រឹះចំនួន​ ៣ ដល់​វិនិយោ​គិន​ចិន សម្រាប់​បង្កើត​បរិយាកាស​វិនិយោគនៅកម្ពុជា ​ប្រកប​ដោយ​ចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

ភ្នំពេញ ៖ ឯក​ឧត្តម ឧបនាយក​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុល អនុប្រធាន​ទី១ ក្រុមប្រឹក្សាអភិវឌ្ឍ​ន៍កម្ពុជា ​បានបង្ហាញ​គោលការណ៍គ្រឹះចំនួន​៣ ដល់​វិនិយោគិន​ចិន និងវិនិយោគិនអន្តរជាតិផ្សេងទៀត​ សម្រាប់​បង្កើតបរិយាកាស​វិនិយោគ​ប្រកបដោយចីរភាពនៅកម្ពុជា។​ ការ​បង្ហាញ​នូវគោលការណ៍គ្រឹះរបស់មន្ត្រី​ជាន់ខ្ពស់ និងមានប្រជាប្រិយភាពរូបនេះ ​បានធ្វើឡើង​នៅក្នុងអំឡុងពេល​លោកអញ្ជើញចូលរួមវេទិកា​កូលាំងយូ ២០២៦ នាទីក្រុង​សៀមិន ប្រទេស​ចិន នៅដើមសប្ដាហ៍នេះ​។ បើតាមឯកឧត្តម​

សមាជិក CREFA បញ្ចេញឥណទានបៃតងប្រមាណ ៣៩ លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/09/2026

គ្រឹះស្ថានហិរញ្ញវត្ថុដែលជាសមាជិកនៃគម្រោង Climate Resilience For All (CREFA) បានបញ្ចេញឥណទានបៃតងសរុបប្រមាណ ៣៩ លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៦ ដោយផ្តល់ផលជះដល់អតិថិជន និងគ្រួសាររបស់ពួកគេប្រមាណ ៣ ម៉ឺននាក់នៅទូទាំងប្រទេស

ចិន​ប្រមូល​ទិញ​មាស​ជាង​​ ២០ តោន​ក្នុង​ខែ​សីហា ​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

ធនាគារ​កណ្តាល​ចិន​បានប្រមូល​ទិញ​មាស​បន្ថែម​ចំនួន​ ​២០​,​២ តោន ​ចូល​ក្នុង​ទុន​បម្រុង​របស់​ខ្លួន​កាលពី​ខែ​សីហា ​ដែល​ជា​កម្រិត​ទិញ​ប្រចាំ​ខែ​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ

ប្លុក​ ​BRI​CS ​ជំរុញ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​ឆ្លង​ដែន ​គោល​ដៅ​កាត់ផ្តាច់​ពី​ដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/09/2026

ប្លុក​ ​BRI​CS ​កំពុង​បន្ត​ស្វែងរក​ការ​អភិវឌ្ឍ​បណ្ដាញ​ហិរញ្ញវត្ថុ​ទាំង​សាច់​ប្រាក់​ ​និង​ឌីជីថល​ដែល​អាច​តភ្ជាប់​គ្នា​ ​ដើម្បី​សម្រួល​ពាណិជ្ជកម្ម ​និង​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​ប្រាក់​ដុល្លារ​អាម៉េរិក​

កម្ពុជា​រក​ចំណូល​បាន​ជាង ​​១០០ លាន​ដុល្លារ ពី​ការ​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន​ ១៧៧​,​៧០០​ តោន​ទៅកាន់​ប្រទេស​ចិន ​ក្នុង​រយៈពេល​ ៨ ​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៦ ​កើនឡើង​ ៥២​.​៧ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២៥ ​និង​រក​ចំណូល​បាន​ប្រមាណ​ ​១០៥​ ​លាន​ដុល្លារ​

ចិន ប្រកាសចាត់វិធានការប្រឆាំងការបង្ខូចតម្លៃលើសារធាតុផលិតឈីបមួយប្រភេទនាំចូលពីជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ចិនប្រកាសចាត់វិធានការប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលសារធាតុគីមីមួយប្រភេទពីប្រទេសជប៉ុន ដែលប្រើប្រាស់ក្នុងការផលិតបន្ទះឈីប


Leave a Reply

Your email address will not be published.Required fields are marked *