ភ្នំពេញ ៖ គិតចាប់តាំងតែពីឆ្នាំ២០១៥មក កម្ពុជាបានដំណើរការអភិវឌ្ឍយ៉ាងឆាប់រហ័សពីប្រទេសមានចំណូល មធ្យមកម្រិតទាបឆ្ពោះក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ខាងមុខនេះ។
ការព្យាករណ៍ស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជាដែលត្រូវបានធ្វើឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានាឱកាសក្នុងការចូលរួមពិធីប្រកាសដាក់ឲ្យប្រើប្រាស់ឲ្យអនុវត្តដំណាក់កាលទី៤ស្តីអំពី ៖ គណនេយ្យភាពសមិទ្ធកម្មនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។
សម្តេចមានប្រសាសថា ៖ ក្នុងរយៈពេលប្រមាណ ២០ ឆ្នាំកន្លងទៅនេះ បានបង្កើតសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើននៅកម្ពុជា ទាំងសមិទ្ធផលក្នុងការកែលម្អអភិបាលកិច្ចនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងទាំងសមិទ្ធផលក្នុងទិដ្ឋភាពនៃការរីកចម្រើនផ្នែកសង្គម- សេដ្ឋកិច្ចរបស់កម្ពុជា ។
តួលេខបានបង្ហាញថាកាលពីឆ្នាំ២០០៣ ចំណូល ថវិកាជាតិសរុប មានប្រមាណតែ ១ ៨២១ ប៊ីលាន រៀលប៉ុណ្ណោះ រីឯចំណាយថវិកាជាតិមានប្រមាណ ២ ៩៩៤ ប៊ីលានរៀល ។ រយៈពេល ២០ ឆ្នាំក្រោយ ចំណូលថវិកាជាតិ ក្នុងឆ្នាំ ២០២៣ ត្រូវបានប៉ាន់ស្មានថា នឹងមានរហូតដល់ ៣២ ៩៣៦ ប៊ីលានរៀល ឯណោះ រីឯចំណាយថវិកាជាតិសរុបមានប្រមាណ ៤១ ៥៣៧ ប៊ីលានរៀល ។
សម្តេចបានបង្ហាញនូវទំនុកចិត្តថា៖សូចនាករសមិទ្ធកម្មដ៏ល្អប្រសើរនេះ គឺជាឃ្នាស់សេដ្ឋកិច្ចដ៏សំខាន់បំផុតមួយ ដែលធ្វើឱ្យកម្ពុជាទទួលបាន កំណើន និងបន្តស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ រហូតដល់សម្រេចបាននូវចំណាត់ថ្នាក់ជាប្រទេសមានចំណូល មធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងកំពុងបោះជំហានប្រកបដោយភាពជឿជាក់ ទៅកាន់ឋានៈជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូល កម្រិតខ្ពស់នៅឆ្នាំ២០៥០ ៕