ភ្នំពេញ៖ បច្ចុប្បន្ន កម្ពុជាមានរោងចក្រដំឡើងរថយន្តចំនួន៩ ដែលក្នុងនោះស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៦ និងនៅខាងក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៣។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។

សម្តេចបានមានប្រសាន៍ថា៖
«មាន Robo មានគ្រឿងបច្ចេកទេសទំនើប ហើយបញ្ជារដោយកូនខ្មែររាប់ពាន់នាក់បើបូករោងចក្រទាំង៩ ហើយនេះគឺជាសមត្ថភាពជាក់ស្តែងដែលកម្ពុជាពីមុនធ្លាប់តែនាំចូល ឥឡូវនេះកម្ពុជាមានសមត្ថភាពទៅដល់ផលិតរថយន្តនៅក្នុងប្រទេសដើម្បីបម្រើទីផ្សារខាងក្នុង ខណៈថ្ងៃទៅខាងមុខអាចមានលទ្ធភាពផ្គុំនាំចេញរថយន្ត ព្រមទាំងបិទស្លាក Made in Cambodia ថែមទៀតផង»។
សម្ដេចធិបតី បានថ្លែងថា ពេលនេះរាជរដ្ឋាភិបាលកំពុងតែដាក់ទិសដៅរៀបចំគោលនយោបាយដើម្បីលើកទឹកចិត្តអ្នកដែលមកផលិតគ្រឿងបង្គំឱ្យបានច្រើននៅកម្ពុជា កម្ពុជាមិនមែនគ្រាន់តែជាប្រទេសដែលប្រមូលទិញគ្រឿងបង្គុំមកពីក្រៅដើម្បីផលិតនាំចេញទេ ប៉ុន្តែផលិតឱ្យបានកាន់តែច្រើនជាអតិបរមានៅកម្ពុជា។
គួរកត់សម្គាល់ថា ខេត្តពោធិ៍សាត់ បានក្លាយទៅជាតំបន់សក្តានុពលខាងផ្នែកឧស្សាហកម្ម ពាណិជ្ជកម្មមួយយ៉ាងសំខាន់ ដោយផលនៃការបង្កើតរោងចក្រ សហគ្រាស ដែលបានចាប់ផ្តើមតាំងតែពីអត់ទាន់មានតំបន់សេដ្ឋកិច្ចពិសេសទៅជាមានតំបន់សេដ្ឋកិច្ចពិសេស តាំងពីរោងចក្រ សហគ្រាសប្រមាណ ៣០០ទីតាំង កាលពី៣ឆ្នាំមុន មកដល់ជាង ៤០០រោងចក្រ សហគ្រាសនាពេលបច្ចុប្បន្ន ហើយបានផ្តល់ការងារនៅហ្នឹងកន្លែងជូនពលរដ្ឋរាប់ម៉ឺននាក់៕







វិថីហិរញ្ញវត្ថុ


































































Account
Security
Favourite Content