ភ្នំពេញ ៖ អន្ទង់បង្កក និងកំពឹសទឹកសាបបង្កក ដែលជាផលិតផលជលផលធម្មជាតិពីប្រជានេសាទខ្មែរបានត្រូវអនុញ្ញាតនាំចេញទៅប្រទេសចិនជាលើកដំបូង បន្ទាប់ពីមានការយល់ព្រមពីគយចិន។
លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ការនាំចេញផលិតផលជលផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិនជាលើកដំបូងនេះ ធ្វើឡើងដោយក្រុមហ៊ុន Kim Chou Co., Ltd Import Export and International Transportation ។ ផលិតផលជលផលដែលនាំចេញមាន២ប្រភេទ គឺ អន្ទង់បង្កក និងកំពឹសទឹកសាបបង្កក ក្នុងបរិមាណសរុប ១០ តោន។

លោកជំទាវ អ៊ឹម រចនា បានសម្ដែងការអបអរសាទរ និងថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនដែលបានប្រមូលទិញផលិតផលជលផលធម្មជាតិពីប្រជានេសាទខ្មែររហូតសម្រេចបានការនាំចេញផលិតផលជលផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិនជាលើកដំបូងនាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។ ការនាំចេញលើកដំបូងនេះ គឺជាជោគជ័យមួយជំហាន និងនៅមានការងារច្រើនទៀតដែលត្រូវធ្វើ។ ការងារអាទិភាពដំបូង គឺធ្វើយ៉ាងណារក្សានូវគុណភាពស្របតាមស្តង់ដារអនាម័យ និងភូតគាមអនាម័យកំណត់ដោយរដ្ឋបាលគយចិន ដើម្បីធានាឲ្យបានថា ផលិតផលជលផលរបស់ខ្មែរនៅតែអាចនាំចូលទៅកាន់ទីផ្សារប្រទេសចិនបាន។ ចំណែកការងារបន្ទាប់ គឺជំរុញឲ្យផលិតផលជលផលរបស់ខ្មែរមានគុណភាពកាន់តែខ្ពស់ មានសោភ័ណភាពកាន់តែល្អ មានសុវត្ថិភាព និងមានរសជាតិកាន់តែឆ្ងាញ់ ក្នុងគោលដៅពង្រឹង និងពង្រីកតម្រូវការរបស់អតិថិជននៅលើទីផ្សារប្រទេសចិន។

លោកជំទាវបានបន្តថា នៅពេលដែលសេចក្ដីត្រូវការនៅទីផ្សារចិនកើនឡើង ការនាំចេញផលិតផលជលផលពីកម្ពុជាទៅកាន់ប្រទេសចិននឹងមានកំណើន។ ចំណែកវារីវប្បករ អ្នកចិញ្ចឹមត្រីនៅស្រុកខ្មែរ នឹងមានការងារធ្វើកាន់តែច្រើន។
ជាមួយគ្នានេះ លោកជំទាវ អ៊ឹម រចនា ក៏បានបង្ហាញពីក្តីសង្ឃឹមថា តាមរយៈកិច្ចជំរុញការនាំចេញផលិតផលជលផលខ្មែរទៅកាន់ទីផ្សារប្រទេសចិននេះ នឹងអាចជួយបង្កើនជីវភាពបងប្អូនវារីវប្បករនៅកម្ពុជាបានកាន់តែល្អប្រសើរ និងរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ៕




វិថីហិរញ្ញវត្ថុ


































































Account
Security
Favourite Content